យោងតាមកាសែតញូវយ៉កថែមស៍ បានឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តជាឯកច្ឆន្ទលើសេចក្ដីសម្រេចស្ដីពីការអំពាវនាវឱ្យបណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិបង្កើនចំនួនយោធិនស្ដ្រីឱ្យចូលរួមបេសកកម្មរក្សាសន្ដិភាព។

leftcenterrightdel
យោធិនស្ដ្រីនៃកងទ័ពប្រជាជនវៀតណាមចូលរួមបេសកកម្មរក្សាសន្តិភាពនៅប្រទេសស៊ូដង់ខាងត្បូង

សេចក្ដីសម្រេចខាងលើនេះដែលលើកឡើងដោយប្រទេសឥណ្ឌូនេស៊ី ប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងខែសីហា ឆ្នាំ២០២០ បានចែងថា ប្រទេសនានាគួរតែបង្កើនការចូលរួមរបស់ស្ត្រីនៅគ្រប់តួនាទី រួមទាំងមុខតំណែងជាអ្នកដឹកនាំជាន់ខ្ពស់ក្នុងស្ថានបេសកកម្មរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ។ កាសែតញូវយ៉កថែមស៍បានសរសេរថា សេចក្ដីសម្រេចនេះបានទទួលស្គាល់នូវតួនាទីដែលមិនអាចខ្វះបានរបស់ស្ត្រីក្នុងការលើកកម្ពស់ប្រសិទ្ធភាពរបស់ស្ថានបេសកកម្មរក្សាសន្ដិភាពរបស់អង្គការ​សហប្រជាជាតិ ទន្ទឹមនឹងនេះជាមធ្យោបាយមួយដើម្បីលើកកម្ពស់ប្រសិទ្ធភាពនិងទំនុកចិត្តរបស់ស្ថានបេសកកម្មរក្សាសន្ដិភាព។ សេចក្ដីសម្រេចបានចែងថា “វត្តមានរបស់ស្ត្រីនិងតុល្យភាពយេនឌ័រក្នុងកងកម្លាំងរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិរួមចំណែកដល់ការបង្កើនការជឿទុកចិត្តរបស់បណ្ដាស្ថានបេសកកម្មចំពោះប្រជាជនមូលដ្ឋាន” ផងដែរ។

សេចក្ដីសម្រេចបានបញ្ជាក់ថា បណ្ដាប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិត្រូវបានលើកទឹកចិត្តឱ្យបង្កើតយុទ្ធសាស្ត្រ និងវិធានការដើម្បីបង្កើនចំនួនយោធិនស្ត្រីចូលរួមបេសកកម្មរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ តាមរយៈយុទ្ធនាការព័ត៌មាន និងការបណ្តុះបណ្តាលព្រមទាំងកំណត់ឧបសគ្គចំពោះការជ្រើសរើសបេក្ខជនក៏ដូចជាតម្លើងឋានៈសម្រាប់យោធិនស្រី ចូលរួមបេសកកម្មរក្សាសន្ដិភាពដែរ។ សេចក្ដីសម្រេចនេះក៏សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការដករបាំងសម្រាប់ស្ត្រី ចូលរួមក្នុងសកម្មភាពរក្សាសន្ដិភាព និងលើកទឹកចិត្តបណ្ដាប្រទេសឱ្យបង្កើតអំណោយផលសម្រាប់ស្ត្រីក្នុងការចូលរួមសកម្មភាពនេះ។

លើសពីនេះទៀត សេចក្ដីសម្រេចនេះបានលើកច្បាស់នូវបញ្ហាមួយក្នុងចំណោមបញ្ហាដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ននេះនៅស្ថានបេសកកម្មរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិគឺការរំខានយាយីផ្លូវភេទ ហើយសេចក្ដីសម្រេចនេះក៏អំពាវនាវឱ្យបង្កើន កិច្ចខិតខំប្រឹងប្រែងដើម្បីការពារ និងដោះស្រាយការរំខានយាយីផ្លូវភេទក្នុងចំណោមស្ថានបេសកកម្មតាមរយៈកិច្ចសហប្រតិបត្តិការ និងពិគ្រោះយោបល់ជាមួយបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ។

ទោះបីជាមានការខិតខំប្រឹងប្រែងក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះក៏ដោយ ក៏នៅក្នុងស្ថានបេសកកម្មរក្សាសន្ដិភាពចំនួន ១៣ របស់អង្គការសហប្រជាជាតិនៅជុំវិញពិភពលោកនៅតែកើតឡើងវិសមភាពយែនឌ័ររវាងបុរស និងស្ត្រី។ តួលេខស្ថិតិរបស់អង្គការសហប្រជាជាតិបង្ហាញថា ក្នុងឆ្នាំ ១៩៩៣ ស្ត្រីមានចំនួនត្រឹមតែ ១% នៃទាហានសរុបចូលរួមរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ។ រហូតមកដល់ពេលនេះ ចំនួននេះបានកើនឡើង ប៉ុន្តែមិនគួរឱ្យកត់សម្គាល់ទេ។ ជាក់ស្តែងនៅស្ថានបេសកកម្មចំនួន ១៣ របស់អង្គការសហប្រជាជាតិមានស្ត្រីប្រមាណ ៦% ចូលរួមរក្សាសន្ដិភាពក្នុងចំណោម ៩៥.០០០ នាក់។

ប្រឈមមុខនឹងស្ថានភាពខាងលើនេះ កាលពី ៥ ឆ្នាំមុន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានការកើនឡើងទ្វេដងនៃស្ត្រីចូលរួមសកម្មភាពរក្សាសន្ដិភាពនៅឆ្នាំ ២០២៨។ នាពេលថ្មីៗនេះ អង្គការសហប្រជាជាតិក៏បានដាក់ពង្រាយចំនួនស្ត្រីជាច្រើនទទួលមុខតំណែងជាន់ខ្ពស់នៃកងកម្លាំងរក្សាសន្ដិភាព ដែលក្នុងនោះមេបញ្ជាការកម្លាំងម្នាក់និងមេបញ្ជាការរងពីររូបបំពេញការងារនៅភូមិសាស្រ្ដជាក់ស្ដែង។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានឲ្យដឹងថា ការប្រយុទ្ធដើម្បីសមភាពយេនឌ័រគឺជាបញ្ហាប្រឈមដ៏ធំបំផុតមួយរបស់អង្គការសហប្រជាជាតិ។ ដូច្នេះហើយ អង្គការពហុភាគីធំបំផុតនៅលើពិភពលោកនេះ កំពុងផ្តល់អាទិភាពចំបងសម្រាប់ការលើកកម្ពស់តួនាទីរបស់ស្ត្រីនិងការសម្រេចគោលដៅអំពីសមភាពយេនឌ័រ។ ជាមួយនឹងការអំពាវនាវនិងសេចក្ដីសម្រេចដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាពេលកន្លងមក ស្ដ្រីនឹងចូលរួមកាន់តែច្រើនក្នុងបេសកកម្មរក្សាសន្ដិភាពរបស់អង្កការសហប្រជាជាតិជាពិតប្រាកដ៕

បកប្រែដោយ Pham Diep