វៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម
កប.អនឡាញ - ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទំនាក់ទំនងសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្មរវាងកងទ័ពការពារព្រំដែនវៀតណាម និងកងកម្លាំងគ្រប់គ្រង និងការពារព្រំដែននៃប្រទេសទាំងបី ចិន ឡាវ និងកម្ពុជា ត្រូវបានអនុវត្តដោយព្រមៗគ្នា ប្រកបដោយប្រសិទ្ធភាព និងសម្រេចបានលទ្ធផលលេចធ្លោជាច្រើន។
ការជម្រុញកិច្ចសហការ ការផ្លាស់ប្តូរព័ត៌មាន ការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្មនៅតាមខ្សែបន្ទាត់ព្រំដែន បានរួមចំណែកពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី អ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកងទ័ពការពារព្រំដែនវៀតណាម និងកងកម្លាំងមានសម្ថកិច្ចនៃបណ្តាប្រទេសជិតខាង។
នាពេលកន្លងមកមនេះ គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន បានដឹកនាំកងទ័ពការពារព្រំដែននៅបណ្ដាខេត្តជាប់ព្រំដែនជាមួយចិន សហការយ៉ាងសកម្ម និងប្រកបដោយភាពបត់បែនជាមួយកងកម្លាំងមានសមត្ថកិច្ចនៃប្រទេសចិនក្នុងការយាមល្បាតទ្វេភាគី តាមរយៈការបញ្ជូនសារ ផ្លាស់ប្ដូរតាមទូរស័ព្ទ ជំនួបនិងការផ្លាស់ប្តូរដោយផ្ទាល់។ ជាពិសេសថា នាពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម និងរដ្ឋបាលអន្តោប្រវេសន៍ជាតិចិន បានសហការអនុវត្ត "កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងនគរបាលចិន ស្តីពីការបង្កើតយន្តការសហការអនុវត្តច្បាប់នៅកម្រិតចំនួនបីក្នុងការគ្រប់គ្រងតំបន់ច្រកទ្វារព្រំដែន និងការគ្រប់គ្រងព្រំដែនគោក" ហើយនេះត្រូវបានចាត់ទុកថាជាចំណុចភ្លឺនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងពីរ។
    |
 |
កម្មាភិបាល និងយុទ្ធជននៃកងទ័ពការពារព្រំដែន Kon Tum វៀតណាម និងកងកម្លាំងគ្រប់គ្រង ការពារព្រំដែននៃខេត្តរតនគិរី សហការគ្រប់គ្រង និងការពារព្រំដែនវៀតណាម-កម្ពុជា (រូបថត៖ bienphong.com.vn) |
ភាគីទាំងពីរបានសហការយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងសកម្មភាពខុសច្បាប់នៅតាមតំបន់ព្រំដែន និងច្រកព្រំដែនដូចជា៖ ការរត់ពន្ធ ការដឹកជញ្ជូនទំនិញខុសច្បាប់ គ្រឿងញៀន ការជួញដូរមនុស្ស ការជួញដូរនិងដឹកជញ្ជូនអាវុធខុសច្បាប់... រួមចំណែករក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន ច្រកទ្វារព្រំដែន ក៏ដូចជាលើកកម្ពស់ការយល់ដឹងរបស់ប្រជាជននៅសងខាងព្រំដែន។
នៅព្រំដែនវៀតណាម-ឡាវ គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានបញ្ជាឲ្យកងទ័ពការពារព្រំដែនខេត្តជាប់ព្រំដែនទាំង១០ សហការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងមានសមត្ថកិច្ចនៃបណ្ដាខេត្តជាប់ព្រំដែនរបស់ប្រទេសឡាវ ដើម្បីអនុវត្តឲ្យបានល្អនូវការឃោសនា និងការចលនាប្រជាជននៅសងខាងព្រំដែនឲ្យចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម។ ជាពិសេស ភាគីទាំងពីរបានសហការរៀបចំការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មទិញ លក់ និងដឹកជញ្ជូនគ្រឿងញៀន ឆ្លងដែនប្រកបដោយប្រសិទ្ធភាព។
ទន្ទឹមនឹងនោះ នៅតាមព្រំដែនកម្ពុជា-វៀតណាម ដោយស្ថានភាពការដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ មានភាពស្មុគស្មាញ កងកម្លាំងប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់កងទ័ពការពារព្រំដែនបានសហការជាមួយកងកម្លាំងនគរបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែន និងទីតាំងប្រមូលផ្តុំ និងដឹកជញ្ជូនគ្រឿងញៀននៅតាមព្រំដែនទាំងសងខាង។ ទន្ទឹមនឹងនោះ រៀបចំកិច្ចប្រជុំឲ្យបានទៀងទាត់ និងសហការយ៉ាងជិតស្និទ្ធដើម្បីចែករំលែកបទពិសោធន៍ក្នុងការទប់ស្កាត់ និងប្រឆាំងបទល្មើសគ្រឿងញៀន លើកកម្ពស់សមត្ថភាពស៊ើបអង្កេត និងបង្ក្រាបឧក្រិដ្ឋជនឆ្លងដែន។ ទន្ទឹមនឹងបទល្មើសគ្រឿងញៀន បទល្មើសផ្សេងៗដូចជាការរត់ពន្ធ និងការក្លែងបន្លំពាណិជ្ជកម្មនៅតាមព្រំដែនក៏មានភាពស្មុគស្មាញផងដែរ។ នាពេលកន្លងមកនេះ កងកម្លាំងប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម នៃកងទ័ពការពារព្រំដែននៅបណ្តាខេត្តជាប់ព្រំដែន បានធ្វើការបង្ក្រាប បំផ្លាញ និងដោះស្រាយករណីជាច្រើនដោយជោគជ័យ។
អាចបញ្ជាក់បានថា លទ្ធផលដែលសម្រេចបានក្នុងកិច្ចសហការគ្រប់គ្រង ការពារព្រំដែន និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម រវាងកងទ័ពការពារព្រំដែនវៀតណាម និងកងកម្លាំងគ្រប់គ្រង និងការពារព្រំដែននៃប្រទេសទាំងបី ចិន ឡាវ និងកម្ពុជា នាពេលកន្លងមកនេះ មាអត្ថន័យដ៏សំខាន់ក្នុងការគ្រប់គ្រង និងការពារបូរណភាពទឹកដី សន្តិសុខព្រំដែនជាតិ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម រួមចំណែកក្នុងការកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហការ និងអភិវឌ្ឍន៍៕
បកប្រែដោយ Thuy Anh