ដោយកំណត់នូវភារកិច្ចត្រៀមខ្លួនប្រយុទ្ធជាចំណុចសំខាន់ និងជាគន្លឹះក្នុងការងារយោធា និងការពារជាតិនោះ កងកម្លាំងប្រដាប់អាវុធនៃ​យោធភូមិភាគទី ៣ តែងតែរក្សារបបត្រៀមខ្លួនប្រយុទ្ធនៅគ្រប់កម្រិត ដោយកែសម្រួលផែនការប្រយុទ្ធឱ្យសមស្របតាមស្ថានភាពជាក់ស្តែងក្នុងតំបន់។ ជាពិសេស ទីភ្នាក់ងារ និងអង្គភាពនានា បានរៀបចំការហ្វឹកហ្វឺន និងផែនការប្រយុទ្ធស្របទៅនឹងស្ថានភាពជាក់ស្តែង ដោយធានាបាននូវការឆ្លើយតបប្រកបដោយប្រសិទ្ធភាពក្នុងគ្រប់លក្ខខណ្ឌ។

ក្រៅពីនោះ យោធភូមិភាគទី ៣ បានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការ ធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍នយោបាយ​សំខាន់ៗ។ បង្កើនការសម្របសម្រួលជាមួយនគរបាល កម្លាំងការពារព្រំដែន និងអាជ្ញាធរមូលដ្ឋានដើម្បីរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅក្នុងតំបន់យោធភូមិភាគ។

leftcenterrightdel
បញ្ជាការដ្ឋានយោធភូមិភាគទី៣ ចុះពិនិត្យការត្រៀមខ្លួនប្រយុទ្ធនៅកងពលតូចលេខ២១៤

ទន្ទឹមនឹងការបំពេញការងារយោធា និងការពារជាតិបានល្អ កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៣ ក៏ចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ និងជំនះផលវិបាកនៃគ្រោះធម្មជាតិ  ស្វែងរកនិងជួយសង្គ្រោះ។ ក្នុងឆ្នាំ ២០២៤ កម្មាភិបាលនិងយុទ្ធជនជាង ២៧៥,០០០ នាក់ និងមធ្យោបាយជាង ៥,២០០ នៃកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី ៣ បានជួយមូលដ្ឋានជម្នះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ។  ជាពិសេស កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគបានចូលរួមយ៉ាងមានប្រសិទ្ធភាពក្នុងការជំនះផលវិបាកនៃព្យុះលេខ ៣ (ព្យុះទីហ្វុងយ៉ាជី) និងភ្លើងឆេះព្រៃដ៏ធំ ដែលរួមចំណែកកាត់បន្ថយការខូចខាតទាំងអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។

ដោយយល់ឃើញច្បាស់អំពីសារៈសំខាន់នៃការហ្វឹកហ្វឺន កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី ៣ តែងតែជ្រួតជ្រាបនិងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម  និងសេចក្តីសម្រេចចិត្តនៃគណៈកម្មាធិការបក្សយោធភូមិភាគ ស្តីពីការលើកកម្ពស់គុណភាពហ្វឹកហ្វឺនដំណាក់កាល ២០២៣ - ២០៣០ និងឆ្នាំបន្តបន្ទាប់។ ផ្អែកលើកម្មវិធីនិងខ្លឹមសារហ្វឹកហ្វឺនដែលបានកំណត់ អង្គភាពនានាបានប្រកាន់ខ្ជាប់នូវបាវចនាហ្វឹកហ្វឺនដូចជា "មូលដ្ឋាន ជាក់ស្តែង រឹងមាំ" អនុវត្តទស្សនៈ គោលការណ៍ និងការសហការក្នុងហ្វឹកហ្វឺន ហើយផ្តោតលើការហ្វឹកហ្វឺនស៊ីជម្រៅ; ហ្វឹកហ្វឺនឲ្យស្របទៅនឹងស្ថានភាពជាក់ស្ដែងនៃការប្រយុទ្ធ, ពង្រឹងការហ្វឹកហ្វឺនពេលយប់ ហ្វឹកហ្វឺនចល័តទ័ពឆ្លងកាត់គ្រប់លក្ខខណ្ឌអាកាសធាតុ។

សមយុទ្ធទាំងឡាយត្រូវបានយោធភូមិភាគដឹកនាំ និងរៀបចំតាមវិធីសាស្រ្ត វិទ្យាសាស្ត្រ និងសុវត្ថិភាពជាដាច់ខាត ជាពិសេសសមយុទ្ធនៅតំបន់ការពារទប់ទល់ខេត្ត Hoa Binh; សមយុទ្ធនៅទីក្រុង Hai Phong, Quang Ninh និង Hung Yen; សមយុទ្ធ ដើម្បីឆ្លើយតបនឹងព្យុះនៅខេត្ដ Thai Binh និងសមយុទ្ធបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយនៅខេត្ដ Ninh Binh និងខេត្ដ Nam Dinh។ តាមរយៈសមយុទ្ធទាំងនេះ សមត្ថភាពដឹកនាំ ការគ្រប់គ្រង និងប្រតិបត្តិការរបស់គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន និងលទ្ធភាពប្រយុទ្ធ និងការឆ្លើយតបរបស់កងកម្លាំងប្រដាប់អាវុធកាន់តែមានភាពប្រសើរឡើង។

ដោយប្រកាន់ខ្ជាប់នូវគោលដៅកសាងកងទ័ពបដិវត្តន៍ របៀបរៀយរយ ចំណាន និងទំនើបកម្មជាបណ្តើរៗ កងកម្លាំងប្រដាប់អាវុធនៃ​យោធភូមិភាគទី ៣ បានផ្តោតលើការកសាងអង្គភាពដ៏រឹងមាំ គ្រប់ជ្រុងជ្រោយ និងលេចធ្លោ។ ក្នុងនោះ ក្រសួងការពារប្រទេសបានទទួលស្គាល់អង្គភាពចំនួន ៦ នៃយោធភូមិភាគ ក្លាយជាអង្គភាពរឹងមាំ គ្រប់ជ្រុងជ្រោយ និងលេចធ្លោ ទន្ទឹមនឹងនោះ កងវរសេនាធំ និងកងពលតូចចំនួន៣ ទទួលបានទង់ជា “អង្គភាពហ្វឹកហ្វឺនល្អ” និងកងវរសេនាធំចំនួន១ ទទួលបានទង់ជា “អង្គភាពហ្វឹកហ្វឺនកម្លាំងកាយល្អ”។

លទ្ធផលទាំងឡាយដែលសម្រេចបានខាងលើនេះ ដោយសារគណៈកម្មាធិការបក្ស និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់បានធ្វើឲ្យជ្រួតជ្រាបនូវទស្សនៈ និងគោលនយោបាយការពារជាតិ និងយោធារបស់បក្ស សេចក្តីសម្រេចចិត្ត និងសេចក្តីណែនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងអគ្គសេនាធិការ។ ក្រៅពីនេះ យកចិត្តទុកដាក់ ដឹកនាំ ការហ្វឹកហ្វឺន និងការត្រៀមខ្លួនប្រយុទ្ធ។ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវចលនាប្រឡងប្រណាំងដែលផ្សារភ្ជាប់ទៅនឹងការលើកកម្ពស់ការសិក្សា និងអនុវត្តតាមសតិអារម្មណ៍ សីលធម៌ និងរបៀបរស់នៅរបស់លោកប្រធានហូជីមិញ។ ទន្ទឹមនឹងនោះ រៀបចំការងារអប់រំនយោបាយ និងសតិអារម្មណ៍ឱ្យកម្មាភិបាល និងយុទ្ធជនឲ្យមានការប្ដេជ្ញាចិត្ដខ្ពស់ក្នុងការអនុវត្ដភារកិច្ច។

លទ្ធផលទាំងនេះ និងបទពិសោធន៍ដែលទទួលបានពីការងារហ្វឹកហ្វឺន និងត្រៀមខ្លួនប្រយុទ្ធឆ្នាំ២០២៤ គឺជាមូលដ្ឋានសម្រាប់យោធភូមិភាគទី៣ បន្តខិតខំបំពេញភារកិច្ចប្រកបដោយជោគជ័យនាពេលខាងមុខ បំពេញតាមតម្រូវការនៃភារកិច្ចការពារមាតុភូមិ៕

បកប្រែដោយ Pham Diep