វៀតណាមនិងអាមេរិកជំរុញកិច្ចសហប្រតិបត្តិការដើម្បីជំនះលើផលវិបាកដោយសារធាតុគីមីពុល Dioxin ក្រោយសង្គ្រាម
កប.អនឡាញ - នាថ្ងៃទី ១៥ ខែកញ្ញា នៅខេត្ត Dong Nai លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ដីដែលបានសម្អាតសារធាតុគីមីពុល dioxin ពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធបច្ចេកវិទ្យាកំដៅសម្អាតសារធាតុគីមីពុល dioxin នៅតំបន់អាកាសយានដ្ឋាន Bien Hoa និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការផ្ដល់បន្ថែមដើមទុន ODA ឥតសំណងសម្រាប់គម្រោងលើកកំពស់គុណភាពនៃជីវភាពរស់នៅរបស់ជនពិការក្នុងខេត្តរងផលប៉ះពាល់ដោយសារធាតុគិមីពុល។
អញ្ជើញថ្លែងមតិនៅក្នុងពិធី លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា គម្រោងសម្អាតសារធាតុគីមីពុល dioxin នៅតំបន់អាកាសយានដ្ឋាន Bien Hoa គឺជាគម្រោងមួយក្នុងចំណោមគម្រោងសំខាន់ ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងវៀតណាមនិងសហរដ្ឋអាមេរិក ក្នុងការជំនះផលវិបាកនៃសារធាតុគីមីពុល dioxin ក្រោយសង្គ្រាម រួមចំណែកដល់ការសម្រេចបាននូវការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សង្ឃឹមថា ស្ថានទូតអាមេរិកប្រចាំនៅវៀតណាមនឹងបន្តយកចិត្តទុកដាក់ និងជំរុញរដ្ឋាភិបាល និងសភាអាមេរិក ដើម្បីធានាបាននូវដើមទុន ODA ឥតសំណង ព្រមទាំងបណ្តាប្រទេស អង្គការអន្តរជាតិ និងដៃគូនានានឹងចែករំលែក សហការ និងជួយគាំទ្រធនធានសម្រាប់ក្រសួងការពារប្រទេសវៀតណាម សម្អាតផ្ទៃដីទាំងមូលដែលបំពុលដោយសារធាតុគីមីពុល dioxin នៅវៀតណាម ព្រមទាំងពង្រីកការគាំទ្រ និងថែទាំជនរងគ្រោះដោយសារធាតុសារធាតុគីមីពុល dioxin នៅតាមមូលដ្ឋាន។
    |
 |
លោក Marc Knapper ឯកអគ្គរដ្ធទូត និងលោកឧត្តមសេនីយ៍ត្រី Nguyen Dinh Hien ចុះហត្ថលេខាលើកិច្ចព្រមព្រៀង |
លោក Marc Knapper ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាម បានឲ្យដឹងថា លទ្ធផលក្នុងកិច្ចសហប្រតិបត្តិការសម្អាតសារធាតុគីមីពុល dioxin មិនត្រឹមតែជួយសម្អាតបរិស្ថាន និងលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរផងដែរ។ នេះជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តដ៏រឹងមាំ និងយូរអង្វែងរបស់សហរដ្ឋអាមេរិក ចំពោះការយកឈ្នះលើផលវិបាកនៃសង្គ្រាមនៅវៀតណាម ហើយជាជំហានដ៏សំខាន់មួយដើម្បីជម្រុញឲ្យទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតថ្មីមួយ ជាពិសេសក្នុងឱកាសរំលឹកខួបលើកទី៣០ នៃការធ្វើប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងការទូត។
ក្នុងពិធីនេះ តំណាងស្ថានទូតអាមេរិកប្រចាំនៅវៀតណាមបានប្រគល់វិញ្ញាបនបត្រប្រគល់ដីដែលបានសម្អាតសារធាតុគីមីពុល dioxin ចំនួន ៦ ហិកតានៅអាកាសយានដ្ឋាន Bien Hoa។
លោក Marc Knapper ឯកអគ្គរដ្ធទូត និងលោកឧត្តមសេនីយ៍ត្រី Nguyen Dinh Hien មេបញ្ជាការនៃកងឯកភាពទ័ពជំនាញគីមីសាស្រ្ត និងជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពជាតិសម្រាប់ជំនះផលវិបាកសារធាតុគីមីពុល និងបរិស្ថាន (NACCET) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីផ្តល់បន្ថែមដើមទុន ODA ចំនួន ៣២ លានដុល្លារ ដើម្បីបន្តពង្រីកគម្រោងគាំទ្រការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ជនពិការក្នុងខេត្តរងផលប៉ះពាល់ដោយសារការបាញ់សារធាតុគីមីពុល dioxin។
ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ ប្រតិភូទាំងឡាយបានចូលរួមពិធីបើកការដ្ឋានសាងសង់ និងដំឡើងប្រព័ន្ធបច្ចេកវិជ្ជាកម្ដៅដើម្បីសម្អាតសារធាតុគីមីពុល dioxin៕
បកប្រែដោយ Thuy Anh