ថ្នាក់ដឹកនាំខេត្ត Tay Ninh ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅខេត្តព្រៃវែង
កប.អនឡាញ - នាព្រឹកថ្ងៃទី៥ ខែមេសា គណៈប្រតិភូនៃខេត្ត Tay Ninh ដឹកនាំដោយ លោក Pham Hung Thai លេខារងប្រចាំការគណៈកម្មាធិការបក្សខេត្ត បានអញ្ជើញចូលរួម និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ នៅខេត្តព្រៃវែង។
ថ្លែងក្នុងជំនួប លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានសម្តែងនូវកិត្តិយស និងថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់គណៈប្រតិភូខេត្ត Tay Ninh និង Long An ដែលបានមកទស្សនកិច្ច និងជូនពរឆ្នាំថ្មីនេះ។ ទន្ទឹមនឹងនោះ លោកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងខេត្តជាប់ព្រំដែននាពេលថ្មីៗនេះ ដើម្បីបន្តពង្រឹងទំនុកចិត្ត និងកសាងទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង”។
|
|
ថ្នាក់ដឹកនាំខេត្តចំនួនបី៖ Tay Ninh, Long An និងព្រៃវែង ថតរូបអនុស្សាវរីយ៍ |
តាងនាមថ្នាក់ដឹកនាំខេត្ត Tay Ninh និង Long An លោក Pham Hung Thai បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីអាជ្ញាធរខេត្តព្រៃវែង។
លោក Pham Hung Thai បានសង្កត់ធ្ងន់ថា នាពេលថ្មីៗនេះ ខេត្តចំនួនបីគឺខេត្ត Tay Ninh, Long An និងខេត្តព្រៃវែង បានបន្តលើកកម្ពស់ប្រពៃណីសាមគ្គីភាព មិត្តភាព និងសេចក្តីស្រឡាញ់ទៅវិញទៅមក ក្រោមពាក្យស្លោកថា “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ ស្ថិតស្ថិរយូរអង្វែង” រួមចំណែករក្សាសន្តិភាព ស្ថិរភាពយូរអង្វែង និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោក Pham Hung Thai ជឿជាក់ថា នាពេលខាងមុខ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងខេត្ត Tay Ninh ខេត្ត Long An និងខេត្តព្រៃវែង នឹងបន្តសម្រេចបានលទ្ធផលល្អប្រសើរ រួមចំណែកយ៉ាងសកម្មក្នុងការពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងកម្ពុជា។
តាងនាមគណៈប្រតិភូខេត្តទាំងពីរ លោក Pham Hung Thai បានជូនពរលោកអភិបាលខេត្ត អាជ្ញាធរ និងប្រជាជនខេត្តព្រៃវែង មានសុខភាពល្អ សុភមង្គល វិបុលភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ជូនពរខេត្តព្រៃវែងមានការអភិវឌ្ឍន៍រីកចម្រើន។ ជូនពរឱ្យចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជនទាំងពីរវៀតណាម និងកម្ពុជានិយាយរួម និងរវាងខេត្ត Tay Ninh, Long An និងខេត្តព្រៃវែង ជាដោយឡែកកាន់តែរីកចម្រើន រឹងមាំថែមទៀត។
បកប្រែដោយ Duy Hoan