លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអបអរសាទរចំពោះលោកឧត្តមសេនីយ៍ត្រី លាង សុវណ្ណារ៉ា ដែលត្រូវបានតែងតាំងជាអនុព័ន្ធយោធាកម្ពុជាប្រចាំនៅវៀតណាម។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា ទំនាក់ទំនងសាមគ្គីភាព វៀតណាម-កម្ពុជា ត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរក្នុងរយៈពេលកន្លងមក ដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រទេសទាំងពីរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជួបពិភាក្សាជាមួយលោកឧត្តមសេនីយ៍ត្រី លាង សុវណ្ណារ៉ា

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសម្តែងនូវសេចក្តីរីករាយចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-កម្ពុជា នាពេលកន្លងមក ជាពិសេសលើការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាលធនធានមនុស្ស ការឃោសនាអំពីទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសទាំងពីរ ការគ្រប់គ្រង ការការពារព្រំដែន ការប្រមូល និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលពលីជីវិតក្នុងបណ្តាសម័យសង្គ្រាម។ ជាពិសេស នៅខែធ្នូ ឆ្នាំ២០២៣ ក្រសួងការពារជាតិនៃប្រទេសទាំងពីរបានសម្របសម្រួលជាមួយក្រសួងការពារជាតិឡាវ រៀបចំជំនួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-ឡាវ-កម្ពុជា ប្រកបដោយជោគជ័យ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien រួមជាមួយលោកឧត្តមសេនីយ៍ត្រី លាង សុវណ្ណារ៉ា និងប្រតិភូទាំងឡាយ

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសម្តែងនូវក្តីសង្ឃឹមថា លោកឧត្តមសេនីយ៍ត្រី លាង សុវណ្ណារ៉ា នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចនៃក្រសួងការពារប្រទេសវៀតណាម ដើម្បីបន្តអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរប្រកបដោយប្រសិទ្ធភាព ជាពិសេសលើការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាលធនធានមនុស្ស ការពុះពារផលវិបាកដោយសារគ្រាប់បែកមីនក្រោយសង្គ្រាម និងចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសម្តែងនូវក្តីជឿជាក់ថា ក្នុងអាណត្តិបេសកកម្ម លោកឧត្តមសេនីយ៍ត្រី លាង សុវណ្ណារ៉ា នឹងពង្រីកលទ្ធផលដែលសម្រេចបានដោយជំនាន់មុន និងរួមវិភាគទានថ្មីៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-កម្ពុជា ឲ្យកាន់តែអភិវឌ្ឍថែមទៀត។

រីឯខ្លួនវិញ លោកឧត្តមសេនីយ៍ត្រី លាង សុវណ្ណារ៉ា បានសម្តែងនូវសេចក្តីរីករាយចំពោះលទ្ធផលដ៏ល្អនៃទំនាក់ទំនងវៀតណាម-កម្ពុជានិយាយរួម និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនិយាយដោយឡែក។ លោកឧត្តមសេនីយ៍ត្រី លាង សុវណ្ណារ៉ា បានបញ្ជាក់ថា ក្នុងតួនាទីរបស់ខ្លួន លោកនឹងខិតខំប្រឹងប្រែងរួមចំណែកក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-កម្ពុជា៕

បកប្រែដោយ Huyen Trang