“យុទ្ធនាការ Quang Trung” នៅខេត្ត Dak Lak៖ សាងសង់ និងជួសជុលផ្ទះជាង ៤០០ ខ្នងសម្រាប់ប្រជាជន
កប.អនឡាញ - នៅរសៀលថ្ងៃទី ២២ ខែមករា បញ្ជាការដ្ឋានយោធាខេត្ត Dak Lak (តំបន់ខ្ពង់រាបកណ្តាលវៀតណាម) បានរៀបចំកិច្ចប្រជុំបូកសរុប និងដកបទពិសោធន៍ពីការអនុវត្ត “យុទ្ធនាការ Quang Trung” ស្ដីពីការសាងសង់ និងជួសជុលផ្ទះឡើងវិញសម្រាប់គ្រួសារដែលរងការខូចខាតដោយគ្រោះមហន្តរាយធម្មជាតិ ព្យុះ និងទឹកជំនន់។ លោកវរសេនីយ៍ឯក Dinh Van Hung ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Dak Lak បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ។
ចាប់ពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ក្នុងបំណងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជននៅតំបន់ដែលរងគ្រោះមហន្តរាយ អង្គភាពនានារបស់ក្រសួងការពារប្រទេសវៀតណាម យោធភូមិភាគទី៥ និងបញ្ជាការដ្ឋានយោធាខេត្ត Dak Lak បានបញ្ជូនកម្មាភិបាល និងយុទ្ធជនដ៏ច្រើនទៅកាន់តំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅភាគខាងកើតនៃខេត្ត Dak Lak។
    |
 |
|
ប្រគល់ប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្ត Dak Lak ដល់សមូហភាព និងបុគ្គលម្នាក់ៗ |
ក្នុង"យុទ្ធនាការ Quang Trung" នៅខេត្ត Dak Lak អង្គភាពនានាបានឧបត្ថម្ភសង់ផ្ទះចំនួន ៣៣១ ខ្នង និងជួសជុលផ្ទះចំនួន ៩០ ខ្នង ព្រមទាំងជួសជុលផ្លូវគមនាគមន៍ និងប្រព័ន្ធធារាសាស្ត្រជិត ៦៣,២២០ ម៉ែត្រ។
អង្គប្រជុំបានកោតសរសើរចំពោះស្មារតីសកម្ម និងការទទួលខុសត្រូវរបស់កងកម្លាំងនានាក្នុងការធ្វើសេនាធិការដល់គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន កិច្ចសហការយ៉ាងជិតស្និទ្ធរវាងកងទ័ព ស្ថាប័ន និងអង្គការនានាក្នុងការកៀរគរធនធាន ការសាងសង់ និងការគ្រប់គ្រងគុណភាពនៃគម្រោង។ល។
ក្នុងកិច្ចប្រជុំនេះ លោកវរសេនីយ៍ឯក Dinh Van Hung បានស្នើឲ្យអង្គភាពនានាបន្តដកបទពិសោធន៍ បង្កើតផែនការ និងហ្វឹកហាត់ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការជួយសង្គ្រោះ បង្កើនតួនាទីជាសេនាធិការសម្រាប់គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានស្ដីពីការងារការពារជនស៊ីវិល។
ក្នុងឱកាសនេះ ដោយទទួលការផ្ទេរសិទ្ធិពីគណៈកម្មាធិការប្រជាជនខេត្ត Dak Lak បញ្ជាការដ្ឋានយោធាខេត្តបានប្រគល់ប័ណ្ណសរសើរដល់សមូហភាពចំនួន ៦ និងបុគ្គលចំនួន ២ រូប ដែលមានលទ្ធផលល្អក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ជួយសង្រ្គោះ និងការអនុវត្ត “យុទ្ធនាការ Quang Trung” នៅក្នុងខេត្ត៕
បកប្រែដោយ Thuy Anh