អញ្ជើញចូលរួមមានលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋាភិបាល និងលោកនាយឧត្តមសេនីយ៍ Phan Van Giang អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស និងលោកនាយឧត្តមសេនីយ៍ Luong Tam Quang លេខាគណៈកម្មាធិការបក្សនគរបាលមជ្ឈិម រដ្ឋមន្ត្រីក្រសួងនគរបាល រួមទាំងថ្នាក់ដឹកនាំមកពីស្ថាប័ន និងអង្គភាពជាច្រើនរូបទៀតផង។
ស្មារតីត្រៀមខ្លួនរបស់កងទ័ពប្រជាជនវៀតណាម
កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ គ្រោះរញ្ជួយដីដ៏ខ្លាំងបានកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងទ្រព្យសម្បត្តិ។ លើកតម្កើងប្រពៃណីចេះជួយគ្នាគ្រាលំបាករបស់ប្រជាជនវៀតណាម ក្នុងស្មារតីវៀតណាមជាមិត្ត និងជាដៃគូគួរឲ្យទុកចិត្ត ហើយជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ព្រមទាំងឆ្លើយតបទៅនឹងការអំពាវនាវរបស់អង្គការសហប្រជាជាតិ នាថ្ងៃទី ៣០ មិនា ក្រសួងការពារប្រទេសបានបញ្ជូនកម្មាភិបាល នាយទាហាន និងយោធិនចំនួន ៨០ នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Pham Van Ty អនុប្រធាននាយកដ្ឋានជួយសង្គ្រោះ និងសង្គ្រោះមហន្ដរាយ (អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម) ទៅកាន់មីយ៉ាន់ម៉ា ដើម្បីបំពេញភារកិច្ចជួយសង្គ្រោះ។ ក្រសួងនគរបាលក៏បានចាត់បញ្ជូនកម្មាភិបាលនាយទាហានចំនួន ២៦ នាក់រួមនឹងឧបករណ៍ទំនើបៗ ទៅបំពេញភារកិច្ចជួយសង្គ្រោះផងដែរ។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមនិងប្រតិភូ រួមទាំងកងកម្លាំងបំពេញភារកិច្ចជួយសង្គ្រោះនៅមីយ៉ាន់ម៉ា |
រាយការណ៍អំពីលទ្ធផលនៃការបំពេញភារកិច្ចនៅប្រទេសមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ត្រី Pham Van Ty ឲ្យដឹងថា៖ ទោះបីជាជួបការលំបាកជាច្រើនបណ្តាលមកពីទីតាំងភូមិសាស្ត្រដែលធ្វើឱ្យក្រុមបេសកកម្មត្រូវតែចល័តជាបន្តបន្ទាប់ក៏ដោយ ប៉ុន្ដែមានការជួយគាំទ្រយ៉ាងមានប្រសិទ្ធភាពពីស្ថានទូត និងអនុព័ន្ធយោធាវៀតណាម កម្លាំងជួយសង្គ្រោះនៃកងទ័ពប្រជាជនវៀតណាមបានបញ្ចប់បេសកកម្មដោយជោគជ័យ។ គួរឱ្យរំលឹកដែរថា នៅតំបន់ដែលរងគ្រោះរញ្ជួយដីនោះគ្មានសេវាទូរស័ព្ទទេ ប៉ុន្តែសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម ទូរគមនាគមន៍យោធាវៀតណាម មិនត្រឹមតែបានជួយផ្តល់សេវាទាក់ទង និងឧបករណ៍ជាច្រើនដល់កងទ័ពប្រជាជន និងនគរបាលប្រជាជនបំពេញភារកិច្ចតែប៉ុណ្ណោះទេ ថែមទាំងបានផ្តល់សេវាកម្មទូរគមនាគមន៍ដោយឥតគិតថ្លៃដល់អតិថិជនជាង ៤.៥ លាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងផ្តល់ស៊ីមកាតទូរស័ព្ទដល់មនុស្សជាង ៣០,០០០ នាក់ និងក្រុមបេសកកម្មជួយសង្គ្រោះអន្តរជាតិថែមទៀត អាស្រ័យហេតុនេះធ្វើឱ្យការងារជួយសង្គ្រោះគ្រោះមហន្ដរាយនៅមីយ៉ាន់ម៉ា ទទួលបានប្រសិទ្ធភាពខ្ពស់។
មានប្រសាសន៍ក្នុងពិធីលើកសរសើរនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានកត់សម្គាល់ និងលើកសរសើរចំពោះកម្លាំងកងទ័ពប្រជាជន និងកម្លាំងនគរបាលប្រជាជន ដែលបានរៀបចំទាំងកម្លាំងនិងមធ្យោបាយយ៉ាងឆាប់រហ័ស និងបំពេញប្រកបដោយប្រសិទ្ធភាពនូវការងារជួយសង្គ្រោះអន្ដរជាតិ។ លោកនាយករដ្ឋមន្ដ្រីវៀតណាម បានសង្កត់ធ្ងន់ថា បន្ទាប់ពីរយៈពេល ២៤ ម៉ោង ក្រសួងការពារប្រទេស និងក្រសួងនគរបាលបានបញ្ជាឲ្យបណ្ដាស្ថាប័ន អង្គភាពរៀបចំកម្លាំង និងមធ្យោបាយ ឧបការណ៍យ៉ាងឆាប់រហ័ស ត្រៀមខ្លួនទៅបំពេញកាតព្វកិច្ចដ៏ខ្ពង់ខ្ពស់។ នៅតំបន់រងគ្រោះរញ្ជួយដី កម្លាំងមានសមត្ថកិច្ចបានជម្នះការលំបាក មិនថា គ្រោះថ្នាក់យ៉ាងណាក៏ដោយ ឆ្លៀតពេល ជួយសង្គ្រោះជនរងគ្រោះ និងប្រគល់ឱ្យអាជ្ញាធរមូលដ្ឋាន។
លទ្ធផលនៃការជួយសង្គ្រោះបានបង្ហាញពីសមត្ថភាព និងកិត្យានុភាពរបស់កងទ័ពប្រជាជន និងនគរបាលប្រជាជនសម្រាប់បញ្ហាសន្តិសុខមិនមែនប្រពៃណី ហើយទទួលបានការកត់សម្គាល់ និងការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា។ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនរដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា។ ព្រមទាំងសម្តែងនូវបំណងថា រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា នឹងឆ្លងកាត់ការឈឺចាប់ រក្សាលំនឹងជីវភាពឲ្យបានឆាប់ៗ។
ពីលទ្ធផលនៃជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះគ្រោះមហន្តរាយរញ្ជួយដីនៅមីយ៉ាន់ម៉ា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យក្រសួងការពារប្រទេស និងក្រសួងនគរបាលវាយតម្លៃ និងដកបទពិសោធន៍ក្នុងការត្រៀមរៀបចំកងកម្លាំង មធ្យោបាយ និងឧបករណ៍ដើម្បីបំពេញភារកិច្ច។ ទន្ទឹមនឹងនេះ ស្រាវជ្រាវ និងស្រូបយកបទពិសោធន៍ពីបណ្តាប្រទេសដែលចូលរួមជួយសង្គ្រោះក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីកំណត់ខ្លឹមសារសមស្រប ដាក់ចូលក្នុងកម្មវិធីហ្វឹកហ្វឺន លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការងារបង្ការ ការទប់ទល់ និងជំនះផលវិបាកនៃគ្រោះមហន្តរាយ ក៏ដូចជាលើកកម្ពស់គុណភាពនៃការងារបញ្ជា ការសម្របសម្រួល និងលទ្ធភាពឆ្លើយតបចំពោះឧប្បត្តិហេតុសន្តិសុខមិនមែនប្រពៃណី។
សកម្មភាពគួរឱ្យចាប់អារម្មណ៍របស់កងទ័ពលោកអ៊ំ ហូ
ទទួលស្វាគមន៍ក្រុមបេសកកម្មដោយអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង លោក Myint Htun Naing អនុព័ន្ធយោធាមីយ៉ាន់ម៉ាប្រចាំវៀតណាម បានឲ្យដឹងថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលចាត់បញ្ជូនកងកម្លាំងជួយសង្គ្រោះទៅកាន់មីយ៉ាន់ម៉ា។ កងកម្លាំងជួយសង្គ្រោះគ្រោះមហន្ដរាយរបស់ក្រសួងការពារប្រទស និងក្រសួងនគរបាលវៀតណាមបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព រួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះ។ នេះឆ្លុះបញ្ចាំងពីទំនាក់ទំនងមិត្តភាពដ៏ល្អរវាងមីយ៉ាន់ម៉ា និងវៀតណាម។ ខ្ញុំសូមអំណរគុណរដ្ឋាភិបាលវៀតណាម ក្រសួងការពារប្រទេស និងក្រសួងនគរបាលវៀតណាម ហើយសូមអំណរគុណដល់ក្រុមជួយសង្គ្រោះគ្រោះមហន្ដរាយ ក៏ដូចជាក្រុមគ្រួសាររបស់ពួកគេ ដែលមិនគិតពីខ្លួនឯង និងខ្លាច់គ្រោះថ្នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
    |
 |
លោកនាយឧត្តមសេនីយ៍ Phan Van Giang ប្រគល់ប័ណ្ណសរសើរជូនអង្គភាព និងបុគ្គលដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចជួយសង្គ្រោះនៅប្រទេសមីយ៉ាន់ម៉ា |
លោកវរសេនីយ៍ត្រី Dao Van Long នៅក្រុមជួយសង្គ្រោះនៃអង្គភាពវិស្វកម្ម ដែលជាសមាជិកចូលរួមជួយសង្គ្រោះគ្រោះមហន្តរាយនៅមីយ៉ាន់ម៉ា ឲ្យដឹងថា៖ មើលឃើញផ្ទាល់ភ្នែកនូវការបាត់បង់ និងការឈឺចាប់របស់ប្រជាពលរដ្ឋ បានជំរុញឱ្យក្រុមបេសកកម្មខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្នុងគំនរបាក់បែក។ កម្មាភិបាល និងនាយទាហាន បានកំណត់ថា នេះជាការបញ្ជាចេញពីបេះដូង និងជាប្រពៃណីអាណិតអាសូរគ្នាទៅវិញទៅមករបស់ប្រជាជនវៀតណាម។
តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ប្រគល់គ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទី ៣ ជូនអង្គភាព និងបុគ្គលដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចជួយសង្គ្រោះនៅមីយ៉ាន់ម៉ា។
លោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋាភិបាល ប្រគល់ប័ណ្ណសរសើរពីនាយករដ្ឋមន្ត្រីជូនអង្គភាពចំនួន ៨ និងបុគ្គលចំនួន ១៧នាក់; លោករដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រគល់ប័ណ្ឌសរសើរជូនអង្គភាពចំនួន ១៧ និងបុគ្គលចំនួន ៨៩ នាក់; លោករដ្ឋមន្ត្រីក្រសួងនគរបាល ប្រគល់ប័ណ្ណសរសើរជូនបុគ្គលចំនួន ២១ នាក់ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចជួយសង្គ្រោះនៅប្រទេសមីយ៉ាន់ម៉ា។
បកប្រែដោយ Pham Diep