នគរបាលខេត្ត Binh Thuan ផ្លាស់ប្តូរបទពិសោធន៍ជាមួយមន្ត្រីនៃក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា
កប.អនឡាញ - នាពេលថ្មីៗនេះ នគរបាលខេត្ត Binh Thuan ប្រទេសវៀតណាម បានសហការជាមួយអនុមហាវិទ្យាល័យនគរបាលប្រជាជនលេខ២ រៀបចំកិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍ជាមួយនឹងថ្នាក់បំប៉នជំនាញគ្រប់គ្រងសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ សម្រាប់មន្រ្តីនៃក្រសួងមហាផ្ទៃ ព្រះរាជាណាចក្រកម្ពុជាដែលកំពុងសិក្សានៅសាលា។
ក្នុងកិច្ចប្រជុំនេះ ដោយទទួលការផ្ទេរសិទ្ធិពីថ្នាក់ដឹកនាំនគរបាលខេត្ត អង្គភាពមានសមត្ថកិច្ចនៃនគរបាលខេត្ត បានសង្ខេបអំពីស្ថានភាពក្នុងខេត្ត Binh Thuan និងផ្លាស់ប្តូរបទពិសោធន៍មួយចំនួនក្នុងការគ្រប់គ្រងរដ្ឋខាងសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ ការត្រួតពិនិត្យ ដោះស្រាយការបំពានច្បាប់ចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ក្នុងមូលដ្ឋាន។
|
|
ប្រតិភូចូលរួមកិច្ចប្រជុំ (រូបថត៖ baobinhthuan.com.vn) |
បន្ទាប់ពីកិច្ចប្រជុំ គណៈប្រតិភូកម្ពុជាបានអញ្ជើញទៅទស្សនាទីស្នាក់ការនៃករិយាល័យនគរបាលចរាចរណ៍ នៃនគរបាលខេត្ត Binh Thuan។ នៅទីនេះ គណៈប្រតិភូត្រូវបានណែនាំអំពីប្រតិបត្តិការរបស់ការិយាល័យ ព្រមទាំងទៅទស្សនាប្រព័ន្ធត្រួតពិនិត្យ និងដោះស្រាយការបំពានលើច្បាប់ស្ដីពីសុវត្ថិភាព និងសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ក៏ដូចជាមជ្ឈមណ្ឌលត្រួតពិនិត្យចរាចរណ៍នៅមូលដ្ឋាន។
សកម្មភាពនេះមិនត្រឹមតែបង្កើតឱកាសផ្លាស់ប្តូរជំនាញប៉ុណ្ណោះទេ ថែមទាំងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាទំនាក់ទំនងសាមគ្គីភាពរវាងវៀតណាម និងកម្ពុជា រួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ៕
បកប្រែដោយ Thuy Anh