អញ្ជើញមានប្រសាសន៍ក្នុងពិធីបើកការតាំងពិព័រណ៌នេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានសម្តែងការរំពឹងទុកថា នេះនឹងជាទីកន្លែងដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសនានាជុំវិញពិភពលោក មកជួបជុំពិភាក្សា និងផ្លាស់ប្តូរគ្នាអំពីរាល់ប្រធានបទនៃសន្តិសុខ ការពារជាតិ និងបញ្ហាពាក់ព័ន្ធផ្សេងទៀត បង្កើនការយល់ដឹង ដើម្បីរួមគ្នាកសាង និងការពារសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក។ បំណងប្រាថ្នានេះបានក្លាយជាការពិត ហើយអាចមើលឃើញយ៉ាងហោចណាស់នៅបីចំណុច៖ ទីមួយគឺកិត្យានុភាពអន្តរជាតិ និងការគាំទ្រវៀតណាម ដែលកំពុងកើនឡើង; ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍឧស្សាហកម្មការពារជាតិរបស់វៀតណាម ត្រូវបានពង្រីក;  ការពង្រឹងជំនឿយ៉ាងជ្រាលជ្រៅរបស់ប្រជាជនលើសមត្ថភាពកងទ័ពប្រជាជនវៀតណាមក្នុងការការពារមាតុភូមិ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញទស្សនាស្តង់នៅពិព័រណ៍ការពារអន្តរជាតិវៀតណាមឆ្នាំ ២០២២

ភាពទាក់ទាញរបស់វៀតណាម

ជាការពិតណាស់ ការតាំងពិព័រណ៍នេះនឹងធ្វើឡើងនៅឆ្នាំ ២០២០ ប្រសិនបើជំងឺរាតត្បាត Covid-19 មិនបានកើតឡើងភ្លាមៗនោះទេ។ មុននោះ ការត្រៀមរៀបចំការអញ្ជើញគណៈប្រតិភូ និងក្រុមហ៊ុនបរទេស និងសូម្បីតែមានការរៀបចំក្បួនដង្ហែនាវាអន្តរជាតិដ៏អស្ចារ្យជាលើកដំបូងនៅប្រទេសវៀតណាមត្រូវបានគ្រោងទុកយ៉ាងយកចិត្តទុកដាក់ផងដែរ។ នៅពេលដែលជំងឺរាតត្បាតត្រូវបានគ្រប់គ្រងជាមូលដ្ឋាននោះ ក្រសួងការពារប្រទេសវៀតណាមបានប្តេជ្ញាចិត្តបន្តរៀបចំព្រឹត្តិការណ៍នេះ។

វត្តមានរបស់អង្គភាពអាជីវកម្មជាង ១៧០ មកពីប្រទេសចំនួន ៣០ ក្នុងតំបន់អាស៊ាន អាស៊ី អឺរ៉ុប និងទ្វីបអាមេរិក រួមជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសនានា, តំណាងស្ថានទូតជាច្រើនប្រចាំនៅវៀតណាម គឺជាភស្តុតាងដ៏រស់រវើកនៃភាពទាក់ទាញរបស់ វៀតណាមក្នុងការរៀបចំការតាំងពិព័រណ៍ការពារជាតិអន្តរជាតិជាលើកដំបូងនេះ។

ក្រឡេកមើលទេសភាពនៃការតាំងពិព័រណ៍ការពារជាតិអន្តរជាតិក្នុងតំបន់អាស៊ាន យើងអាចឃើញការចាប់អារម្មណ៍ និងការគាំទ្រចំពោះ វៀតណាមពីដៃគូអន្តរជាតិ។ ម៉ាឡេស៊ី ធ្លាប់បានយកកោះ Langkawi ដ៏ធំមួយក្នុងដែនទឹកភាគខាងលិចរបស់ខ្លួនសម្រាប់រៀបចំពិព័រណ៍ លំហសមុទ្រនិងអវកាសអន្តរជាតិឡាំងកាវី (LIMA)។ ទោះបីជាប្រទេសសិង្ហបុរីមានទំហំផ្ទៃដីតូចក៏ដោយ ក៏ប្រទេសនេះធ្វើជាម្ចាស់ផ្ទះការតាំងពិព័រណ៍លំហ សមុទ្រការពារជាតិអាស៊ី (IMDEX Asia) ផងដែរ។ ព្រឹត្តិការណ៍ទាំងពីរនេះត្រូវបានប្រារព្ធឡើងក្នុងឆ្នាំសេសអស់រយៈពេលជាច្រើនឆ្នាំមកហើយ បានទាក់ទាញការចូលរួមពីសហគ្រាសយោធា និងការពារជាតិមួយចំនួនធំ។ ទន្ទឹមនឹងនេះ នៅដើមខែវិច្ឆិកា ឆ្នាំ ២០២២ ប្រទេសកោះឥណ្ឌូណេស៊ី ក៏បានរៀបចំពិព័រណ៍ និងវេទិកាការពារជាតិឥណ្ឌូនេស៊ី ២០២២ ដែលជាព្រឹត្តិការណ៍មួយដែលមានការចូលរួមពីក្រុមហ៊ុនចំនួន ៩០៥  ដែលក្នុងនោះមានក្រុមហ៊ុនឥណ្ឌូនេស៊ីចំនួន ១៥៨ និងក្រុមហ៊ុនចំនួន ៧៤៧ មកពី ៥៩ ប្រទេសជុំវិញពិភពលោក។ ក្នុងបរិបទដែលប្រទេសអាស៊ានទាំងបីបានលើកឡើងខាងលើ បានរៀបចំដោយជោគជ័យនូវពិព័រណ៍ការពារជាតិអន្តរជាតិរៀងរាល់ពីរឆ្នាំម្តង ការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២២ ទោះបីជាបានប្រព្រឹត្តទៅជាលើកដំបូង និងមានទំហំទ្រង់ទ្រាយតូចជាងក្តីប៉ុន្តែនៅតែមានការចូលរួមពីគណៈប្រតិភូ និងធុរកិច្ចដែលបានរៀបរាប់ខាងលើនោះបានបង្ហាញថា វៀតណាមមានភាពទាក់ទាញយ៉ាងខ្លាំង។

រដ្ឋលេខាធិការនៃកងកម្លាំងប្រដាប់អាវុធនៃក្រសួងការពារជាតិអង់គ្លេស James Heappey បានវាយតម្លៃខ្ពស់ចំពោះពិព័រណ៍នេះ លោកបានបង្ហើបថា អង់គ្លេសមើលឃើញសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការនៅវៀតណាម ហើយចាត់ទុកពិព័រណ៍នេះជាពេលវេលាសមស្របដើម្បីណែនាំដល់វៀតណាមនូវឱកាសកិច្ចសហប្រតិបត្តិការដែលអាចកើតមាន។ លោក James Heappey បានមានប្រសាសន៍ថា “អង់គ្លេសទន្ទឹងរង់ចាំយ៉ាងខ្លាំងក្នុងការធ្វើជំនួញជាមួយវៀតណាម ការផ្គត់ផ្គង់ឧបករណ៍ និងការបង្កើតទំនាក់ទំនងជាមួយកងទ័ពវៀតណាម”។

ទន្ទឹមនឹងនោះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc Knapper បានអះអាងថា ការចូលរួមរបស់អង្គភាពអាជីវកម្មអាមេរិកក្នុងការតាំងពិព័រណ៍នេះឆ្លុះបញ្ចាំងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ហើយសង្ឃឹមថា តាមរយៈពិព័រណ៌នេះ នឹងមានឱកាសកាន់តែច្រើនដើម្បីពង្រឹងភាពជាដៃគូនេះ។

ការតាំងពិព័រណ៌នេះក៏បង្ហាញពីវត្តមានដ៏រឹងមាំបំផុតមិនធ្លាប់មានរបស់ឥណ្ឌានៅវៀតណាមក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មលើវិស័យការពារជាតិ និងពង្រឹងទំនាក់ទំនងទ្វេភាគី។ យោងតាមស្ថានទូតឥណ្ឌាប្រចាំនៅវៀតណាម ឥណ្ឌាដាក់តាំងពិព័រណ៌ផលិតផលល្អបំផុតនៅក្នុងឧស្សាហកម្មការពារជាតិរបស់ខ្លួន ហើយស្វែងរកការរំពឹងទុកនៃការនាំចេញនាពេលអនាគត។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស ឧទ្ទេសនាមដល់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី អំពីកន្លែងតាំងពិព័រណ៌ខាងក្រៅ នៅឯពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២២

អានុភាពសម្រាប់ជំរុញការអភិវឌ្ឍឧស្សាហកម្មការពារជាតិ

ពិព័រណ៍នេះបានបង្ហាញថា ជាឱកាសល្អសម្រាប់អាជីវកម្មនៃប្រទេសទាំងអស់ចូលរួមដើម្បីស្វែងរកឱកាសសហប្រតិបត្តិការ។ ព័ត៌មានដែលបានបង្ហើប ពីកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួនដែលបានចុះហត្ថលេខា ភ្លាមៗនៅឯការតាំងពិពណ៌បង្ហាញថា នេះគឺជាអានុភាពសម្រាប់ជំរុញឧស្សាហកម្មការពារជាតិរបស់ប្រទេសយើង៖ កិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ និងសាជីវកម្មសាងសង់នាវា Damen (ហូឡង់); កិច្ចសន្យាគោលការណ៍រវាងរោងចក្រ Z113 និងរោងចក្រ Z195 នៃអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ និងក្រុមហ៊ុន Liquid Gas នៃប្រទេសអ៊ីស្រាអែល,  កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសាកល្បងដាក់ពង្រាយបណ្តាញ 5G នៅក្នុងប្រទេសឥណ្ឌា និងកិច្ចសន្យានាំចេញឧបករណ៍បច្ចេកវិទ្យាខ្ពស់ទៅកាន់ទីផ្សារឥណ្ឌារវាងក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់ Viettel (VHT) និងសាជីវកម្ម UTL Group (ឥណ្ឌា)។

កិច្ចព្រមព្រៀងខាងលើ "បង្កើតផល" ពីការតាំងពិពណ៌ ប៉ុន្តែវាក៏មានអត្ថន័យកាន់តែស៊ីជម្រៅគឺបណ្តាលមកពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិរបស់ប្រទេសវៀតណាម។ ដោយផ្តើមចេញពីមាគ៌ា និងគោលនយោបាយនោះ ការរៀបចំតាំងពិព័រណ៌លើកនេះគឺជាការរំលេចមួយសម្រាប់វិស័យឧស្សាហកម្មការពារជាតិវៀតណាម ក្រោកឈរបង្ហាញខ្លួនឯងផង  ធានាបានការផ្គត់ផ្គង់សម្ភារៈយោធាសម្រាប់បេសកកម្មត្រៀមប្រយុទ្ធ និងការពារមាតុភូមិផង ថែមទាំង មានគ្រប់គ្រាន់សមត្ថភាពដើម្បីដឹកនាំការអភិវឌ្ឍន៍ឧស្សាហកម្មរបស់ប្រទេសជាតិផងដែរ។

ក្រឡេកមកមើលពីការអភិវឌ្ឍវិស័យឧស្សាហកម្មការពារជាតិរបស់បណ្តាប្រទេសក្នុងអាស៊ានវិញ យើងទើបឃើញថា គោលនយោបាយលើកកំពស់វិស័យឧស្សាហកម្មការពារជាតិគឺត្រឹមត្រូវ និងសក្តិសមទៅនឹងសក្តានុពលរបស់វៀតណាម។ នៅក្នុងពិធីបើកសម្ពោធ LIMA ក្នុងឆ្នាំ ២០១៧  នាយករដ្ឋមន្ត្រីម៉ាឡេស៊ីគ្រានោះគឺ លោក Najib Razak បានបញ្ជាក់ថា នៅឆ្នាំ ២០៣០ វិស័យឧស្សាហកម្មការពារជាតិរបស់ប្រទេសនេះនឹងបង្កើតការងារដែលមានប្រាក់ចំណូលខ្ពស់ប្រហែល ៣២,០០០ នាក់ ជាមួយនឹងប្រាក់ចំណូលនៃវិស័យនេះជាង ១៦ ពាន់លានដុល្លារ។ សេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅពេលនោះបង្កប់ន័យថា ប្រទេសនេះចង់ផលិតអាវុធ និងឧបករណ៍យោធាដោយខ្លួនឯង។

រីឯប្រទេសឥណ្ឌូនេស៊ីវិញ  បំណងប្រាថ្នាចង់មានខឿនឧស្សាហកម្មការពារជាតិដោយពឹងផ្អែកលើខ្លួនឯងក៏ត្រូវបានបញ្ជាក់ម្តងហើយម្តងទៀតដោយធនធានផ្ទៃក្នុងរបស់ក្រុមហ៊ុនក្នុងស្រុក និងគោលនយោបាយរបស់រដ្ឋាភិបាលមួយនេះ ដើម្បីបង្កើតលក្ខខណ្ឌងាយស្រួលជាអតិបរមាសម្រាប់សហគ្រាសក្នុងស្រុកអាចចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អាវុធ សម្ភារៈឧបករណ៍យោធា។

ក្រឡេកទៅមើលជុំវិញពិភពលោក គេអាចមើលឃើញយ៉ាងច្បាស់ថា ប្រទេសមហាអំណាច សុទ្ធតែជាប្រទេសដែលម្ចាស់ការក្នុងវិស័យឧស្សាហកម្មការពារជាតិ ពួកគេមិនត្រឹមតែមិនទិញពីប្រទេសដ៏ទៃប៉ុណ្ណោះទេ ថែមទាំងអនុញ្ញាតឱ្យមានការនាំចេញសព្វាវុធ និងសម្ភារៈបរិក្ខារដែលមានអានុភាពទាបជាងរបស់របរដែលគេកំពុងមានក្នុងដៃ។ សង្កេបសេចក្តីមកគឺ ប្រទេសមួយដែលត្រូវបានចាត់ទុកជាមហាអំណាចលុះត្រាតែ ជាប្រទេសខ្លាំងទាំងផ្នែកយោធា និងសេដ្ឋកិច្ច។ ជាមួយនឹងកិត្យានុភាពរបស់យើង ការតាំងពិព័រណ៍ឧស្សាហកម្មការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២២ គឺជាគោលដៅចាំបាច់សម្រេចបានក្នុងពេលឆាប់ៗនេះ។

បង្កើនថែមការជឿទុកចិត្ត និងក្តីស្រឡាញ់

ក្នុងប៉ុន្មានថ្ងៃមុនពេលបើកការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២២ បានទាក់ទាញចំណាប់អារម្មណ៍ជាពិសេសរបស់ប្រជាជន និងសារព័ត៌មានទាំងក្នុង និងក្រៅប្រទេស។ រូបភាពនៃកងទ័ពប្រជាជនវៀតណាម តាមរយៈការសម្តែងក្បាច់គុនដ៏ប៉ិនប្រសប់របស់កងកុម្ម៉ង់ដូ ឬគ្រាន់តែតាមរយៈរូបភាពរថក្រោះ T-90S ក្នុងក្របខ័ណ្ឌរបស់ជួរកងទ័ពវៀតណាម ដែលតាំងបង្ហាញក្នុងពិព័រណ៌បានរំលេចចេញនូវក្តី មោទនភាពជាតិ និងការជឿជាក់ និងការស្រលាញ់របស់ប្រជាជនយើងសម្រាប់កងទ័ពវៀតណាម។

រូបភាពមនុស្សរាប់ពាន់នាក់ ទាំងក្មេងរហូតដល់ចាស់ តម្រង់ជួរដើម្បីចូលមើលការតាំងពិពណ៌កាលពីថ្ងៃទី១០ ខែធ្នូ បានមើលជាក់ភ្នែកគ្រាប់រ៉ុក្កែត ឬ រថក្រោះ បានស្វែងយល់ពីលក្ខណៈពិសេសនៃអាវុធជាច្រើនប្រភេទគឺការបញ្ជាក់អំពីចំណាប់អារម្មណ៍យ៉ាងខ្លាំងរបស់ប្រជាជនក្នុងការអភិវឌ្ឍកងទ័ពរបស់យើង។ វាពិបាកណាស់ក្នុងការប្រើពាក្យសំដីដើម្បីបង្ហាញយ៉ាងពេញលេញនូវចំណាប់អារម្មណ៍ និងការជឿជាក់របស់ប្រជាជនពីគ្រប់មជ្ឈដ្ឋានចំពោះការតាំងពិព័រណ៍ និងការរីកលូតលាស់នៃកងទ័ពប្រជាជនវៀតណាម។ អាចបញ្ជាក់បានថានេះជាពិព័រណ៍ការពារជាតិអន្តរជាតិលើកដំបូងចាប់តាំងពីប្រទេសយើងត្រូវបានបង្កើតឡើង។ នេះជាទីកន្លែងដែលប្រជាជនយើងបានឃើញជាលើកដំបូងនូវសព្វាវុធទំនើបៗជាច្រើនប្រភេទរបស់កងទ័ព ហើយជាលើកដំបូងដែលប្រជាជនបានឃើញវត្តមានរបស់អង្គភាព និងក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិមកតាំងបង្ហាញផលិតផលការពារជាតិ ក្នុងគោលបំណងសហប្រតិបត្តិការ និងអភិវឌ្ឍ ដើម្បីពិភពលោកកាន់តែល្អប្រសើរ ដែលក្រសួងការពារប្រទេសវៀតណាមបានរៀបចំ៕

បកប្រែដោយ Minh Trung