លោករដ្ឋមន្ត្រី Gilberto Teodoro បានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត និងស្មោះស្ម័គ្រជាមួយវៀតណាមចំពោះ​មរណភាព​របស់លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម ហើយចាត់ទុកថា នេះគឺជាការបាត់បង់ដ៏ធំធេង ហើយជឿជាក់ថា វៀតណាមនឹងយកឈ្នះនាពេលឆាប់ៗនេះដើម្បីបន្តបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ។

លោករដ្ឋមន្ត្រី Gilberto Teodoro អះអាងថា ហ្វីលីពីនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម ហើយខិតខំនាំឱ្យទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឈានដល់កម្រិតថ្មី ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយវិបុលភាពនៃតំបន់ និងពិភពលោក។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោក Gilberto Teodoro រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា វៀតណាមនិងហ្វីលីពីនគឺជាប្រទេសជិតខាងពីរដែលមានព្រំដែនសមុទ្រជាប់គ្នា ហើយជាសមាជិកសកម្ម និងទទួលខុសត្រូវនៃសហគមន៍អាស៊ាន។ ការដំឡើងទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រឆ្នាំ២០១៥ និងដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីននៅក្នុងខែមករា ឆ្នាំ ២០២៤ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ដែលបង្កើតកម្លាំងចលករ និងឱកាសដើម្បីអភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពជាក់ស្ដែង។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានជម្រាបជូនលោករដ្ឋមន្ត្រី Gilberto Teodoro អំពីលទ្ធផលនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិលើកទី ៦ ដោយផ្ដោតលើការជំរុញការពិគ្រោះ និងកិច្ចសន្ទនាប្រកបដោយប្រសិទ្ធភាព រក្សាការផ្លាស់ប្តូរព័ត៌មាន និងបណ្តុះបណ្តាល។ ការពង្រឹងកិច្ចសហប្រតិបត្តិការនៅសមុទ្រ៖ ការស្វែងរក និងជួយសង្គ្រោះគ្រោះមហន្ដរាយ ការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ ការបង្ការ និងការប្រយុទ្ធនឹងឧក្រិដ្ឋកម្ម ការដោះស្រាយបញ្ហាប្រឈមសន្តិសុខមិនប្រពៃណី ...

លោករដ្ឋមន្ត្រី Gilberto Teodoro វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិលើកទី៦ ព្រមទាំងស្នើឱ្យភាគីទាំងពីរអនុវត្តយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារកិច្ចសហប្រតិបត្តិការដែលប្រធានគណៈប្រតិភូកិច្ចសន្ទនាគោលនយោបាយជាតិលើកទី ៦  នៃប្រទេសទាំងពីរឯកភាពគ្នា ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍន៍ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព រួមចំណែកធ្វើឱ្យទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ហ្វីលីពីន កាន់តែស៊ីជម្រៅ។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien មានបំណងចង់បន្តទទួលបានការយកចិត្តទុកដាក់ និងគាំទ្រពីលោករដ្ឋមន្ត្រី Gilberto Teodoro ចំពោះវិស័យសក្តានុពលរវាងក្រសួងការពារជាតិទាំងពីរដូចជា៖ សន្តិសុខនិងសុវត្ថិភាពនាវាចរណ៍; កិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារ និងវិទ្យាស្ថានស្រាវជ្រាវ; ភស្តុភារ; យោធា; កិច្ចសហប្រតិបត្តិការក្នុងការស្វែងរក និង​ជួយសង្គ្រោះគ្រោះមហន្ដរាយនៅដែនសមុទ្រ; រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; ឧស្សាហកម្មការពារជាតិ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សង្ឃឹមថា ថ្នាក់ដឹកនាំក្រសួងការពារជាតិហ្វីលីពីននឹងគាំទ្រព្រឹត្តិការណ៍ដែលរៀបចំដោយវៀតណាម ជាពិសេសសកម្មភាពរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទីពីរនាខែធ្នូ ឆ្នាំ ២០២៤។

* សូមរំលឹកថា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញទៅទស្សនាបញ្ជាការដ្ឋានកងទ័ពជើងទឹកហ្វីលីពីន។

វាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា ក្រសួងការពារប្រទេសវៀតណាមជានិច្ចកាលគាំទ្រនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កងទ័ពជើងទឹកនៃប្រទេសទាំងពីរនិយាយដោយឡែក និងកម្លាំងអនុវត្តច្បាប់នៃភាគីទាំងពីរនិយាយរួមបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ព្រមទាំងស្នើឲ្យកងទ័ពជើងទឹកនៃប្រទេសទាំងពីរបង្កើនការចែករំលែកព័ត៌មាន ស្ថានភាព និងជួយសង្គ្រោះប្រជានេសាទជួបគ្រោះថ្នាក់នៅដែនសមុទ្រ រួមចំណែកយ៉ាងសកម្មសម្រាប់សន្ដិសុខ សុវត្ថិភាពនាវាចរណ៍ក្នុងតំបន់។

ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានកងទ័ពជើងទឹកហ្វីលីពីន បានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹករវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្ដរាយ ការចែករំលែកព័ត៌មាន ការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ ការទប់ស្កាត់ឧក្រិដ្ឋកម្ម និងដោះស្រាយបញ្ហាប្រឈមសន្តិសុខមិនប្រពៃណី គាំទ្រប្រជានេសាទជួបគ្រោះថ្នាក់ និងផ្សព្វផ្សាយដល់ប្រជានេសាទនៃប្រទេសទាំងពីរអំពីច្បាប់ធ្វើនេសាទនៅដែនសមុទ្រ៕

បកប្រែដោយ Pham Diep