ការបង្វឹកបង្ហាត់ជួយសង្គ្រោះជាលើកដំបូងក្នុងការប្រយុទ្ធសម្រាប់កងកម្លាំងរក្សាសន្តិភាព
កប.អនឡាញ - នាថ្ងៃទី ២៥ ខែវិច្ឆិកា នៅនាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានប្រព្រឹត្តទៅពិធីបើកវគ្គបង្វឹកបង្ហាត់ជួយសង្គ្រោះជាលើកដំបូងកម្រិត១ ក្នុងការប្រយុទ្ធឆ្នាំ២០២៤ ដែល ប្រទេសបារាំងជួយឧបត្ថម្ភដល់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិរបស់វៀតណាម។
វគ្គបង្វឹកបង្ហាត់នេះប្រព្រឹត្តទៅពីថ្ងៃទី ២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ក្នុងគោលបំណងផ្ដល់ចំណេះដឹង និងជំនាញជួយសង្គ្រោះជាលើកដំបូងក្នុងសមរភូមិ ស្របតាមតម្រូវការរបស់អង្គការសហប្រជាជាតិ ដល់កងកម្លាំងត្រៀមចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ របស់នាយកដ្ឋានរក្សាសន្តិភាពវៀតណាម។
|
|
ប្រតិភូ និងតំណាងសិក្ខាកាមដែលចូលរួមក្នុងវគ្គបង្វឹកបង្ហាត់ |
ក្នុងអំឡុងពេលនេះ អ្នកជំនាញនៃកងទ័ពបារាំងនឹងណែនាំដល់សិក្ខាកាមចំនួន ៣០ នាក់អំពីការជួយសង្គ្រោះជាលើកដំបូងនៅសមរភូមិក្នុងបរិយាកាសបំពេញភារកិច្ចរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រួមមាន៖ គោលការណ៍ជាមូលដ្ឋានស្ដីពីការជួយសង្គ្រោះជាលើកដំបូងនៅសមរភូមិ ជម្លៀសអ្នករបួសចេញពីគ្រោះថ្នាក់ ព្យាបាលស្នាមរបួសធ្ងន់ធ្ងរ ដោះស្រាយបញ្ហាផ្លូវដង្ហើម កិច្ចសហការក្នុងការជួយសង្គ្រោះជាលើកដំបូងនៅសមរភូមិ។ល។
នេះជាលើកដំបូងដែលវៀតណាម និងបារាំងសហការរៀបចំវគ្គបង្វឹកបង្ហាត់ជួយសង្គ្រោះជាលើកដំបូងក្នុងការប្រយុទ្ធ និងក៏ជាវគ្គបណ្តុះបណ្តាលឯកទេសអន្តរជាតិលើកទីពីរស្តីពីសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលសហការរៀបចំដោយប្រទេសទាំងពីរនៅវៀតណាមក្នុងឆ្នាំនេះ។ នាខែតុលាកន្លងមក វៀតណាម និងបារាំងបានរៀបចំដោយជោគជ័យនូវវគ្គបង្វឹកបង្ហាត់បើកបរ ដោយមានការជួយគាំទ្រពីអ្នកជំនាញបារាំងពីររូប។ ភាគីទាំងពីរកំពុងកសាងផែនការសហប្រតិបត្តិការបណ្តុះបណ្តាលលើវិស័យរក្សាសន្តិភាព ជាមួយនឹងសកម្មភាពជាក់ស្តែងជាច្រើននាពេលខាងមុខ៕
បកប្រែដោយ Thuy Anh