ពូនជ្រំទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា
កប.អនឡាញ - នារសៀលថ្ងៃទី១ ខែកុម្ភៈ លោក Nguyen Van Nen សមាជិកការិយាល័យនយោបាយ និងជាលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានអញ្ជើញទទួលជួបលោក សុខ ដារ៉េត អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ មកជំរាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម។
ក្នុងជំនួបនេះ លោក Nguyen Van Nen បានវាយតំលៃខ្ពស់ចំពោះអាណត្តិបេសកកម្មរបស់លោក សុខ ដារ៉េត អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា រវាងទីក្រុងហូជីមិញ និងបណ្តាមូលដ្ឋានរបស់កម្ពុជា។ លោក Nguyen Van Nen បានសំដែងនូវជំនឿថា ក្នុងឋានៈថ្មីរបស់ខ្លួន លោក សុខ ដារ៉េត នឹងបន្តពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរ រួមទាំងទំនាក់ទំនងរវាងទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ ជាមួយនឹងមូលដ្ឋានផ្សេងៗទៀតនៃប្រទេសកម្ពុជា។
    |
 |
លោក Nguyen Van Nen អញ្ជើញទទួលជួបលោក សុខ ដារ៉េត (រូបថត៖ sggp.org.vn) |
លោកលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា ប្រវត្តិនៃទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា បានផ្សារភ្ជាប់ជាមួយនឹងសមិទ្ធផលទាំងឡាយ ក៏ដូចជាការលះបង់ក្នុងសង្គ្រាមការពារប្រទេស ប្រឆាំងនឹងសត្រូវរួម។ ព្រោះហេតុនោះ យុវជនជំនាន់ក្រោយត្រូវមានទំនួលខុសត្រូវក្នុងការថែរក្សា និងពូនជ្រំទំនាក់ទំនងនេះឲ្យកាន់តែនិរន្តរភាព។
យោងតាមលោក Nguyen Van Nen ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃប្រទេសទាំងពីរនឹងបន្តធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តគោលការណ៍ និងគោលនយោបាយរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដើម្បីជម្រុញឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរឡើងកម្រិតថ្មី។ លោក Nguyen Van Nen បានអះអាងថា ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីធ្វើអស់ពីសមត្ថភាពជំរុញទំនាក់ទំនងរបស់ប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនថែមទៀត។
លោក សុខ ដារ៉េត បានឲ្យដឹងថា ដោយមានជំនួយ និងការបង្កើតលក្ខខណ្ឌអំណោយផលដែលថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម ក៏ដូចជាថ្នាក់ដឹកនាំ និងប្រជាជនទីក្រុងហូជីមិញ ស្ថានអគ្គកុងស៊ុលកម្ពុជា និងលោកអគ្គកុងស៊ុល បានបំពេញល្អគ្រប់ភារកិច្ច។ ការជួយគាំទ្រនេះរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោក សុខ ដារ៉េត រំពឹងថា វៀតណាមនិយាយរួម និងទីក្រុងហូជីមិញនិយាយដោយឡែក បន្តជំរុញការវិនិយោគនៅកម្ពុជា ចូលរួមចំណែកក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា៕
បកប្រែដោយ Thuy Anh