កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កូរ៉េខាងត្បូងលើកទី១២
កប.អនឡាញ - នាថ្ងៃទី ១១ ខែកញ្ញា កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - កូរ៉េខាងត្បូងលើកទី ១២ បានប្រព្រឹត្តទៅនៅទីស្នាក់ការក្រសួងការពារជាតិកូរ៉េខាងត្បូងនៅទីក្រុងសេអ៊ូល។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោក Lee Doo Hee អនុរដ្ឋមន្ត្រីក្រសួងការពារជាតិនៃកូរ៉េ ខាងត្បូងអញ្ជើញជាសហប្រធាននៃកិច្ចសន្ទនានេះ។
នៅក្នុងកិច្ចសន្ទនានេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា ក្នុងរយៈពេលថ្មីៗនេះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-កូរ៉េខាងត្បូងបានបន្តទទួលបានការយកចិត្តទុកដាក់ពីភាគីទាំងពីរ សម្រេចបានលទ្ធផលជាក់ស្តែង និងលេចធ្លោលើវិស័យជាច្រើនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់; យន្តការសន្ទនា និងពិគ្រោះយោបល់ត្រូវបានរក្សាជាប្រចាំ និងប្តូរវេនគ្នាក្នុងប្រទេសនីមួយៗ ដោយហេតុនេះ រួមចំណែកលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក រួមចំណែកលើកកម្ពស់ខ្លឹមសារកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែង។ កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលអង្គភាពយោធា ការយកឈ្នះលើផលវិបាកនៃសង្គ្រាម ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឧស្សាហកម្មការពារជាតិ ការសម្របសម្រួល និងពិគ្រោះយោបល់ជាប្រចាំលើវេទិកាពហុភាគី ជាពិសេស ADMM+...
លោក Lee Doo Hee បានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូសំខាន់របស់កូរ៉េខាងត្បូង ក្នុងនោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិគឺជាសសរស្តម្ភសំខាន់ ដោយមានចំណុចលេចធ្លោក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល និងការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ កូរ៉េខាងត្បូងសង្ឃឹមថា ភាគីទាំងពីរនឹងជំរុញការស្រាវជ្រាវដើម្បីពង្រីកវិស័យកិច្ចសហប្រតិបត្តិការផ្សេងទៀត។
    |
 |
ប្រតិភូទាំងឡាយថតរូបជុំគ្នា |
នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីស្ថានភាពពិភពលោក និងតំបន់ ព្រមទាំងបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា វៀតណាមបន្តអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ពហុភាគីភាវូបនីយកម្ម និងការធ្វើពិពិធកម្មទំនាក់ទំនងបរទេស។ ត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេស និងអង្គការអន្តរជាតិ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ រក្សាជាម៉ឺងម៉ាត់គោលនយោបាយការពារជាតិ "បួនមិន"; វៀតណាមគាំទ្រការដោះស្រាយដោយសន្តិវិធីរាល់ជំលោះ និងការខ្វែងគំនិតគ្នានៅសមុទ្រខាងកើត ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ អនុលោមតាមសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC); និងជម្រុញឲ្យបញ្ចប់នៃការចរចា និងការចុះហត្ថលេខាលើក្រមប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (COC) ដែលមានប្រសិទ្ធភាព និងស្របតាមច្បាប់អន្តរជាតិ។
លោក Lee Doo Hee បានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងនិយាយរួម និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរនិយាយដោយ ឡែក។
នៅចុងបញ្ចប់នៃកិច្ចសន្ទនា ប្រធានគណៈប្រតិភូទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិរវាងវៀតណាម និងកូរ៉េខាងត្បូង។
* នៅព្រឹកថ្ងៃដដែល គណៈប្រតិភូបានទៅទស្សនាសាលានាយទាហានកងទ័ពជើងគោកកូរ៉េខាងត្បូង និងមជ្ឈមណ្ឌលហ្វឹកហ្វឺនការពិតនិម្មិតរបស់សាលា។