នៅក្នុងការផ្លាស់ប្ដូរបទពិសោធន៍នេះ ប្រតិភូទាំងឡាយបានពិភាក្សាអំពីខ្លឹមសារដែលពាក់ព័ន្ធនឹងកត្តាគតិយុត្តក្នុងការធានាការអនុវត្តច្បាប់នៅសមុទ្រ។ យោងតាមលោកវរសេនីយ៍ឯក Pham Manh Thang អនុប្រធាននាយកដ្ឋានទាក់ទងបរទេសនៃក្រសួងការពារប្រទេសវៀតណាម បានឲ្យដឹងថា សកម្មភាពលើកនេះរួមចំណែកធ្វើឲ្យប្រសើរឡើងនូវខ្លឹមសារនៃ IPE21 ព្រមទាំងបង្ហាញពីសុឆន្ទៈរវាងក្រសួងការពារជាតិទាំងពីរក្នុងការបន្តជំរុញសន្ទុះនៃកិច្ចសហប្រតិបត្តិការការពារជាតិ និងមិនទុកឲ្យអាក់ខានដល់កិច្ចសហប្រតិបត្ដិការការពារជាតិដោយសារជំងឺរាតត្បាត Covid-19 ។

leftcenterrightdel
លោកវរសេនីយ៍ឯក Pham Manh Thang ថ្លែងក្នុងការផ្លាស់ប្ដូរបទពិសោធន៍ 

បញ្ហា យេនឌ័រ សន្តិភាព និងសន្តិសុខគឺជាប្រធានបទដែលទទួលបានការចាប់អារម្មណ៍ពីប្រទេសជាច្រើននាបច្ចុប្បន្ននេះ។ ដោយ​មានការយល់ព្រមពីក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិអូស្ត្រាលី នាយកដ្ឋានរក្សាសន្តិភាព វៀតណាម បានសហការជាមួយស្ថានទូតអូស្ត្រាលីប្រចាំទីក្រុងហាណូយ រៀបចំកិច្ចប្រជុំដើម្បីពិភាក្សាលើប្រធានបទនេះ។ ប្រតិភូទាំងឡាយបានផ្លាស់ប្តូរបទពិសោធន៍អំពីការលើកកម្ពស់សមត្ថភាព និងចំណេះដឹងដល់នាយទាហានវៀតណាម ជាពិសេសនាយទាហាននារីវៀតណាម នៅពេលចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ តាមរយៈនោះ រួមចំណែកលើកកម្ពស់តួនាទី និងកិត្យានុភាពរបស់វៀតណាមក្នុងតំបន់ និងលើពិភពលោកក្នុងវិស័យរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ​។ 

leftcenterrightdel
ប្រតិភូទាំងឡាយផ្លាស់ប្ដូរបទពិសោធន៍អំពីសន្ដិសុខសមុទ្រតាមប្រព័ន្ធវីដេអូ

ទន្ទឹមនឹងនោះ បញ្ហាជំនួយមនុស្សធម៌ និងការជួយសង្គ្រោះគ្រោះមហន្តរាយគឺជាប្រធានបទនៃកិច្ចពិភាក្សារវាងនាយកដ្ឋាន ជួយសង្គ្រោះគ្រោះមហន្ដរាយ (អគ្គសេនាធិការដ្ឋាន កងទ័ពប្រជាជនវៀតណាម) និងមជ្ឈមណ្ឌលកងទ័ព-ស៊ីវិលអូស្ត្រាលី (ACMC) ក្នុងបរិបទដែលវៀតណាម និងអូស្ត្រាលីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិ ខ្យល់ព្យុះ និងទឹកជំនន់នាពេលកន្លងមក ដែលតម្រូវឱ្យមានការសម្របសម្រួលនៃកងកម្លាំងទាំងអស់។

តាមរយៈកិច្ចពិភាក្សានេះ ភាគីទាំងពីរបានចែករំលែកអំពីការរៀបចំរចនាសម្ព័ន្ធ និងការប្រតិបត្ដិរបស់គ្នាទៅវិញទៅមក ក៏ដូចជាបង្កើតលក្ខខ័ណ្ឌសម្រាប់ជំរុញកិច្ចសហប្រតិបត្ដិការលើវិស័យនេះរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរនាពេលខាងមុខ៕

បកប្រែដោយ Pham Diep