សន្និសីទទ្វេភាគីលើកទី៦ រវាងកងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំសមុទ្រឥណ្ឌា
កប.អនឡាញ - នារសៀលថ្ងៃទី ២០ ខែសីហា នៅទីក្រុងហាណូយ សន្និសីទទ្វេភាគីលើកទី ៦ រវាងកងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំសមុទ្រឥណ្ឌាបានប្រព្រឹត្តទៅ។ លោកឧត្តមសេនីយ៍ត្រី Vu Trung Kien មេបញ្ជាការរងផ្នែកច្បាប់នៃកងឆ្មាំសមុទ្រ និងលោកឧត្តមសេនីយ៍ទោ Anand Prakash Badola មេបញ្ជាការរងកងឆ្មាំសមុទ្រឥណ្ឌា ធ្វើជាសហប្រធាននៃសន្និសីទ។
សន្និសីទនេះបានបូកសរុប និងវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមកនេះ ព្រមទាំង ពិភាក្សា និងដាក់ទិសដៅសំខាន់ៗ ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងទាំងពីរឲ្យកាន់តែជាក់ស្ដែង និងមានប្រសិទ្ធភាព។
នៅក្នុងសន្និសីទនេះ លោកឧត្តមសេនីយ៍ត្រី Vu Trung Kien បានអះអាងថា ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ កងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំសមុទ្រឥណ្ឌាបានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងស៊ីជម្រៅ។ ភាគីទាំងពីរបានរក្សាការផ្លាស់ប្តូរគណៈប្រតិភូ ការចែករំលែកបទពិសោធន៍ ការទៅទស្សនានាវា ការរៀបចំសមយុទ្ធរួមគ្នា ការបង្វឹកបង្ហាត់ ការបណ្តុះបណ្តាល និងការអប់រំ តាមរយៈនោះ រួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹង ការជឿទុកចិត្ត និងកិច្ចសហការ។
ចំពោះទិសដៅនៃកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៦ ភាគីទាំងពីរបានឯកភាពបន្តបង្កើនដំណើរទស្សនកិច្ច ចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធី វគ្គបណ្តុះបណ្តាល និងសន្និសីទដែលរៀបចំដោយភាគីនីមួយៗ។ ភាគីទាំងពីរបន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីដែលភាគីទាំងពីរជាសមាជិក។ កងកម្លាំងទាំងពីរក៏បានពិភាក្សាគ្នាអំពីយន្តការបង្កើតនូវសមយុទ្ធរួមគ្នាមួយដែលមានឈ្មោះថា "Sahyog-កិច្ចសហប្រតិបត្តិការ" ក្នុងដំណើរទៅទស្សនានាវានានា ដោយចាត់ទុកថានេះជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ ភាគីទាំងពីរបានឯកភាពរៀបចំសន្និសីទទ្វេភាគីលើកទី៧ នៅប្រទេសឥណ្ឌានៅឆ្នាំ២០២៦៕
បកប្រែដោយ Thuy Anh