កសាងសំណង់អនុស្សាវរីយ៍យុទ្ធជនអន្តរជាតិនៅសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម
កប.អនឡាញ - នារសៀលថ្ងៃទី ១៨ ខែមិថុនា នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានចុះពិនិត្យទីតាំងសាងសង់សំណង់អនុស្សាវរីយ៍យុទ្ធជននៃបណ្តាប្រទេសដែលបានជួយវៀតណាមក្នុងការតស៊ូរំដោះជាតិ។
តាមគម្រោង សំណង់នេះនឹងត្រូវសាងសង់លើផ្ទៃដីទំហំ ៣០០០ ម៉ែត្រការ៉េ នៅក្នុងសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម។ សំណង់អនុស្សាវរីយ៍រួមមាន៖ វិមានតបស្នងសងគុណ និមិត្តរូបរួមអំពីជំនួយ និងការលះបង់របស់អ្នកជំនាញយោធាមកពីប្រទេសនានា។ល។
    |
 |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ចុះពិនិត្យទីតាំងសាងសង់អនុស្សាវរីយ៍យុទ្ធជនអន្តរជាតិ នៅសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម |
អញ្ជើញចូលរួមការពិនិត្យនេះមានវត្តមានអនុព័ន្ធយោធាឡាវ កម្ពុជា គុយបា ចិន និងរុស្ស៊ី ថ្លែងអំណរគុណចំពោះភាគីវៀតណាមដែលបានយកចិត្តទុកដាក់ និងរៀបចំសកម្មភាពតបស្នងសងគុណនេះ ហើយបញ្ជាក់ថា នឹងរាយការណ៍ដល់ថ្នាក់ខាងលើ ដើម្បីសហការជាមួយភាគីវៀតណាម ក្នុងការអនុវត្តសកម្មភាពនេះ។
ក្នុងការត្រួតពិនិត្យនេះដែរ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា ផែនការ និងទីតាំងសម្រាប់សាងសង់អនុស្សាវរីយ៍យុទ្ធជនអន្តរជាតិ ដែលលើកឡើងដោយសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម ទទួលបានការឯកភាពពីគ្រប់ភាគីពាក់ព័ន្ធ និងស្របតាមផែនការដែលបានអនុម័ត។ លោកស្នើឲ្យអង្គភាពពាក់ព័ន្ធអនុវត្តឲ្យបានឆាប់ៗ ហើយខិតខំធ្វើឲ្យសំណង់អនុស្សាវរីយ៍ដ៏មានអត្ថន័យនេះត្រូវបានបញ្ចប់មុនពិធីរំលឹកខួបលើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ នាថ្ងៃទី២ ខែកញ្ញាខាងមុខនេះ៕
បកប្រែដោយ Thuy Anh