ខិតខំប្រឹងប្រែងដើម្បីរួចផុតពីភាពក្រីក្រនៅស្រុក Tuong Duong
កប.អនឡាញ - នាពេលថ្មីៗនេះ ដោយមានឱកាសត្រឡប់ទៅស្រុក Tuong Duong (ខេត្ត Nghe An) យើងបានឮ អំពីគំរូជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងរួចផុតពីភាពក្រីក្រនៅក្នុងមូលដ្ឋាន។
គ្រួសាររបស់លោក Vu Ga Da ជនជាតិ Mong នៅភូមិ Huoi Son ឃុំ Tam Hop គឺជាឧទាហរណ៍មួយ។ លោក Vu Ga Da ចែករំលែកថា “ស្ថានភាពសេដ្ឋកិច្ចគ្រួសារខ្ញុំពិបាកខ្លាំងណាស់ពីមុនមក។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយទទួលបានជំនួយពីអាជ្ញាធរ ស្ថាប័ន និងអង្គការមហាជន រួមទាំងការណែនាំពីកម្មាភិបាល និងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Tam Hop (កងទ័ពការពារព្រំដែនខេត្ត Nghe An) អំពីបច្ចេកទេសចិញ្ចឹមមាន់ ចិញ្ចឹមជ្រូក និងដាំផ្លែផាសិន បានជាជីវភាពរស់នៅរបស់ក្រុមគ្រួសារខ្ញុំល្អប្រសើរឡើង ខ្ញុំបានសរសេរពាក្យសុំចេញពីបញ្ជីគ្រួសារក្រីក្រ។ ក្នុងពេលខាងមុខនេះ គ្រួសារខ្ញុំនឹងពង្រីកការចិញ្ចឹមសត្វ និងការដាំដុះតាមការណែនាំពីកម្មាភិបាល និងកងទ័ព ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច”។
    |
 |
កម្មាភិបាលស្រុក Tuong Duong ណែនាំប្រជាជនឃុំ Xa Luong អំពីរបៀបថែទាំសណ្តែកដី |
គ្រួសាររបស់លោក Mong Van Hoan នៅភូមិ Xieng Huong ឃុំ Xa Luong ពីមុនក៏ជាគ្រួសារក្រីក្រផងដែរ ដោយសារលោក Hoan មានជម្ងឺ ហើយគ្រួសារលោករងការខូចខាតដោយសារទឹកជំនន់នៅឆ្នាំ២០១៨ ជួបការលំបាកយ៉ាងខ្លាំង។ បច្ចុប្បន្ននេះ គ្រួសារលោក Hoan បានផ្លាស់ទីលំនៅទៅតាំងលំនៅថ្មី ចិញ្ចឹមគោ កូនពីរនាក់មានការងារធ្វើ ហើយប្រមូលប្រាក់ផ្ញើជូនឪពុកម្តាយសង់ផ្ទះឡើងវិញ។
Tuong Duong ជាស្រុកជាប់ព្រំដែនមានជនជាតិចំនួន ៦ រស់នៅជាមួយគ្នា ក្នុងនោះជនជាតិភាគតិចមានចំនួនជិត៩០%។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងស្មារតីខ្លួនទីពឹងខ្លួន ជីវភាពរស់នៅរបស់ជនរួមជាតិបានល្អប្រសើរឡើង។ យោងតាមស្ថិតិ ក្នុងរយៈពេលកន្លងមក ស្រុក Tuong Duong មានក្រុមគ្រួសារជាង ៥០០ គ្រួសារបានសរសេរពាក្យសុំដកចេញពីបញ្ជីគ្រួសារក្រីក្រ។ គ្រួសារភាគច្រើនបានបញ្ជាក់ពីមូលហេតុដែលសុំចេញពីបញ្ជី គឺដោយសារជីវភាពរស់នៅបានប្រសើរឡើងបន្តិចម្ដងៗ ហើយចង់ផ្តល់ជំនួយពីរដ្ឋជូនគ្រួសារដែលមានស្ថានភាពលំបាកជាង។ លោក Kha Van Ot អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Tuong Duong បានឲ្យដឹងថា ការដែលក្រុមគ្រួសាររាប់រយគ្រួសារសរសេរពាក្យសុំចេញពីបញ្ជីគ្រួសារក្រីក្រ ហើយខិតខំប្រឹងប្រែងធ្វើការ និងផលិត ដើម្បីរួចផុតពីភាពក្រីក្រប្រកបដោយនិរន្តរភាព បានបង្កើតស្មារតីថ្មីមួយសម្រាប់បុព្វហេតុលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រនៅក្នុងស្រុក។ ទន្ទឹមនឹងស្មារតីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ប្រជាជនបានបោះបង់ចោលបន្តិចម្តងៗនូវគំនិតពឹងផ្អែកលើគោលនយោបាយឧបត្ថម្ភពីរដ្ឋ៕
បកប្រែដោយ Thuy Anh