ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-ឈីលីលើវិស័យរក្សាសន្តិភាពអង្គការសហប្រជាជាតិ
កប.អនឡាញ - លើកកំពស់តួនាទីជាស្ពានតភ្ជាប់ទំនាក់ទំនងរបស់ការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំនៅឈីលី និងស្ថានទូតឈីលីនៅទីក្រុងហាណូយ ក្នុងការជំរុញទំនាក់ទំនងរវាងស្ថាប័នរក្សាសន្តិភាពនៃប្រទេសទាំងពីរ។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅសាធារណរដ្ឋឈីលី នារសៀលថ្ងៃទី១៨ ខែសីហា (ម៉ោងក្នុងតំបន់) លោកឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុប្រធានគណៈកម្មាធិការដឹកនាំក្រសួងការពារប្រទេសវៀតណាម ក្នុងការចូលរួមប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ បានជួបពិភាក្សាការងារជាមួយលោក Ricardo Montero Allende អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្នាក់ការក្រសួងការពារជាតិនៃប្រទេសនេះ។
នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Phung Si Tan បានវាយតម្លៃខ្ពស់ចំពោះបទពិសោធន៍ដ៏សម្បូរបែបរបស់ប្រទេសឈីលីក្នុងសកម្មភាពរក្សាសន្តិភាពអង្គការសហប្រជាជាតិ តាំងពីឆ្នាំ ១៩៤៩មក ជាពិសេសនៅទ្វីបអាហ្វ្រិក និងហៃទី ដោយបង្ហាញពីបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យនេះ។
    |
 |
លោកឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម និងលោក Ricardo Montero Allende អនុរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសឈីលី (រូបថត៖ ក្រសួងការពារប្រទេសវៀតណាម) |
លោកឧត្តមសេនីយ៍ឯក Phung Si Tan បានស្នើថា ភាគីឈីលីគាំទ្រការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យជាក់លាក់មួយចំនួនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ចែករំលែកបទពិសោធន៍វិជ្ជាជីវៈ ការបណ្តុះបណ្តាល និងការបង្វឹកបង្ហាត់ជាភាសាអង់គ្លេស និងប្រតិបត្តិការរក្សាសន្តិភាព សហការរៀបចំសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលជំនាញ ... ទន្ទឹមនឹងនោះ លោកបានស្នើឱ្យលើកកំពស់តួនាទីជាស្ពានតភ្ជាប់ទំនាក់ទំនងរបស់ការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំប្រទេសឈីលី និងស្ថានទូតឈីលីនៅទីក្រុងហាណូយ ក្នុងការជំរុញទំនាក់ទំនងរវាងភ្នាក់ងាររក្សាសន្តិភាពនៃប្រទេសទាំងពីរ។
លោក Ricardo Montero Allende អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឈីលី បានវាយតំលៃខ្ពស់ចំពោះការចូលរួម និងគាំទ្ររបស់វៀតណាមចំពោះសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជាពិសេសការចូលរួមរបស់វៀតណាមនៅក្នុងតំបន់ដែលកំពុងប្រឈមមុខនឹងការលំបាក និងអស្ថិរភាពជាច្រើនដូចជា សាធារណរដ្ឋអាហ្វ្រិកកណ្តាល ស៊ូដង់ខាងត្បូង និងតំបន់ Abyei។ លោកអះអាងថា ឈីលីត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍ និងបង្កើនការផ្លាស់ប្តូរជាមួយវៀតណាមក្នុងវិស័យរក្សាសន្តិភាព ក្នុងស្មារតីយោគយល់ មិត្តភាព និងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
បកប្រែដោយ Thanh Cong