ជាមួយនឹងការប្តេជ្ញាចិត្តចូលរួមក្នុងការប្រកួតប្រជែង និងសកម្មភាពផ្លាស់ប្តូរវប្បធម៌ ការសម្តែងសិល្បៈ រួមចំណែកលើកកម្ពស់ឋានៈកងទ័ពប្រជាជនវៀតណាម បន្ទាប់ពីទទួលបានភារកិច្ចនោះ ក្រុមប្រកួតវប្បធម៌និងសិល្បៈបានធ្វើសកម្មភាពយ៉ាងសកម្ម ច្នៃប្រឌិត ជំនះការលំបាកក្នុងការរៀបចំនិងកសាងកម្មវិធីហ្វឹកហាត់ដើម្បីឆ្ពោះទៅរកលទ្ធផលល្អបំផុតក្នុងការប្រកួតលើកនេះ។

នៅក្នុងកម្តៅថ្ងៃដែលសីតុណ្ហភាពខាងក្រៅឡើងដល់ជាង ៤០ អង្សាសេនោះ លើឆាកហាត់រាំនៅមហាវិទ្យាល័យវប្បធម៌ និងសិល្បៈកងទ័ព សមាជិកទាំងអស់នៃក្រុមសិល្បៈនិងវប្បធម៌ជាតិដែលចូលរួមក្នុងការប្រកួត “កងទ័ពវប្បធម៌” នៅតែខិតខំហ្វឹកហាត់ដោយមិនខ្វល់នឹងការហត់នឿយទេ។ ដើម្បីធានាបាននូវការការពារ Covid-19 ចាំបាច់ត្រូវជៀសវាងការប្រើប្រាស់ម៉ាស៊ីនត្រជាក់បានធ្វើឱ្យមនុស្សគ្រប់គ្នាបែកញើសជោគជាំខ្លួន...។ ដោយសារតែបែកញើសច្រើនពេកពួកគាត់ត្រូវតែជូតសម្អាតកំរាលឥដ្ឋជាញយៗដើម្បីជៀសវាងការដួលដោយរអិល។ លោកស្រីអនុសេនីយ៍ទោ Nguyen Tra My ជាសិល្បករក្រុមរាំម្នាក់នៃរោងល្ខោនកងទ័ពបាននិយាយថា គាត់មានការសប្បាយរំភើបចិត្តយ៉ាងខ្លាំងដោយត្រូវបានអនុញ្ញាតឱ្យចូលរួមជាមួយក្រុមប្រកួតវប្បធម៌និងសិល្បៈលើកនេះ ទោះបីត្រូវតែហ្វឹកហាត់យ៉ាងលំបាកក្តី ប៉ុន្តែគាត់និងមិត្តរួមក្រុមនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីប្តេជ្ញាចិត្តទទួលឱ្យបានលទ្ធផលល្អៗក្នុងការប្រកួតប្រជែងអន្តរជាតិនេះតែម្តង។

leftcenterrightdel
កម្មវិធីសម្តែងសិល្បមួយនៃក្រុមប្រកួត

នៅក្នុងពេលសម្តែងដើម្បីរាយការណ៍អំពីលទ្ធផលហ្វឹកហាត់ដំណាក់កាលទី ១ នៃការអនុវត្តភារកិច្ចរបស់ក្រុមវប្បធម៌សិល្បៈដែលនឹងចូលរួមការប្រកួត “កងទ័ពវប្បធម៌” ក្នុងក្របខ័ណ្ឌ Army Games 2021 លោកវរសេនីយ៍ឯក Nguyen Xuan Thuy នាយកនៃមហាវិទ្យាល័យវប្បធម៌សិល្បកងទ័ពបាននិយាយថា៖ "ដោយស្មារតីម្ចាស់ការ ច្នៃប្រឌិត យកឈ្នះលើការលំបាក អង្គភាពបានសម្របសម្រួលយ៉ាងសកម្មជាមួយរាល់ទីភ្នាក់ងារ និងស្ថាប័នមានសមត្ថកិច្ចដើម្បីរៀបចំនិងកសាងកម្មវិធីសម្រាប់ចូលរួមក្នុងការប្រកួតប្រជែង។ ចំនួន ១៩ ស្នាដៃដែលបានរៀបចំឡើងតាមកាលកំណត់ដោយមានទម្រង់យ៉ាងសម្បូរបែបចាប់ពីការសម្តែងតន្រ្តី របាំ និងបទច្រៀង។ ហើយការសម្តែងសិល្បៈចំនួន ១៩ ស្នាដៃនេះ គឺសុទ្ធតែមានលក្ខណៈវប្បធម៌នៃតំបន់ និងសហគមន៍ជនជាតិវៀតណាម” ផងដែរ។

មានប្រសាសន៍នៅក្នុងពេលសម្តែងរាយការណ៍ពីលទ្ធផលនៃដំណាក់កាលទី ១ អនុវត្តភារកិច្ចរបស់ក្រុមវប្បធម៌សិល្បៈ ដែលចូលរួមក្នុងការប្រកួត “ កងទ័ពវប្បធម៌” នោះ លោកឧត្តមសេនីយ៍ទោ Trinh Van Quyet អនុប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សមាជិកនៃក្រុមវប្បធម៌និងសិល្បៈគ្រប់គ្នាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងពេលហ្វឹកហាត់កន្លងមក។ ប៉ុន្តែលោកឧត្តមសេនីយ៍ទោ Trinh Van Quyet បានលើកឡើងតម្រូវការថា ៖ “ដោយអត្ថន័យនៃការបំពេញបេសកកម្មរបស់ “កងទ័ពវប្បធម៌” សមាជិកក្រុមត្រូវតែខិតខំបន្ថែមទៀត យកចិត្តទុកដាក់និងចំណាយពេលជាច្រើនបន្ថែមទៀតលើការហ្វឹកហាត់ និងបំពាក់ឱ្យបានសព្វគ្រប់នូវឧបករណ៍សម្ភារៈចាំបាច់បម្រើការសម្តែង ពីព្រោះតាមរយៈការសម្តែងសិល្បៈនេះ យើងអាចបង្ហាញពីការអភិវឌ្ឍយ៉ាងខ្លាំងក្លារបស់ប្រទេស កងទ័ពនិងវប្បធម៌វៀតណាមដល់មិត្តភក្ដិអន្តរជាតិ។ ជាពិសេសដល់រាល់ការសម្តែងក៏ត្រូវបង្ហាញពីការប្រទាក់ក្រឡាខាងវប្បធម៌រវាងវៀតណាម និងបណ្តាប្រទេសនានាដោយហេតុនេះរួមចំណែកដល់ការពង្រឹងនូវចំណងមិត្តភាពរវាងវៀតណាមនិងមិត្តភក្តិអន្តរជាតិ៕

បកប្រែដោយ Minh Trung