សន្និសីទក្នុងរយៈពេល ២ ថ្ងៃនេះត្រូវបានរៀបចំឡើងដោយបញ្ជាការដ្ឋានឆ្មាំសមុទ្រវៀតណាមក្នុងការសម្របសម្រួលជាមួយមជ្ឈមណ្ឌលចែករំលែកព័ត៌មានប្រឆាំងនឹងចោរសមុទ្រ និងចោរប្លន់ប្រដាប់អាវុធប្រឆាំងនឹងនាវា និងទូកនៅអាស៊ី (មជ្ឈមណ្ឌល ReCAAP ISC)។  នេះគឺជាសន្និសីទ CBSOM លើកដំបូងនៅវៀតណាម។

leftcenterrightdel
ប្រតិភូទាំងឡាយថតរូបជាអនុស្សាវរីយ៍

កិច្ចប្រជុំនេះ មានការចូលរួមពីប្រតិភូមកពីប្រទេសជាសមាជិកចំនួន ១៧ របស់ ReCAAP ISC រួមមាន អូស្រ្តាលី បង់ក្លាដែស ព្រុយណេ កម្ពុជា ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ឡាវ ភូមា ហ្វីលីពីន សិង្ហបុរី ថៃ អង់គ្លេស វៀតណាម ស្រីលង្កា និងហុងកុង (ចិន)។

កិច្ចប្រជុំបានរៀបចំឡើងសំដៅបង្កើនសមត្ថភាពធ្វើការជាក្រុម ក៏ដូចជាជំរុញការផ្លាស់ប្តូរព័ត៌មានស្តីពីសន្តិសុខនាវាចរណ៍ ជាពិសេសព័ត៌មានទាក់ទងនឹងចោរសមុទ្រ និងចោរប្លន់ប្រដាប់អាវុធនៅក្នុងតំបន់ រវាងបណ្តាមជ្ឈមណ្ឌល ព្រមទាំងបង្កើនបទពិសោធន៍រវាងស្ថាប័ននីតិប្រតិបត្តិ និងវិស័យឧស្សាហកម្មសមុទ្រ។

មានប្រសាសន៍នៅកិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី Bui Trung Dung មេបញ្ជាការរងនៃឆ្មាំសមុទ្រវៀតណាមបានអះអាងថា កិច្ចប្រជុំជាឱកាសដ៏ល្អមួយសម្រាប់កងកម្លាំងអនុវត្តច្បាប់របស់បណ្តាប្រទេសទាំងក្នុង និងក្រៅតំបន់ ផ្លាស់ប្តូរបទពិសោធន៍ស្តីពីការឆ្លើយតបឲ្យទាន់ពេលវេលាចំពោះឧប្បត្តិហេតុ ការរំលោភច្បាប់ដែលអាចកើតឡើងគ្រប់ពេល។ ជាចំណុចស្នូលនៃមជ្ឈមណ្ឌល ReCAAP ISC នៅប្រទេសវៀតណាម ឆ្មាំសមុទ្រវៀតណាម ត្រៀមជាស្រេចចែករំលែកព័ត៌មានយ៉ាងឆាប់រហ័ស និងត្រឹមត្រូវដែលពាក់ព័ន្ធនឹងសុវត្ថិភាព និងសន្តិសុខនាវាចរណ៍ ជាពិសេសព័ត៌មានស្តីពីការប្រឆាំងនឹងចោរសមុទ្រ និងចោរប្លន់ប្រដាប់អាវុធជាមួយមជ្ឈមណ្ឌល ReCAAP ISC និងសមាជិកដទៃទៀត៕

បកប្រែដោយ Huyen Trang