លោកឧត្តមសេនីយ៍ឯក Phan Van Giang ប្រធានអគ្គសេនាធិការ និងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ។

នៅក្នុងកិច្ចប្រជុំនេះ បន្ទាប់ពីបានស្តាប់លោកឧត្តមនាវីទោ Pham Hoai Nam   មេបញ្ជាការកងទ័ពជើងទឹករាយការណ៍អំពីផែនការរៀបចំក្បួនព្យុហយាត្រានាវាអន្តរជាតិ ក្បួនព្យុហយាត្រាតាមដងផ្លូវ  និងការរៀបចំព្រឹត្តិការណ៍កិច្ចការបរទេសការពារជាតិនានា​របស់​កងទ័ពជើងទឹក រួម​ទាំង​មតិ​យោ​បល់​របស់​ប្រ​តិ​ភូ​ទាំង​ឡាយ លោកឧត្តមសេនីយ៍ឯក Phan Van Giang  បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងទ័ពជើងទឹក និងស្ថាប័ន អង្គភាពពាក់ព័ន្ធនានា​ក្នុងការ​កសាងសេចក្តីព្រាងផែនការនេះ។ ដោយសង្កត់ធ្ងន់ថា នេះគឺជាសកម្មភាពកិច្ចការបរទេសការពារជាតិដ៏លេចធ្លោមួយក្នុងឆ្នាំវៀតណាមជាប្រធានអាស៊ាន លោកឧត្តមសេនីយ៍ឯក Phan Van Giang  បានស្នើឱ្យកងទ័ពជើងទឹកបន្តសិក្សាស្រាវជ្រាវ និងស្រូបយកមតិយោបល់របស់ប្រតិភូទាំងឡាយដើម្បីបំពេញបន្ថែមលើផែនការធានាឱ្យការរៀបចំបណ្តាសកម្មភាពប្រកបដោយឧឡារិក សុវត្ថិភាព និងសន្សំសំចៃ។

leftcenterrightdel
ទិដ្ឋភាព​នៃ​កិច្ច​ប្រជុំ​ (រូប​ថត៖ bienphong.com.vn)

លោកឧត្តមសេនីយ៍ឯក Phan Van Giang  ក៏បានកត់សម្គាល់ដែរថា បច្ចុប្បន្ននេះការរីករាលដាលនៃជំងឺ Covid-19 កំពុងកើតឡើងយ៉ាងស្មុគស្មាញ និងមិនអាចទាយទុកជាមុនបានដែលអាចជះឥទ្ធិពលដល់សមាសភាព និងកងកម្លាំងចូលរួមរបស់កងទ័ពជើងទឹកនៃបណ្តាប្រទេស ដូច្នេះកងទ័ពជើងទឹកចាំបាច់ត្រូវសម្របសម្រួល និងសហការយ៉ាងសកម្មជាមួយប្រទេសនានាដើម្បីឯកភាពលើសមាសភាព និងកងកម្លាំងដែលចូលរួម ព្រមទាំងសហការជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានាធានាអនាម័យ និងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត អនុវត្តប្រកបដោយប្រសិទ្ធភាពនូវការងារធានាសុខភាពសម្រាប់ប្រតិភូចូលរួមទាំងក្នុង និងក្រៅប្រទេស។

យោងតាមសេចក្តីព្រាងផែនការរបស់បញ្ជាការដ្ឋានកងទ័ព​ជើងទឹក សកម្មភាពសំខាន់ៗរួមមាន៖  ការរៀបចំក្បួនព្យុហយាត្រានាវាអន្តរជាតិ និងក្បូនព្យុហយាត្រាតាមដងផ្លូវ សិក្ខាសាលាអន្តរជាតិ ការជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំនៃអគ្គសេនាធិការដ្ឋាន ការផ្លាស់ប្តូរវប្បធម៌ និងទៅទស្សនាកេរ្តិ៍តំណែលប្រវត្តិសាស្ត្រ...។ ព្រឹត្តិការណ៍ទាំងនេះគ្រោងថានឹងប្រព្រឹត្តទៅនៅដើមខែឧសភា ឆ្នាំ២០២០ នៅទីក្រុង Nha Trang (ខេត្ត Khanh Hoa ភាគកណ្តាលវៀតណាម) ដោយមានការចូលរួមពី ៣០ ប្រទេស ក្នុងនោះ ១៩ ប្រទេសនឹងបញ្ជូននាវាទៅចូលរួមពិធីក្បួនព្យុហយាត្រានាវាអន្តរជាតិ៕

បកប្រែដោយ Duy Hoan