វៀតណាម-អូស្ត្រាលីសហការ និងជួយគាំទ្រគ្នាក្នុងការអនុវត្តច្បាប់នៅលើសមុទ្រ
កប.អនឡាញ - នាថ្ងៃទី ១៩ ខែសីហា នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ទោ Le Quang Dao មេបញ្ជាការកងឆ្មាំសមុទ្រវៀតណាម បានជួបសន្ទនាជាមួយលោកឧត្តមនាវីត្រី Brett Sonter មេបញ្ជាការព្រំដែនសមុទ្រអូស្ត្រាលី។
ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហការ និងការជួយគាំទ្រគ្នាទៅវិញទៅមករវាងកងកម្លាំងទាំងពីរក្នុងការអនុវត្តច្បាប់នៅលើសមុទ្រ។ លោកឧត្តមសេនីយ៍ទោ Le Quang Dao បានឲ្យដឹងថា នាពេលកន្លងមកនេះ កងឆ្មាំសមុទ្រវៀតណាមបានអនុវត្តដំណោះស្រាយប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនរាយការណ៍ និងមិនអនុវត្តតាមសេចក្តីកំណត់ (IUU) រួមចំណែកទប់ស្កាត់ និងកាត់បន្ថយស្ថានភាពនាវានេសាទវៀតណាមរំលោភលើដែនទឹកបរទេស និងធានាការអភិវឌ្ឍប្រកបដោយចីរភាពនូវផ្នែកជលផលរបស់វៀតណាម។
តាមគម្រោង ក្នុងខែកញ្ញាខាងមុខ គណៈប្រតិភូអធិការកិច្ចនៃគណៈកម្មការអឺរ៉ុប (EC) នឹងបំពេញទស្សនកិច្ចនៅវៀតណាមដើម្បីធ្វើអធិការកិច្ច និងពិចារណាដក "កាតលឿង" របស់ IUU សម្រាប់គ្រឿងសមុទ្រវៀតណាម។ លោកឧត្តមសេនីយ៍ទោ Le Quang Dao បានសម្តែងនូវក្តីសង្ឃឹមថា អូស្ត្រាលីនឹងជួយគាំទ្រវៀតណាមក្នុងបញ្ហានេះ។
ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យបណ្ដុះបណ្ដាល និងការប្រយុទ្ធប្រឆាំងនឹងការឆ្លងដែនខុសច្បាប់តាមផ្លូវសមុទ្រ... ភាគីទាំងពីរបានសម្តែងនូវក្តីសង្ឃឹមថា កងឆ្មាំសមុទ្រវៀតណាម និងកងកម្លាំងអនុវត្តច្បាប់នៅលើសមុទ្ររបស់អូស្ត្រាលីនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលឆាប់ៗនេះ តាមរយៈនោះបង្កើតយន្តការ និងក្របខណ្ឌដើម្បីបង្កើនការផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកព័ត៌មាន កិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាល ក៏ដូចជាការសហការ និងការជួយគាំទ្រគ្នាក្នុងការអនុវត្តច្បាប់នៅលើសមុទ្រ៕
បកប្រែដោយ Thuy Anh