ជំងឺ COVID-១៩ បានក្លាយទៅជាជំងឺរីករាលដាលជាសកលកំរិតគ្រោះថ្នាក់ខ្ពស់ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់គ្រប់វិស័យដូចជាសេដ្ឋកិច្ច នយោបាយ សង្គម កិច្ចការបរទេស សន្តិសុខ និងវិស័យការពារជាតិជាដើមនៃគ្រប់ប្រទេស និងតំបន់ដែនដីនៅលើពិភពលោក។

leftcenterrightdel
គណៈកម្មាធិការដឹកនាំនៃក្រសួងការពារប្រទេសស្តីពីការចូលរួមរបស់វៀតណាមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិប្រជុំជាមួយកម្លាំងបំពេញបេសកកម្មរក្សាសន្តិភាព

 

នៅវៀតណាមដោយមានស្មារតី “ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវ” កងទ័ពរបស់ វៀតណាមបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរួមដៃគ្នាជាមួយប្រព័ន្ធនយោបាយទាំងមូលដើម្បីរុញថយជំងឺរាតត្បាតបានជាជំហានដំបូង ហើយនិងត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ដោយចាត់ទុកប្រទេសវៀតណាមជាចំណុចភ្លឺ ជាគំរូនៃពិភពលោកក្នុងការទប់ស្កាត់ជំងឺរាតត្បាត COVID-19 ។ ថ្វីត្បិតតែនៅទ្វីបអាហ្វ្រិកដាច់ស្រយាលនោះកម្មាភិបាលនិងយុទ្ធជននៃកម្លាំងរក្សាសន្តិភាពរបស់វៀតណាមជាច្រើនមិនត្រឹមតែខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃដើម្បីការពារនិងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺប៉ុណ្ណោះទេ ថែមទាំងនៅតែធានាបានការបំពេញភារកិច្ចដ៏ថ្លៃថ្នូទៀតផង។

ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់អំពីស្ថានភាពនៃកម្លាំងរក្សាសន្តិភាពរបស់វៀតណាមដែលកំពុងបំពេញបេសកកម្មនោះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស ប្រធានក្រុមការងារអន្តរស្ថាប័ន និងជាប្រធានគណៈកម្មាធិការដឹកនាំនៃក្រសួងការពារប្រទេសស្តីពីការចូលរួមរបស់វៀតណាមក្នុងប្រតិបត្តិការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាមអំពីសកម្មភាពរបស់យុទ្ធជនមួកខៀវ វៀតណាមនៅប្រទេសស៊ូដង់ខាងត្បូង និងសាធារណរដ្ឋអាហ្វ្រិកកណ្តាលក្នុងបរិបទនៃការរីករាលដាលនៃជំងឺ COVID-១៩ ដ៏ស្មុគស្មាញនៅក្នុងប្រទេសទាំងពីរនេះ។

កងពេទ្យកម្រិត២ លេខ២ របស់វៀតណាមត្រូវបានដាក់ពង្រាយឲ្យបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូងអស់រយៈពេលជាងកន្លះឆ្នាំមកហើយ តើអ្វីដែលជាលទ្ធផលលេចធ្លោក្នុងការបំពេញបេសកកម្មរបស់អង្គភាព និងការវាយតម្លៃលើកងពេទ្យរបស់យើងពីអង្គការសហប្រជាជាតិក៏ដូចជាដៃគូអន្តរជាតិអំពីប្រតិបត្តិការរបស់អង្គភាព?  លោកឧត្តមសេនីយ៍ឯក!

រហូតមកដល់ពេលនេះមិនទាន់មានពេលវេលាគ្រប់គ្រាន់សម្រាប់ឲ្យអង្គការសហប្រជាជាតិធ្វើការវាយតម្លៃជាផ្លូវការលើលទ្ធផលនៃកងពេទ្យកម្រិត២ លេខ២ របស់វៀតណាមនៅស៊ូដង់ខាងត្បូងទេ។ យើងមានតែទិន្នន័យដំបូងៗប៉ុណ្ណោះគឺថា មន្ទីរពេទ្យនៃអង្គភាពទទួល និងព្យាបាលអោយបានជិត ១,០០០ ករណីដោយរួមទាំងករណីធ្ងន់ៗ និងមួយករណីសង្ស័យថាមានជម្ងឺ COVID-19។ អ្នកជំងឺទាំងអស់នោះត្រូវបានព្យាបាលដោយជោគជ័យស្របតាមតម្រូវការរបស់អង្គការសហប្រជាជាតិ ជាពិសេសចំពោះអ្នកជំងឺដែលសង្ស័យថាមានជំងឺ COVID-19។

អង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ចំពោះរាល់លទ្ធផល និងបណ្តាវិធានការណ៍នានាក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 របស់កងពេទ្យកម្រិត២ លេខ២ វៀតណាមដែលអនុវត្តចំពោះមន្ទីរពេទ្យនេះតែម្តងក៏ដូចជាចំពោះកងកំលាំងរបស់វៀតណាម និងអង្គការសហប្រជាជាតិនៅ Bentiu ស៊ូដង់ខាងត្បូងផងដែរ។ ម៉្យាងទៀត សេចក្តីណែនាំ និងបទពិសោធន៍ទាំងអស់របស់រដ្ឋាភិបាល និងកងទ័ពប្រជាជនវៀតណាមអំពីការបង្ការនិងទប់ស្កាត់ជំងឺ COVID-19  ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ដោយកងពេទ្យកម្រិត២ លេខ២ ដូចនៅប្រទេសវៀតណាមដែរ។ អង្គភាពនេះមានសមាសភាពភាគច្រើនមកពីវិទ្យាស្ថានវេជ្ជសាស្ត្រយោធា ដូច្នេះមានការផ្លាស់ប្តូរព័ត៌មានជារៀងរាល់ថ្ងៃ រៀងរាល់ម៉ោងរវាងសិក្ខាកាម និងកងកម្លាំងរបស់អង្គភាពដែលកំពុងបំពេញបេសកកម្មនៅទីនេះ។ រហូតមកដល់ពេលនេះ យើងនៅតែរក្សាបានសុវត្ថិភាពមិនទុកឲ្យមានករណីណាមួយសង្ស័យឆ្លងជំងឺ COVID-19 ទេ ហើយរក្សាទុកបានសម្ភារៈ និងឧបករណ៍ជាមូលដ្ឋានដើម្បីត្រៀមខ្លួនក្នុងស្ថានភាពដែលមានការលំបាកខ្ពស់។

នៅទ្វីបអាហ្វ្រិក ជាពិសេសនៅស៊ូដង់ខាងត្បូង និងអាហ្វ្រិកកណ្តាលនេះ ស្ថានភាពសេដ្ឋកិច្ច - សង្គមនៅតែមិនទាន់អភិវឌ្ឍនៅឡើយទេ ហើយជំងឺរាតត្បាតងាយនឹងផ្ទុះឡើងនៅទីនេះ។ លើសពីនោះទៀត យើងជាអ្នកឈរនៅជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតដូច្នេះសុវត្ថិភាពរបស់កងកម្លាំងរក្សាសន្តិភាពវៀតណាមគឺជាក្តីកង្វល់ដ៏ធំមួយរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិមនិងក្រសួងការពារប្រទេស។ លទ្ធផលដំបូងរហូតមកដល់ពេលនេះបានបង្កើតស្មារតីនឹងនរចិត្ត។ ទោះជាយ៉ាងណាក៏ដោយ ការរីករាលដាលនៅតែមានភាពស្មុគស្មាញ ហេតុនោះយើងត្រូវតែខិតខំបន្ថែមទៀតដើម្បីកុំឱ្យបាត់ភាពម្ចាស់ការនៅពេលដែលជំងឺមានការវិវត្តថ្មី។

ចាប់តាំងពីមានការរីករាលដាលនៃជំងឺ  COVID-19 នោះ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសបានផ្តល់ជំនួយដល់កងកម្លាំងរក្សាសន្តិភាពរបស់វៀតណាមដែលកំពុងបំពេញបេសកកម្មយ៉ាងដូចម្តេច?

គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងគណៈកម្មាធិការដឹកនាំបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ក្នុងកងទ័ពបានកំណត់ថា ភារកិច្ចសំខាន់ៗនៅពេលមានការរីករាលដាលនៃជំងឺគឺធានាឲ្យបាននូវសុវត្ថិភាពរបស់កងកំលាំងរបស់យើង។ នេះគឺជាកិច្ចការដំបូងបង្អស់ និងសំខាន់បំផុត។ ដូច្នេះរាល់ការខិតខំក្នុងការដឹកនាំ ការផ្តល់ជំនួយ និងការទាក់ទងគ្នាជាដើមសុទ្ធតែផ្តោតលើការធានាឲ្យជំងឺមិនឆ្លងដល់កងកម្លាំងរបស់វៀតណាមទេ។

ក្រៅពីនេះ យើងពិតជាយកចិត្តទុកដាក់ដល់ស្មារតីនៃកងទ័ព ពីព្រោះថាថ្នាក់ដឹកនាំជាន់ខ្ពស់នៅប្រទេសស៊ូដង់ខាងត្បូងមួយចំនួនក៏បានឆ្លងជំងឺ COVID-19  ហើយ។ ហេតុដូច្នេះ ប្រសិនបើយើងធ្វើការខាងចិត្តសាស្រ្តមិនបានល្អទេកងទ័ពរបស់យើងនឹងងាយបាត់ភាពនឹងនរចិត្ត។ ទោះជាយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះស្មារតីរបស់បងប្អូនមានភាពរឹងមាំដែរ។

លើសពីនេះទៀត យុទ្ធជននៃកងកម្លាំងរក្សាសន្តិភាពវៀតណាមដែលកំពុងបំពេញភារកិច្ចរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិទាំងនោះត្រូវបានលើកកម្ពស់ចំណេះដឹងអំពីការបង្ការនិងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតហើយ។ ការងារនេះត្រូវបានអនុវត្តមិនត្រឹមតែខាងបច្ចេកទេសចំពោះកងពេទ្យកម្រិត២ លេខ២ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះយុទ្ធជនដែលមិនចេះពីវិជ្ជាជីវៈវេជ្ជសាស្រ្តទៀតផង។

បើនិយាយពីសំភារៈ និងគ្រឿងបរិក្ខារនៅពេលបញ្ជូនកំលាំងឲ្យទៅបំពេញភារកិច្ចរក្សាសន្តិភាពនោះ ក្រសួងការពារប្រទេសក៏បានគិតគូរពីការបង្ការ និងទប់ស្កាត់រោគរាតត្បាតរួចហើយដែរ បានជាអង្គភាពត្រូវបានបំពាក់ទាំងម៉ាស៊ីនជួយការដកដង្ហើម និងថ្នាំព្យាបាលច្រើនប្រភេទ។ល។ នាពេលថ្មីៗនេះក្រសួងការពារប្រទេសបានផ្តល់ថវិកាចំនួន ២ ពាន់លានដុងដើម្បីទិញសំភារៈបរិក្ខារពេទ្យ ហើយសម្ភារៈបរិក្ខារទាំងនោះនឹងត្រូវបញ្ជូនទៅដល់បណ្តាអង្គភាពដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពយ៉ាងឆាប់ៗតាមការអាចធ្វើបាន។

តើជំងឺរាតត្បាត COVID-19 មានជះឥទ្ធិពលយ៉ាងដូចម្តេចលើគំរោងផែនការពង្រាយកម្លាំងរក្សាសន្តិភាពរបស់វៀតណាមនៅទីនេះ? បាទ លោកឧត្តមសេនីយ៍ឯក!

ជំងឺរាតត្បាត COVID-19 បាន​និងកំពុងប៉ះពាល់យ៉ាងខ្លាំងក្លាលើសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ក្នុងនោះរួមទាំងការកំណត់ឡើងវិញនូវបេសកកម្មរក្សាសន្តិភាពដែលមិនត្រឹមតែមានការបង្ការ ការទប់ស្កាត់សង្គ្រាមផ្ទុះឡើង ការស្តារឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងសន្តិសុខមិនមែនប្រពៃណីដែលរួមទាំងការរីករាលដាលនៃជំងឺផងដែរ។

ការរាតត្បាត COVID-19  ក៏ជះឥទ្ធិពលយ៉ាងខ្លាំងដល់ការរៀបចំកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិជាទូទៅដែរ។ នៅក្នុងបរិបទនេះ ម្ខាងយើងបន្តបំពេញការងារដែលយើងកំពុងធ្វើឲ្យបានល្អ ប៉ុន្តែយើងចាំបាច់ត្រូវក្តាប់ឲ្យបានជាប់នូវស្ថានភាពដើម្បីប្រកាន់ភ្ជាប់នូវការផ្លាស់ប្តូរថ្មីរបស់អង្គការសហប្រជាជាតិ ហើយត្រូវតែរៀបចំនិងគិតគូរយ៉ាងហ្មត់ចត់លើរាល់កត្តាសម្រាប់ពេលវាលាខាងមុខ ពោលគឺតើកំលាំងណាមួយគួរតែត្រូវបានបញ្ជូនទៅ ហើយបើទៅគឺបំពេញភារកិច្ចអ្វីខ្លះឲ្យសមស្របទៅនឹងតម្រូវការថ្មីនៃស្ថានភាពនេះ។

បច្ចុប្បន្ននេះកងពេទ្យកម្រិត២ លេខ២ និយាយដោយឡែកក៏ដូចជាកងកម្លាំងរក្សាសន្តិភាពរបស់ប្រទេសវៀតណាមនិយាយរួម រួមទាំងតំណាងក្រសួងការពារប្រទេសវៀតណាមនៅអង្គការសហប្រជាជាតិកំពុងចាប់យកព័ត៌មាន និងរាយការណ៍យ៉ាងទៀងទាត់ដើម្បីគណៈកម្មាធិការបក្សយោធាមជ្ឈិម  និងក្រសួងការពារប្រទេសឲ្យមានការពិចារណា  និងកែសំរួលឲ្យសមស្របនាពេល​ខាងមុខនេះ។

សូមអរគុណលោកឧត្តមសេនីយ៍ឯក!

បកប្រែដោយ Minh Trung