ភូមិ Cha Nga និងភូមិ Xop Cang ស្ថិតនៅសងខាងទន្លេ Nam Non ហើយមានលក្ខណៈវប្បធម៌ស្រដៀងគ្នា។ ប្រជាជនទាំងអស់ធ្វើស្រែចំការ ចិញ្ចឹមសត្វ និងនេសាទនៅតាមដងទន្លេព្រំដែន ដើម្បីរស់នៅ និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។

ភូមិទាំងពីរនេះនៅឆ្ងាយពីកណ្ដាលឃុំ និងស្រុកនៃប្រទេសនីមួយៗ ផ្លូវពិបាកធ្វើដំណើរ គ្មានបណ្តាញអគ្គិសនី គ្មានសេវាទូរសព្ទ ជីវភាពរស់នៅក៏លំបាក។ ក្នុងបរិបទនោះ ប្រជាជននៅសងខាងព្រំដែនកាន់តែសាមគ្គី ស្និទ្ធស្នាល ផ្លាស់ប្តូរ និងដោះដូរទំនិញជាប្រចាំ។ ជាពិសេស តាមគោលនយោបាយរបស់អាជ្ញាធរមូលដ្ឋានទាំងសងខាង នៅឆ្នាំ២០១៣ ភូមិ Cha Nga និងភូមិ Xop Cang បានរៀបចំពិធីចុះហត្ថលេខាស្ដីពីការចងសម្ព័ន្ធមេត្រីភាព។ ខ្លឹមសារនៃកំណត់ហេតុចងសម្ព័ន្ធមេត្រីភាពនេះ បានពង្រឹងភាពស្របច្បាប់ ដើម្បីជួយដល់គណៈកម្មការគ្រប់គ្រងភូមិ និងប្រជាពលរដ្ឋទាំងសងខាង លើកកម្ពស់ចំណងសាមគ្គីភាព និងជិតស្និទ្ធជាមួយគ្នា។ ក្នុងស្មារតីនោះ រួមជាមួយនឹងការទៅសួរសុខទុក្ខ និងផ្លាស់ប្តូរទំនិញ ប្រជាជននៅភូមិ Cha Nga និងភូមិ Xop Cang រួមគ្នាការពារព្រំដែន ធានាបាននូវសន្តិភាពនៅមូលដ្ឋាន។ ប្រជាពលរដ្ឋទាំងសងខាងក៏បានផ្ដល់យោបល់ដល់អាជ្ញាធរក្នុងការដោះស្រាយស្ថានការណ៍ដែលកើតឡើងនៅតាមព្រំដែន គាំទ្រនិងចែករំលែកគ្នាទៅវិញទៅមកនៅពេលជួបការលំបាកដោយសារគ្រោះធម្មជាតិ។ល។

leftcenterrightdel
តំណាងភូមិ Cha Nga ទៅចុះសួរសុខទុក្ខ លើកទឹកចិត្ត និងជួយឧបត្ថម្ភប្រជាជនភូមិ Xop Cang

នៅចុងខែកក្កដា ឆ្នាំ២០២៥ ដោយសារតែគ្រោះមហន្តរាយទឹកជំនន់បណ្តាលឲ្យទឹកនៅទន្លេ Nam Non ហូរយ៉ាងលឿន ប្រជាជននៃភូមិជាប់ព្រំដែនវៀតណាម-ឡាវទាំងពីរបានទទួលរងនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ។ ភូមិ Cha Nga មានគ្រួសារចំនួន ៣៦ គ្រួសារ ដែលផ្ទះត្រូវបានទឹកជន់លិចទាំងស្រុង ចំណែកភូមិ Xop Cang ក៏មានគ្រួសារចំនួន ៧ គ្រួសារដែលទ្រព្យសម្បត្តិទាំងអស់ត្រូវបានបំផ្លិចបំផ្លាញដោយសារទឹកជំនន់ ហើយបំរុងទុកស្រូវរបស់ភូមិទាំងពីរក៏ត្រូវបានបំផ្លាញដោយសារទឹកជំនន់ផងដែរ។

ក្រោយគ្រោះធម្មជាតិ ប្រជាពលរដ្ឋនៃភូមិទាំងពីរប្រឈមនឹងហានិភ័យនៃការខ្វះខាតស្បៀងយ៉ាងធ្ងន់ធ្ងរ។ ប្រជាជននៅភូមិ Cha Nga បានទៅកាន់កណ្តាលឃុំ My Ly ដើម្បីទទួលបានគ្រឿងឧបភោគ បរិភោគ ដើម្បីធានាដល់ជីវភាពរស់នៅ។ ពេលដឹងថា ប្រជាពលរដ្ឋភូមិ Xop Cang ក៏ជួបការលំបាកដែរនោះ គណៈកម្មការគ្រប់គ្រងភូមិ Cha Nga បានរាយការណ៍ និងស្នើសុំគណៈកម្មាធិការប្រជាជនឃុំ My Ly ជួយគាំទ្រឧបត្ថម្ភភូមិ Xop Cang ទៀត។

បន្ទាប់មក ប្រជាជនភូមិជាប់ព្រំដែនខេត្ត Nghe An បានប្រើប្រាស់ទូកដើម្បីដឹកជញ្ជូនស្បៀងអាហារនិងគ្រឿងឧបភោគ បរិភោគ ក្នុងបំណងជួយប្រជាជនភូមិ Xop Cang។ លោក Luong Van Nhun មេភូមិ Cha Nga បានឲ្យដឹងថា "គណៈកម្មការគ្រប់គ្រង និងប្រជាជននៃភូមិទាំងពីរមានទំនាក់ទំនងជិតស្និទ្ធ និងសាមគ្គីគ្នា ហើយតែងតែទៅសួរសុខទុក្ខ ផ្លាស់ប្តូរទំនិញ និងការពារព្រំដែន។ ក្នុងរយៈពេលរងគ្រោះដោយសារទឹកជំនន់នាពេលថ្មីៗនេះ ទោះបីជាយើងទទួលរងការខូចខាតច្រើនក៏ដោយ នៅពេលដែលយើងទទួលបានការជួយគាំទ្រពីរដ្ឋាភិបាល និងកម្លាំងអាជ្ញាធរមូលដ្ឋាន យើងទាំងអស់គ្នាបានចែករំលែកជាមួយប្រជាជនភូមិ Xop Cang ដើម្បីជួយពួកគេឆ្លងកាត់ការលំបាកនាពេលបច្ចុប្បន្ន"៕

បកប្រែដោយ Thuy Anh