សមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត An Giang សម្រេចបានលទ្ធផលល្អជាច្រើន
កប.អនឡាញ - ទំនាក់ទំនងវៀតណាម-កម្ពុជា កំពុងអភិវឌ្ឍយ៉ាងល្អប្រសើរក្នុងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ដើម្បីរឹតបន្តឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ នាពេលថ្មីៗនេះ សមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត An Giang មានសកម្មភាពជាច្រើនដើម្បីជួយឧបត្ថម្ភ ចែករំលែក និងផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៅខេត្តជាប់ព្រំដែន An Giang (វៀតណាម) និងខេត្តតាកែវ និងខេត្តកណ្តាល។
តាំងពីឆ្នាំ២០០២មក សមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត An Giang ត្រូវបានបង្កើតឡើង។ នេះគឺជាអង្គការមហាជនរបស់ប្រជាជនខេត្ត An Giang និងជាសមាជិកនៃសម្ព័ន្ធអង្គការមិត្តភាពខេត្ត An Giang។ បច្ចុប្បន្ននេះ សមាគមមានសាខាចំនួន ៣ ដែលមានសមាជិកចំនួន ៨១ នាក់។ ក្នុងស្ថានភាពនៅតែមានការលំបាកជាច្រើននោះ សមាគម និងសាខានៃសមាគម បានសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ និងកៀងគរធនធានពីគណៈកម្មាធិការប្រតិបត្តិរបស់សមាគម ដើម្បីរៀបចំសកម្មភាពសមស្របទៅនឹងលក្ខណៈ និងសារៈសំខាន់នៃទំនាក់ទំនងវៀតណាម-កម្ពុជា។
|
|
គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីរួមខេត្ត Tinh Bien ជូនអំណោយដល់តំណាងសមាគមន៍អាណិកជនវៀតណាមនៅកម្ពុជា (រូបថត៖ baoangiang.com.vn) |
យោងតាមគណៈកម្មាធិការប្រតិបត្តិសមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត An Giang ឲ្យដឹងថា សមាគមបានផ្តល់យោបល់ជូនស្ថាប័នពាក់ព័ន្ធរៀបចំកិច្ចប្រជុំពិភាក្សាការងារ និងផ្លាស់ប្តូរកម្មវិធីសហប្រតិបត្តិការជាមួយខេត្តតាកែវ និងខេត្តកណ្តាល រួមចំណែកពង្រឹង និងពង្រីកចំណងសាមគ្គីភាព មិត្តភាពវៀតណាម-កម្ពុជាក្រោមទម្រង់ជាច្រើន។ ក្នុងឱកាសពិធីបុណ្យធំៗ និងបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសនីមួយៗ ភាគីទាំងពីរបានផ្ញើលិខិតជូនពរឆ្នាំថ្មី និងបញ្ជូនគណៈប្រតិភូទៅសួរសុខទុក្ខ អបអរសាទរ និងចូលរួមពិធីនានា បង្ហាញពីទំនាក់ទំនងមិត្តភាព និងភាពជាអ្នកជិតខាងល្អ។
សមាគមខេត្តបានសម្របសម្រួលជាមួយផ្នែកសុខាភិបាលអនុវត្តការពិនិត្យសុខភាព និងវះកាត់ភ្នែក ជូនប្រជាពលរដ្ឋក្រីក្រក្នុងខេត្តជាប់ព្រំដែនទាំងពីរ។ អាស្រ័យហេតុនេះ ប្រជាជនដើមកំណើតវៀតណាមរាប់ពាន់នាក់បានទទួលការពិនិត្យសុខភាព ហើយប្រជាជនកម្ពុជារាប់រយនាក់បានធ្វើការវះកាត់ភ្នែក។
លើសពីនេះ ជារៀងរាល់ឆ្នាំ សមាគមនារីខេត្ត សមាគមកសិករខេត្ត និងមូលដ្ឋាននានានៅតាមបណ្តាស្រុកជាប់ព្រំដែនតែងតែរៀបចំជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រដែលជួបការលំបាកក្នុងខេត្តជាប់ព្រំដែនទាំងពីរ។ ជាពិសេស មជ្ឈមណ្ឌលសុខាភិបាលនានា បានទទួលប្រជាពលរដ្ឋរាប់ពាន់នាក់ដែលរស់នៅតាមតំបន់ព្រំដែននៃភាគីកម្ពុជា មកពិនិត្យ និងព្យាបាលជំងឺក្នុងតំលៃសមរម្យ ដែលជាសកម្មភាពមួយទទួលបានការវាយតម្លៃខ្ពស់ពីថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសមិត្ត និងសម្ដែងការសប្បាយរីករាយយ៉ាងខ្លាំងដែលទទួលបានជំនួយពីភាគីវៀតណាម។
នៅពេលដែលមានការលំបាកកើតឡើងដោយសារគ្រោះធម្មជាតិ ឬ អគ្គីភ័យ ភាគីទាំងពីរបានចែករំលែក និងជួយគាំទ្រភ្លាមៗ ដើម្បីកាត់បន្ថយការលំបាកជូនប្រជាពលរដ្ឋ។ តាមរយៈសម្ព័ន្ធអង្គការមិត្តភាពខេត្ត សមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត បានធ្វើជាស្ពានតភ្ជាប់ក្រុមការងារជាច្រើននៃបក្ស អាជ្ញាធរ រណសិរ្សមាតុភូមិ អង្គមហាជន និងស្ថាប័ននានាក្នុងខេត្ត ទៅជួយសង្គ្រោះប្រជាជនកម្ពុជាទាន់ពេលវេលានៅតំបន់ទឹកជន់លិចយ៉ាងខ្លាំងក្នុងខេត្តជាប់ព្រំដែនចំនួនពីរ និងរាជធានីភ្នំពេញ។
ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា ក្នុងស្មារតី “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិតស្ថិរយូរអង្វែង” គណៈកម្មាធិការប្រតិបត្តិនៃសមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត An Giang បានកំណត់ទិសដៅប្រតិបត្តិការសម្រាប់អាណត្តិឆ្នាំ ២០២៣ - ២០២៨ ដែលក្នុងនោះបន្តជំរុញការផ្សព្វផ្សាយ និងអប់រំបន្ថែមទៀតអំពីប្រពៃណីនៃចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ជំរុញការផ្សព្វផ្សាយការឃោសនាអំពីច្បាប់ព្រំដែនជាតិ ការបោះបង្គោលព្រំដែន អំពីប្រវត្តិសាស្ត្រ វប្បធម៌ ទំនៀមទម្លាប់ និងការអនុវត្តរបស់ប្រជាជននៃប្រទេសទាំងពីរ … ដើម្បីឲ្យសមាជិកអាចមានចំណេះដឹងគ្រប់គ្រាន់ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយក្នុងចំណោមប្រជាជន។ ទន្ទឹមនឹងនោះ កៀរគរសហគ្រាស និងប្រជាជនពីគ្រប់មជ្ឈដ្ឋាន ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងខេត្ត An Giang និងខេត្ត-ក្រុងនានានៃព្រះរាជាណាចក្រកម្ពុជា ...
បកប្រែដោយ Duy Hoan