ក្នុងដំណើរបំពេញការងារនេះ កងឆ្មាំសមុទ្រតំបន់លេខ១ បានសម្របសម្រួលជាមួយគណៈកម្មាធិការចលនាមហាជននៃគណៈកម្មាធិការបក្សខេត្ត Quang Ninh រៀបចំកម្មវិធី “និទាឃរដូវនៅតំបន់ព្រំដែន - បុណ្យតេតនៅកោះសមុទ្រ” ឆ្នាំ ២០២៤ និងបន្តការងារផ្សព្វផ្សាយស្តីពីការប្រឆាំងនឹងការនេសាទខុសច្បាប់ មិនរាយការណ៍ និងមិនអនុវត្តតាមសេចក្តីកំណត់ (IUU) ដល់ប្រជានេសាទ។

នៅពេលនេះ តំបន់កំពង់ផែទីរួមស្រុក Co To មានកប៉ាល់ជាច្រើនដឹកជញ្ជូនទំនិញពីដីគោក ដើម្បីបម្រើប្រជាជនអំណរបុណ្យចូលឆ្នាំថ្មី។ វាហាក់បីដូចជាអ្នកគ្រប់គ្នាមានអារម្មណ៍ថាមានបរិយាកាសនៃនិទាឃរដូវដែលខិតមកជិតស្រុកកោះ។

បន្ទាប់ពីបានអនុវត្តសកម្មភាពក្នុងកម្មវិធីរួច ក្រុមការងារបានចុះទៅដល់ទីតាំងបោះយុថ្កា ចៀសខ្យល់ព្យុះសម្រាប់ទូកនេសាទ និងកប៉ាល់នេសាទរបស់ស្រុក ដើម្បីធ្វើការងារឃោសនា និងផ្តល់អំណោយបុណ្យតេត លើកទឹកចិត្តដល់ប្រជាជន។ នៅពេលនេះ ចំនួនកប៉ាល់ និងទូករបស់ប្រជាជនដែលចូលយុថ្កានៅក្នុងផែចៀសព្យុះមានច្រើនគួរសម រួមទាំងទូកនេសាទនៅសមុទ្រជាច្រើនរបស់ប្រជានេសាទមកពីខេត្តភាគកណ្តាលផងដែរ។

កងកម្លាំងសមត្ថកិច្ច រួមមាន កងឆ្មាំសមុទ្រតំបន់លេខ១ ប៉ុស្តិ៍ការពារព្រំដែន Co To និងអាជ្ញាធរមូលដ្ឋាន ត្រូវបានបែងចែកជាក្រុមការងារនានា ដោយផ្តោតលើការឃោសនា ដល់ប្រជាជននៅតំបន់ផែចៀសព្យុះ និងធ្វើដំណើរតាមទូក ទៅកាន់ទូកនេសាទ ដែលបោះយុថ្កានៅឆ្ងាយ ដើម្បីធ្វើការឃោសនា។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Tran Van Hau ប្រធាននយោបាយនៃកងឆ្មាំសមុទ្រតំបន់លេខ១ ផ្តល់អំណោយជូនប្រជានេសាទជួបការលំបាកនៃស្រុក Co To

ក្នុងដំណើរបំពេញការងារលើកនេះ មានអ្នករាយការណ៍ពិសេសម្នាក់ គឺលោកឧត្តមសេនីយ៍ត្រី Tran Van Hau ប្រធាននយោបាយនៃកងឆ្មាំសមុទ្រតំបន់លេខ១។ ជាមួយនឹងវិធីសាស្រ្តឃោសនាដែលរួមបញ្ចូលគ្នានូវការនិទានរឿង អំពីប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងការពន្យល់យ៉ាងលម្អិត ដល់ប្រជាជនអំពី IUU ក៏ដូចជាការចែករំលែកជាមួយប្រជាជនអំពីការខាតបង់ដែលបណ្តាលមកពីផលប៉ះពាល់របស់ IUU លើការអភិវឌ្ឍនៃឧស្សាហកម្មជលផល សេដ្ឋកិច្ចរបស់ប្រទេស និងកិត្យានុភាពរបស់ប្រទេសជាតិ... អ្នកនេសាទទាំងអស់មានអារម្មណ៍ជិតដិត ងាយយល់ ងាយស្រូបយក និងអនុវត្ត។ កងឆ្មាំសមុទ្រតំបន់លេខ១ បានចែកខិតប័ណ្ណចំនួន ១,០០០ ដល់ប្រជាជននៅលើកប៉ាល់ និងទូកនៅទីនេះ។ លើសពីនេះ ក្រុមការងារក៏បានផ្តល់ទង់ជាតិចំនួន២០០ និងអំណោយតេតជាច្រើន ជូនប្រជានេសាទផងដែរ។

លោក Hoang Van Huan ជាប្រជានេសាទនៅឃុំ Duong Hoa ស្រុក Hai Ha (ខេត្ត Quang Ninh) បានចែករំលែកថា “ត្រូវបានផ្សព្វផ្សាយដោយបងៗកងឆ្មាំសមុទ្រតំបន់លេខ១ យើងខ្ញុំក៏បានចាប់យកព័ត៌មានដ៏មានប្រយោជន៍ជាច្រើន។ យើងខ្ញុំប្តេជ្ញាមិនបំពានលើដែនសមុទ្ររបស់ប្រទេសដទៃ ដើម្បីធ្វើការនេសាទទៀត។ សូមអរគុណបងៗកងឆ្មាំសមុទ្រតំបន់លេខ១ ដែលបានខិតខំប្រឹងប្រែង ជំនះការលំបាក ដើម្បីនាំយកអំណោយមកជូនពួកយើង”។

ក្នុងឱកាសនេះដែរ កងឆ្មាំសមុទ្រតំបន់លេខ១  បានផ្តល់អំណោយតេតចំនួន៤០ នំអន្សមចំនួន ៦០ ដល់គ្រួសារទទួលរបបពីរដ្ឋ និងគ្រួសារជួបការលំបាក ព្រមទាំងផ្តល់អំណោយចំនួន៤០ ជូនសិស្សានុសិស្សដែលជួបការលំបាក។ ការចំណាយសរុបសម្រាប់សកម្មភាពខាងលើគឺ ១២០ លានដុង។

លោក Nguyen Viet Dung លេខាគណៈកម្មាធិការបក្សស្រុក ប្រធានគណៈកម្មាធិការប្រជាជនស្រុក Co To បានមានប្រសាសន៍ថា៖ “នេះជាកម្មវិធីដ៏មានអត្ថន័យនៃកងឆ្មាំសមុទ្រតំបន់លេខ១  សម្រាប់ប្រជានេសាទនៅស្រុកកោះ Co To។ កម្មវិធីនេះ បានរួមចំណែកជំរុញទំនាក់ទំនងរវាងគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ជាមួយកងកម្លាំងកងឆ្មាំសមុទ្រតំបន់លេខ១  ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ សកម្មភាពក្នុងកម្មវិធីនេះបានរួមចំណែកជួយកម្មាភិបាល ប្រជាជន និងសិស្សានុសិស្សស្រុកយល់កាន់តែច្បាស់អំពីប្រពៃណី និងប្រវត្តិសាស្រ្ត ជាពិសេសការបង្កើនមនសិការអនុវត្តច្បាប់របស់ប្រជានេសាទ។ល។ ខ្ញុំសង្ឃឹមថា កម្មវិធីនេះនឹងបន្តចម្លងនៅបណ្តាឆ្នាំខាងមុខ ដើម្បីនាំមកនូវសេចក្តីស្រឡាញ់ និងភាពកក់ក្តៅនៃដីគោកដល់ប្រជាជនគ្រប់រូប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីមកដល់ម្តងៗ”៕

បកប្រែដោយ Huyen Trang