នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកប្រកបដោយសេរី និង​បើកចំហ ដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យភាព និងអធិបតេយ្យភាពរបស់ប្រទេសដ៏ទៃ មិនថាប្រទេសធំ ឬ ប្រទេសតូចនិងគោរពច្បាប់អន្តរជាតិ។ ប្រធានគណៈប្រតិភូមកពីបណ្តាប្រទេសអាស៊ានបានស្វាគមន៍ចំពោះការចូលរួមយ៉ាងសកម្មរបស់​សហរដ្ឋអាមេរិកនៅក្នុងយន្តការកិច្ចសហប្រតិបត្តិការដែលដឹកនាំដោយអាស៊ាន ជាពិសេស ADMM+​។

leftcenterrightdel
កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក

* នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ឥណ្ឌា លោក Shri Rajnath Singh រដ្ឋមន្ត្រីការពារជាតិឥណ្ឌា បានអះអាងថា ឥណ្ឌាតែងតែគោរពតួនាទីមជ្ឈភាពរបស់អាស៊ាន និងចូលរួមយ៉ាងសកម្មក្នុងយន្ដការដែលដឹកនាំដោយអាស៊ាន ដូច ជាកិច្ចប្រជុំកំពូលអាស៊ីបូព៌ា វេទិកាតំបន់អាស៊ាន  គោលនយោបាយ "ឆ្ពោះទៅខាងកើត" គឺជាការបង្ហាញពីការប្តេជ្ញាចិត្តដ៏មុត​មាំ​របស់ឥណ្ឌាក្នុងការជំរុញទំនាក់ទំនងជាមួយអាស៊ាន។ នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការពារជាតិឥណ្ឌាបានផ្ដល់គំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការជាមួយអាស៊ានលើការលើកកម្ពស់ការចូលរួមរបស់ស្ត្រីអាស៊ានក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងឆ្លើយតបទៅនឹងការបំពុលសមុទ្រដែលបណ្តាលមកពីកាកសំណល់ប្លាស្ទិក។

ថ្លែងមតិក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងរដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោករដ្ឋមន្ត្រី Phan Van Giang បានវាយតំលៃខ្ពស់ចំពោះសំណើដ៏មានអត្ថន័យរបស់ក្រសួងការពារជាតិឥណ្ឌា ដើម្បីរំលឹកខួបលើកទី ៣០ នៃទំនាក់ទំនងអាស៊ាន-ឥណ្ឌា។ ការដែលរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងឥណ្ឌា រៀបចំកិច្ចប្រជុំក្រៅផ្លូវការជាលើកដំបូងគឺជាឱកាសដ៏ល្អដើម្បីពិភាក្សាអំពីបញ្ហាដែលយកចិត្ដទុកដាក់ដូចគ្នា និងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន-ឥណ្ឌា។ ទន្ទឹមនឹងនោះ ការដែលអាស៊ានបានឯកភាពជាគោលការណ៍រៀបចំសមយុទ្ធដែនសមុទ្ររួមគ្នាអាស៊ាន-ឥណ្ឌាជាលើកដំបូងបានបង្ហាញពីការគាំទ្ររបស់អាស៊ានចំពោះការលើកសំណើរបស់ឥណ្ឌា។

សកម្មភាពជួបជុំទ្វេភាគីជាច្រើន

បន្ទាប់ពីកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អាមេរិក, អាស៊ាន-ឥណ្ឌា លោករដ្ឋមន្ត្រី Phan Van Giang បាន​ជួបប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ឥណ្ឌា។

ក្នុងជំនួបជាមួយលោក Prabowo Subianto រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី រដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងឥណ្ឌូនេស៊ីសម្រេចបានលទ្ធផលវិជ្ជមានជាច្រើននាពេលកន្លងមក។ នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់; ជំរុញយន្តការសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រី ក្រុមការងាររួម ការផ្លាស់ប្តូរព័ត៌មាន។ រក្សាកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលកម្មាភិបាល; ពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹក និងកងទ័ពជើងអាកាសនៃប្រទេសទាំងពីរ; ជំរុញកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ សង្គ្រោះគ្រោះមហន្ដរាយផងដែរ។

* ក្នុងជំនួបជាមួយលោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក

រដ្ឋមន្ត្រីទាំងពីរបានឯកភាពថា ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិនៃប្រទេសទាំងពីរនឹងបន្តអនុវត្តយ៉ាងសកម្មស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីដែលបានចុះហត្ថលេខា​ក្នុងឆ្នាំ ២០១១, សេចក្តីប្រកាសស្ដីពីចក្ខុវិស័យអំពីទំនាក់ទំនងការពារជាតិដែលបានចុះហត្ថលេខាក្នុង ឆ្នាំ ២០១៥ និងការដឹកនាំបញ្ជារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ 

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang និងលោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក

លោករដ្ឋមន្ត្រី Phan Van Giang បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តផ្តល់អាទិភាពផ្តោតលើការជួយគាំទ្រវៀតណាមក្នុងការជំនះពុះពារផលវិបាកនៃសង្គ្រាម រួមទាំងការពន្លឿនដំណើរការនៃការកម្ចាត់ជាតិគីមីពុល dioxin នៅតំបន់អាកាសយានដ្ឋាន Bien Hoa, បន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងការរក្សាសន្តិភាព វេជ្ជសាស្ត្រយោធា និងវិស័យសហប្រតិបត្តិការដែលមានស្រាប់រវាងភាគីទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពថែមទៀត។

* ក្នុងជំនួបជាមួយលោក Lee Jong-sup រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង រដ្ឋមន្ត្រីទាំងពីរបានអះអាងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ដោយផ្អែកលើឯកសារកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា ជាពិសេសសេចក្តីប្រកាសស្តីពីចក្ខុវិស័យរួមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដល់ឆ្នាំ២០៣០។ ភាគីទាំងពីរបានរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាទៀងទាត់នៅគ្រប់លំដាប់ថ្នាក់ និងយន្តការពិគ្រោះយោបល់ រួមទាំងយន្តការសន្ទនាគោលនយោបាយការពារជាតិប្រចាំឆ្នាំថ្នាក់អនុរដ្ឋមន្ត្រីផងដែរ។ នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ រួមទាំងគណៈប្រតិភូជាន់ខ្ពស់ និងរក្សាយន្តការសហប្រតិបត្តិការប្រចាំឆ្នាំ។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី Phan Van Giang បានអញ្ជើញថ្នាក់ដឹកនាំក្រសួងការពារជាតិកូរ៉េខាងត្បូង និងបណ្ដាសហគ្រាសការពារជាតិគាំទ្រនិងចូលរួមពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២២។

* ក្នុងជំនួបជាមួយលោក Shri Rajnath Singh រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា លោករដ្ឋមន្ត្រី Phan Van Giang បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រីដែលបានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ ដំណើរទស្សនកិច្ចនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងឱកាសរំលឹកខួបលើកទី៥០​ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងឥណ្ឌា។ លទ្ធផលនៃដំណើរទស្សនកិច្ចរួមជាមួយនឹងការចេញសេចក្តីថ្លែងការណ៍រួមស្តីពីទំនាក់ទំនងភាពជាដៃគូលើវិស័យការពារជាតិវៀតណាម-ឥណ្ឌា និងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីជួយឧបត្ថម្ភគ្នាទៅវិញទៅមកផ្នែកភ័ស្តុភាររវាងក្រសួងការ​ពារជាតិទាំងពីរគឺកម្លាំងចលករសំខាន់ រួមចំណែកក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឈានដល់កម្រិតកម្ពស់ថ្មីមួយ និងមានប្រសិទ្ធភាព។

នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរ; បន្ដរក្សានិងបង្កើនប្រសិទ្ធភាពនៃយន្តការសន្ទនា ពិគ្រោះយោបល់ ជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គភាពកងទ័ពនៃប្រទេសទាំងពីរ  និងជំរុញកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ ដោយផ្អែកលើកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា...។

* នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា មុននឹងអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត ADMM លោករដ្ឋមន្ត្រី Phan Van Giang បានជួបពិភាក្សាទ្វេភាគីជាមួយលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ។

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang បានជួបពិភាក្សាទ្វេភាគីជាមួយលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ

នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីស្ថានភាពពិភពលោក និងតំបន់ ព្រមទាំងវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងដាក់ទៅដៅសហប្រតិបត្តិការនាពេលខាងមុខ។ ក្នុងឱកាសនេះ តាងនាមក្រសួងការពារប្រទេសវៀតណាម លោករដ្ឋមន្ត្រី Phan Van Giang បានអញ្ជើញលោករដ្ឋមន្ត្រី Chansamone Chanyalath មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងអញ្ជើញចូលរួមពិព័រណ៍ការពារជាតិអន្តរជាតិ​វៀតណាមឆ្នាំ ២០២២៕

បកប្រែដោយ Thanh Cong