វៀតណាម និងបារាំងជំរុញទំនាក់ទំនងសហប្រតិបត្តិការការពារជាតិទ្វេភាគី
កប.អនឡាញ - នារសៀលថ្ងៃទី ៥ ឧសភា នៅទីក្រុងហាណូយ កិច្ចប្រជុំនៃក្រុមការងារស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ វៀតណាម-បារាំង បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពរបស់លោកឧត្តមសេនីយ៍ទោ Vu Chien Thang ប្រធាននាយកដ្ឋានការបរទេស ក្រសួងការពារប្រទេសវៀតណាម និងលោកឧត្តមសេនីយ៍ត្រី Eric Peltier ប្រធាននាយកដ្ឋានសហប្រតិបត្តិការទ្វេភាគីភាគខាងត្បូង សេនាធិការដ្ឋានកងទ័ពជើងគោកបារាំង។
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃចំពោះលទ្ធផលដែលភាគីទាំងពីរសម្រេចបានក្នុងរយៈពេលកន្លងមក។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្តត្រូវបានអនុវត្តយ៉ាងសមស្រប។ ទោះបីជាការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 ក៏ដោយក៏ភាគីទាំងពីរនៅតែរក្សាការផ្លាស់ប្តូរនៅថ្នាក់ជាន់ខ្ពស់តាមប្រព័ន្ធវីដេអូដដែល។ លើសពីនេះទៅទៀត ភាគីទាំងពីរបានសហការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធិភាពលើវិស័យជាច្រើនដូចជា៖ ការបណ្តុះបណ្តាល ការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងពេទ្យយោធា។ល។
    |
 |
លោកឧត្តមសេនីយ៍ទោ Vu Chien Thang ជាអធិបតីនៃកិច្ចប្រជុំ |
លោកឧត្តមសេនីយ៍ទោ Vu Chien Thang បានថ្លែងអំណរគុណចំពោះជំនួយពីកងទ័ពបារាំងជូនចំពោះប្រទេសវៀតណាមក្នុងការបណ្តុះបណ្តាល ផ្លាស់ប្តូរជំនាញ និងចែករំលែកបទពិសោធន៍។ ជាពិសេស បារាំងបានបញ្ជូនអ្នកជំនាញការដែលមានបទពិសោធន៍ ដើម្បីផ្តល់ប្រឹក្សាដល់នាយកដ្ឋានរក្សាសន្តិភាពវៀតណាម ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងវៀតណាម និងសហភាពអឺរ៉ុប (EU)។
ក្នុងរយៈពេលខាងមុខ ភាគីទាំងពីរនឹងបន្តរក្សាការផ្លាស់ប្តូរថ្នាក់ជាន់ខ្ពស់ជាមួយនឹងទម្រង់សមស្រប (ដោយផ្ទាល់ ឬតាមប្រព័ន្ធវីដេអូ); រៀបចំសកម្មភាពអបអរសាទរខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការពារជាតិ វៀតណាម-បារាំង (១៩៩១-២០២១); ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជលសាស្រ្ត ការរក្សាសន្តិភាព ពេទ្យយោធា ការបណ្តុះបណ្តាល។ល។ ភាគីទាំងពីរបានកំណត់ពេលវេលានៃកិច្ចសន្ទនាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការការពារជាតិ វៀតណាម - បារាំង នៅឆ្នាំ ២០២១ ក៏ដូចជាឯកភាពលើផែនការសហប្រតិបត្តិការការពារជាតិ វៀតណាម - បារាំង សម្រាប់ឆ្នាំ ២០២១-២០២២៕
បកប្រែដោយ Thanh Cong