ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការយោធាដើម្បីអាស៊ានមួយស្អិតរមួត និងឆ្លើយតប” នៅក្នុងកិច្ចប្រជុំ AMOM-10 លើកនេះ កងទ័ពនៃបណ្តាប្រទេសអាស៊ានបានចែករំលែកទស្សនៈលើបញ្ហាសន្តិសុខក្នុងតំបន់ដែលភាគីទាំងឡាយមានការយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងពិភាក្សាអំពីវិធានការដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងអង្គភាពប្រយុទ្ធកងទ័ពនៃបណ្តាប្រទេសអាស៊ាន។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Thai Dai Ngoc ប្រធាននាយកដ្ឋានប្រយុទ្ធនៃអគ្គសេនាធិការដ្ឋាន នៃកងទ័ពប្រជាជនវៀតណាម ជាអធិបតីនៃកិច្ចប្រជុំ AMOM-10

នៅក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ Thai Dai Ngoc បានអះអាងថា៖ “ដើម្បីរក្សាតួនាទីជាមជ្ឈភាពរបស់អាស៊ាន ក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមខាងសន្តិសុខដែលកំពុងកើតឡើង យើងចាំបាច់ត្រូវពង្រឹងការបង្រួបបង្រួម និងការឯកភាពដើម្បីផលប្រយោជន៍រួមរបស់តំបន់”។

ប្រធានគណៈប្រតិភូនៃបណ្តាប្រទេសអាស៊ាន បានចែករំលែកបទពិសោធន៍នៃកងទ័ពក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដោយបញ្ជាក់ពីតួនាទីស្នូលរបស់កងទ័ពនៅក្នុងសកម្មភាពនេះ។ បណ្តាប្រទេសអាស៊ានក៏បានបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តរក្សាផែនការសហប្រតិបត្តិការតាមរបៀបសមស្របនឹងស្ថានភាពថ្មី និងគាំទ្រគំនិតផ្តួចផ្តើមសហប្រតិបត្តិការរវាងកងទ័ពនៃបណ្តាប្រទេសអាស៊ាន ទាំងនៅវេទិកាទ្វេភាគី និងពហុភាគី។

បណ្តាប្រទេសអាស៊ានបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ម្ចាស់ផ្ទះវៀតណាម ក្នុងការរៀបចំកិច្ចប្រជុំនេះតាមរយៈប្រព័ន្ធវីដេអូ ក្នុងបរិបទនៃជំងឺរាតត្បាត Covid-19  ក៏ដូចជាកិច្ចប្រជុំការពារជាតិ - យោធាអាស៊ានប្រកបដោយជោគជ័យក្នុងឆ្នាំ ព្រមទាំងលើកឡើងយ៉ាងឆាប់រហ័សនូវគំនិតផ្តួចផ្តើមដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតក៏ដូចជាសកម្មភាពសហប្រតិបត្តិការការពារជាតិ - យោធាក្នុងតំបន់៕

បកប្រែដោយ Huyen Trang