អញ្ជើញចូលរួមមានសម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី អនុប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សសរុបជាង ២ម៉ឺននាក់ ជួបជុំគ្នាប្រារព្ធពិធីអបអរសាទរខួប៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ "៧មករា" ដែលជាថ្ងៃដ៏វិសេសវិសាលសម្រាប់ប្រជាជនកម្ពុជា បានរួចជីវិតពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុលពត ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហានរបស់យុទ្ធជន និងយុទ្ធនារី ដឹកនាំរបស់ឥស្សរជននៃគណបក្សប្រជាជនកម្ពុជា។

leftcenterrightdel
សម្ដេចតេជោ ហ៊ុន សែន​ មានប្រសាសន៍ក្នុងពិធី (រូបថត៖ freshnewsasia.com)

មានប្រសាសន៍ក្នុងពិធីនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ថ្ងៃ៧ ខែមករា ឆ្នាំ២០២៥នេះ ជាគម្រប់ខួបលើកទី ៤៦ នៃទិវាជ័យជម្នះ៧មករា ជាប្រវត្តិសាស្ត្រដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឱ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការកាប់សម្លាប់នៃរបបដ៏សាហាវយង់ឃ្នងនេះ ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជាគឺឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

បន្ទាប់ពីជ័យជម្នះ ថ្ងៃ៧មករា ឆ្នាំ ១៩៧៩ គណបក្សប្រជាជនកម្ពុជាបានសាមគ្គីប្រជាជាតិទាំងមូល ដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូក សម្រេចបានជោគជ័យយ៉ាងធំធេងក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ ព្រមទាំងការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិ ធ្វើឱ្យប្រទេសជាតិបានចាកផុតពីស្ថានភាពដែលត្រូវបំផ្លាញខ្ទេចខ្ទីនិងសង្គ្រាមដ៏រ៉ាំរ៉ៃ ឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យ​ក្រោមម្លប់នៃសន្តិភាពប្រកបដោយមោទនភាពជាទីបំផុត។

leftcenterrightdel
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធី (រូបថត៖ freshnewsasia.com)

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងប្រារព្ធខួបនៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្រនេះឡើង ក្នុងស្មារតីចងចាំពុំអាចបំភ្លេចបាននូវមហាឧក្រិដ្ឋកម្មដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រព្រឹត្តមកលើប្រជាជន។ ព្រមជាមួយនេះយើងចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារីនៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាចលើសមរភូមិ ដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ និងការពារការរស់ឡើងវិញរបស់ប្រជាជន។ 

leftcenterrightdel
 
leftcenterrightdel
ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សសរុបជាង ២ម៉ឺននាក់ ​បានអញ្ជើញចូលរួមពិធី (រូបថត៖ freshnewsasia.com)

កាលពី ៤៦ ឆ្នាំមុន ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗរស់នៅក្រោមការបង្ខិតបង្ខំ អោយធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋត្រូវបានរបបព្រៃផ្សៃនេះ បំបិទមិនអោយមានឡើយ។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃ។ ទន្ទឹមនឹងនោះដែរ កម្ពុជាក៏មានកិត្យានុភាពនិងមុខមាត់សារជាថ្មីលើឆាកអន្តរជាតិ៕

បកប្រែដោយ Pham Diep