នេះជាឱកាសសម្រាប់ប្រជាជននៃប្រទេសទាំងពីររំលឹកឡើងវិញនូវប្រវត្តិសាស្ដ្រចំណងសាមគ្គីភាព ស្អិតរមួត “ប្រកៀកស្មាគ្នា” ក្នុងគ្រាក្រីក្រ និងទុក្ខលំបាក ក៏ដូចជាក្នុងសន្តិភាពនិងការអភិវឌ្ឍន៍។
ឆ្លងកាត់ការចុះឡើងនៃប្រវត្ដិសាស្ដ្រ និងការវិវឌ្ឍន៍នៃសម័យកាល ទំនាក់ទំនងជាប្រពៃណីរវាងវៀតណាម និងកម្ពុជា កាន់តែជិតស្និទ្ធ និងស្ថិតស្ថេរយូរអង្វែង ដោយការលះបង់សាច់ស្រស់ ឈាមស្រស់របស់យុទ្ធជនពលីរាប់មិនអស់ ក៏ដូចជាការតស៊ូរបស់ប្រជាជនជាច្រើនជំនាន់នៃប្រទេសទាំងពីរ ហើយបានក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរវាងវៀតណាម និងកម្ពុជា។ អាចនិយាយបានថា ៤៦ ឆ្នាំកន្លងទៅនេះ មិនមែនជារយៈពេលវែងទេ បើធៀបនឹងប្រវត្តិសាស្ត្រដ៏យូរលង់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ប៉ុន្តែវាគឺជាដំណាក់កាលដែលមានអត្ថន័យពិសេសបំផុត។
ជាមួយនឹងជ័យជម្នះជាប្រវត្តិសាស្ត្រនៅនិទាឃរដូវឆ្នាំ ១៩៧៥ ប្រជាជនវៀតណាម និងកម្ពុជា មានសេចក្ដីប្រាថ្នារស់នៅដោយសន្តិភាព ស្ដារនិងអភិវឌ្ឍន៍ប្រទេសបន្ទាប់ពីប៉ុន្មានឆ្នាំឆ្លងកាត់សង្គ្រាមជាច្រើនឆ្នាំដែលពោរពេញដោយការទុក្ខលំបាក ការបាត់បង់ ការលះបង់ និងពលីជីវិត។ ជាអកុសលក្រោយឡើងកាន់អំណាចនៅខែមេសា ឆ្នាំ ១៩៧៥ ប៉ុល ពត បានឆ្លៀតយកសមិទ្ធិផលនៃបដិវត្តន៍ដើម្បីក្បត់ប្រជាជនកម្ពុជា ក៏ដូចជាជាន់ឈ្លីលើគុណតម្លៃល្អនៃទំនាក់ទំនងអ្នកជិតខាងល្អរវាងប្រជាជាតិទាំងពីរ។
|
|
កងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម សម្រុកចូលរំដោះរាជធានីភ្នំពេញកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ (រូបថតឯកសារ) |
ពួក ប៉ុល ពត បានប្រែក្លាយប្រទេសកម្ពុជាទាំងមូលទៅជា “សូន្យ”៖ គ្មានសេរីភាពក្នុងការធ្វើដំណើរ គ្មានសេរីភាពក្នុងការជួបប្រជុំ គ្មានសេរីភាពក្នុងការបញ្ចេញមតិ គ្មានសេរីភាពនៃជំនឿ គ្មានសេរីភាពក្នុងការសិក្សា គ្មានសេរីភាពអាពាហ៍ពិពាហ៍ គ្មានការចាយលុយ គ្មានការជួញដូរ... កាលនោះ កម្ពុជាមិនខុសពីគុក នរកនោះទេ។ ក្នុងរយៈពេលត្រឹមតែ ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃប៉ុណ្ណោះ ពួក ប៉ុល ពត បានប្រព្រឹត្តបទឧក្រិដ្ឋ ដោយកាប់សម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់ជាង ៣ លាននាក់។ ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ត្រូវបានបំផ្លាញទាំងស្រុង ប្រជាជាតិកម្ពុជាប្រឈមមុខនឹងការប្រល័យពូជសាសន៍ដ៏អាក្រក់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។
ឆ្លើយតបនឹងការអំពាវនាវជាបន្ទាន់របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងផ្តើមចេញពីប្រពៃណីនៃសាមគ្គីភាព ទំនាក់ទំនងជិតស្និទ្ធ និងការជួយគ្នាទៅវិញទៅមករវាងប្រជាជាតិទាំងពីរ បន្ទាប់ពីទទួលបានជ័យជំនះលើពួក ប៉ុល ពត ក្នុងសង្រ្គាមឈ្លានពាននៅព្រំដែនភាគនិរតីប្រទេសវៀតណាម វៀតណាមបានបញ្ជូនកងស្ម័គ្រចិត្តទៅ "ប្រកៀកស្មាគ្នា" មិនថា ពលីជីវិតក៏ដោយ រួមជាមួយនឹងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ និងប្រជាជនកម្ពុជាដើម្បីប្រយុទ្ធ ជួយកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងនាំមកនូវជ័យជម្នះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
ជ័យជម្នះជាប្រវត្តិសាស្ត្រនេះ គឺជាជ័យជម្នះរួមរបស់ប្រជាជាតិទាំងពីរ ដោយបិទទំព័រដ៏ខ្មៅងងឹតបំផុតនៃប្រវត្តិសាស្ត្រកម្ពុជា ធ្វើឲ្យប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ និងឈានចូលសករាជ្យ ឯករាជ្យ និងសេរីភាព។ កាសែតខ្មែរថាមស៍ដកស្រង់សម្តី សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា ថ្ងៃជ័យជំនះ ៧ មករា ជាថ្ងៃកំណើតទីពីររបស់ប្រជាជនកម្ពុជាគ្រប់រូប ហើយការដែលវៀតណាមបានបញ្ជូនកងទ័ពស្ម័គ្រចិត្ដមកជួយសង្គ្រោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ត្រូវបាន “ប្រវត្ដិសាស្ដ្រចងចាំជានិច្ច”។ យើងអាចសួរថា ក្នុងពិភពលោកនេះ មានប្រទេសណាមួយជួយប្រជាជនកម្ពុជា ជាពិសេសរំដោះប្រទេសកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទប់ស្កាត់ការវិលត្រឡប់មកវិញរបស់ពួកគេ? ចម្លើយគឺមានតែប្រជាជន និងកងទ័ពវៀតណាមនោះទេ។
ប្រជាជនកម្ពុជាមានជំនឿថា មានតែព្រះពុទ្ធទេ ទើបសង្គ្រោះអ្នកពេលជួបទុក្ខវេទនា។ ស្របពេលដែលប្រជាជនកម្ពុជាប្រឈមមុខការស្លាប់ និងមានត្រឹមតែលើកដៃសំពះព្រះពុទ្ធមកជួយសង្គ្រោះពួកគេ គឺកងទ័ពស្ម័គ្រចិត្តវៀតណាមបានបង្ហាញខ្លួន។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវតំបន់កេរ្ដិ៍ដំណែលប្រវត្តិសាស្ត្រនៃការបង្កើតអង្គភាពលេខ ១២៥ ធ្លាប់ជាកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជាមេបញ្ជាការ នៅខេត្ដ Dong Nai (វៀតណាម) ខែមករា ឆ្នាំ ២០១២។
បន្ទាប់ពីការកាត់ក្តីអស់ជាច្រើនឆ្នាំជាមួយនឹងឯកសារ និងភស្តុតាងរាប់រយពាន់ នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ តុលាការពិសេសសម្រាប់ការកាត់ទោសឧក្រិដ្ឋកម្មនៃរបប ប៉ុល ពត នៅកម្ពុជា ដែលក្រោមឧបត្ថម្ភដោយអង្គការសហប្រជាជាតិ បានកាត់សេចក្តីជាផ្លូវការថា អតីតមេដឹកនាំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងមនុស្សជាតិ។ សាលក្រមនេះបាននាំមកនូវយុត្តិធម៌ជូនជនរងគ្រោះស្លូតត្រង់ដែលត្រូវបានសម្លាប់ដោយក្រុមឧក្រិដ្ឋជនប្រល័យពូជសាសន៍ ប៉ុល ពត ហើយជាថ្មីម្តងទៀតបានបញ្ជាក់ពីការជួយយ៉ាងស្មោះស្ម័គ្ររបស់បក្ស រដ្ឋ ប្រជាជននិងកងទ័ពប្រជាជនវៀតណាមសម្រាប់កម្ពុជា។
|
|
ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានការអាឡោះអាល័យចំពោះកងទ័ពស្ម័គ្រចិត្តវៀតណាម ត្រឡប់មកមាតុប្រទេសវិញ |
ជាការពិត បន្ទាប់ពីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រួមជាមួយនឹងការទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ វៀតណាមបានបន្តប្រកៀកស្មាគ្នាដើម្បីជួយកម្ពុជាកសាងអាជ្ញាធរ មូលដ្ឋាន និងជួយកសាងហេដ្ឋរចនាសម្ព័ន្ធ និងស្តារសេដ្ឋកិច្ចឡើងវិញ។
ការពិតនេះ យោងតាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនោះ ឆ្នាំ ១៩៨៩ កងទ័ពស្ម័គ្រចិត្តវៀតណាមបានដកចេញពីប្រទេសកម្ពុជាហើយវិលត្រឡប់មកប្រទេសវិញដោយមោទនភាព និងដោយក្តីស្រលាញ់របស់ប្រជាជនប្រទេសនេះ។ កាសែតប្រជាជនកម្ពុជាបានចុះផ្សាយអត្ដបទមួយដែលបានលើកឡើងថា “ក្នុងអំឡុងឆ្នាំសោកនាដកម្មដ៏ក្រៀមក្រំក្រោមរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងពិភពលោកនេះ មានប្រទេសធំៗ និងអ្នកមានរាប់មិនអស់ ប៉ុន្ដែមានតែប្រទេសជិតខាងក្រីក្រវៀតណាមមកជួយសង្គ្រោះប្រជាជនយើងប៉ុណ្ណោះទេ”។
កាសែតប្រជាជនកម្ពុជា បន្ថែមថា យើងមានសេចក្តីសោមនស្សរីករាយដោយបានឃើញថា ដោយមានជំនួយពីបក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាម ក៏ដូចជាមិត្តអន្តរជាតិ ប្រទេសកម្ពុជាស្ទើរតែពីគំនរផេះផង់បានរស់ឡើងវិញ កម្លាំងបដិវត្តន៍ និងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍បានក្រោកឡើង អនុវត្ដបេសកកម្មការពារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើង។ បន្តមរតកប្រពៃណីសាមគ្គីភាព ក៏ដូចជាស្មារតីនៃជ័យជំនះ ៧ មករា ឆ្នាំ ១៩៧៩ វៀតណាម និងកម្ពុជាកំពុងអភិវឌ្ឍឥតឈប់ឈរនូវទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែង និងអភិវឌ្ឍន៍ឈានដល់កម្ពស់ថ្មី សក្តិសមចំពោះការរួមចំណែក និងការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន បំពេញតាមសេចក្តីប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជនទាំងពីរ រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយវិបុលភាពក្នុងតំបន់ និងជុំវិញពិភពលោក។
ប្រវត្តិសាស្ត្រមិនដែលបំភ្លេចបាន ហើយក៏គ្មាននរណាត្រូវបំភ្លេចដែរ។ ប៉ុន្មានឆ្នាំបានកន្លងផុតទៅ ប៉ុន្តែចំណងមិត្តភាពវៀតណាម-កម្ពុជា ត្រូវបានកសាងឡើងពីឈាមស្រស់ សាច់ស្រស់និងទឹកភ្នែកនៅតែដិតជាប់ក្នុងទឹកដី និងមេឃ។ ដូច្នេះ ជ័យជម្នះ ៧ មករា ១៩៧៩ នឹងស្ថិតស្ថេរជារៀងរហូត៕
បកប្រែដោយ Pham Diep