លោកអនុប្រធានប្រចាំការរដ្ឋសភាវៀតណាម បានសម្តែងនូវសេចក្តីរីករាយដោយបានជួបអគ្គលេខាធិការព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា លោកបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងលោក Bui Van Cuong អគ្គលេខាធិការរដ្ឋសភានិងជាប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម និងលោក អ៊ុំ សារិទ្ធ អគ្គលេខាធិការព្រឹទ្ធសភាកម្ពុជានៅព្រឹកថ្ងៃដដែល។ អនុប្រធានប្រចាំការរដ្ឋសភាវៀតណាម សង្ឃឹមថា ភាគីទាំងពីរនឹងបន្តបង្កើនការផ្លាស់ប្តូរជំនាញ និងបទពិសោធន៍ប្រតិបត្តិការ។

leftcenterrightdel
លោក Tran Thanh Man អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម ទទួលជួបលោក អ៊ុំ សារិទ្ធ អគ្គលេខាធិការព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា

លោក Tran Thanh Man បានអះអាងថា៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្ដល់អាទិភាពពង្រឹងទំនាក់ទំនងជាមួយកម្ពុជាដើម្បីផលប្រយោជន៍របស់ប្រជាជនទាំងពីរ; លោក Tran Thanh Man មានការរីករាយដោយបានឃើញថា ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរតែងតែរក្សាបាននូវសន្ទុះអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព។ រដ្ឋសភាវៀតណាមនឹងខិតខំប្រឹងប្រែងរួមគ្នាជាមួយព្រឹទ្ធសភាកម្ពុជា ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធន៍លើមុខជំនាញ ព្រមទាំងសង្ឃឹមថា ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរនឹងបន្តរួបរួមគ្នា និងគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាអន្តរជាតិ។

លោក អ៊ុំ សារិទ្ធ អគ្គលេខាធិការព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ មិត្តភាពដ៏ល្អរវាងប្រទេសទាំងពីរ ក៏ដូចជារវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ លោក អ៊ុំ សារិទ្ធ បានថ្លែងអំណរគុណវៀតណាមដែលបានចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍ដែលរៀបចំដោយកម្ពុជាដូចជា៖ កិច្ចប្រជុំកំពូលអាស៊ាន មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ព្រមទាំងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាមដែលតែងតែជួយគាំទ្រប្រទេសកម្ពុជាពីមុនមក។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប 

លោក អ៊ុំ សារិទ្ធ បានសង្កត់ធ្ងន់ថា ប្រជាជនកម្ពុជាមិនដែលភ្លេច និងដឹងគុណជានិច្ចចំពោះកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានជួយកម្ពុជា​ផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។ លោក អ៊ុំ សារិទ្ធ មានបំណងចង់ឲ្យរដ្ឋសភា រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរបន្តរឹតបន្ដឹងទំនាក់ទំនងសាមគ្គីភាព និងជួយគ្នាទៅវិញទៅមកនាពេលខាងមុខ៕

បកប្រែដោយ Thanh Cong