ក្នុងបរិយាកាសមិត្តភាព ភាពស្និទ្ធស្នាល លោក Vo Van Thuong បានអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេង និងគ្រប់ជ្រុងជ្រោយដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាសម្រេចបានក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ រួមទាំងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រកបដោយជោគជ័យ។ អបអរសាទរចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃកម្ពុជា លោក Vo Van Thuong បានសំដែងការជឿជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនិងសម្ដេចធិបតី ហ៊ុន ម៉ាណែត  ព្រះរាជាណាចក្រកម្ពុជានឹងកាន់តែអភិវឌ្ឍន៍ និងដើរតួនាទី និងកិត្យានុភាពកាន់តែខ្លាំងឡើងនៅក្នុងតំបន់ និងពិភពលោក។

leftcenterrightdel
លោក Vo Van Thuong ប្រធានរដ្ឋវៀតណាមទទួលជួបសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា (រូបថត៖ vnanet.vn)

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា វៀតណាមនិងកម្ពុជាគឺជាប្រទេសជិតខាងទាំងពីរ ហើយតែងតែប្រកៀកស្មាគ្នាក្នុងបុព្វហេតុរំដោះជាតិ បង្រួបបង្រួមជាតិ ក៏ដូចជាការកសាងនិងការពារប្រទេសនាពេលបច្ចុប្បន្ន។ ទំនាក់ទំនងជិតស្និទ្ធ សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមករវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរគួរតែជំរុញឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពនាពេលខាងមុខ។

ភាគីទាំងពីរបានសម្តែងនូវក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍន៍យ៉ាងទូលំទូលាយនៃទំនាក់ទំនងរវាងវៀតណាម និងកម្ពុជានាពេលកន្លងមក ដោយទទួលបានសមិទ្ធិផលសំខាន់ៗជាច្រើនក្នុងវិស័យនយោបាយ - ការទូត សន្តិសុខ - ការពារជាតិ ពាណិជ្ជកម្ម - វិនិយោគ វិស័យឯកជន អប់រំនិងបណ្តុះបណ្តាល វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

លោកប្រធានរដ្ឋវៀតណាម បានស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលសម្រេចបាន ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ តភ្ជាប់សេដ្ឋកិច្ចទាំងពីរ និងបណ្តុះបណ្តាលធនធានមនុស្ស។ លោកប្រធានរដ្ឋវៀតណាមក៏បានស្នើភាគីកម្ពុជាបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់សហគមន៍​វៀត​ណាមនៅកម្ពុជាក្នុងការធ្វើអាជីវកម្ម រស់នៅ និងសម្រួលរាល់បញ្ហាឯកសារផ្លូវច្បាប់ឱ្យកាន់តែងាយស្រួលជាង។

ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ថា ប្រទេសទាំងពីរនៅតែមានសក្តានុពលជាច្រើនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ចរាចរណ៍ និងពិចារណាបើកច្រកទ្វារព្រំដែនអន្តរជាតិបន្ថែមទៀត។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឯកភាពថា ភាគីទាំងពីរគួរតែបង្កើនការផ្លាស់ប្តូរវប្បធម៌ ពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ព្រមទាំងចាត់ទុកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិជាសសរស្តម្ភមួយក្នុងចំណោម​សសរស្តម្ភនៃទំនាក់ទំនងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនិងសម្របសម្រួលដើម្បីធានាឲ្យបាននូវស្ថិរភាព សុវត្ថិភាព សន្តិសុខតាមព្រំដែន និងទប់ស្កាត់បទល្មើសឆ្លងព្រំដែន។ ភាគីទាំងពីរក៏បានសម្តែងការប្តេជ្ញាចិត្តបញ្ចប់ការខណ្ឌសីមា និងបោះបង្គោលព្រំដែនដែលនៅសេសសល់ចំនួន ១៦% ឱ្យបានឆាប់៕

បកប្រែដោយ Pham Diep