ដោយយល់ឃើញពីក្ដីកិត្តិយស និងមោទនភាពដែលបានទៅបោះឆ្នោតមុនគេនោះ កម្មាភិបាល និងយុទ្ធជនបានបង្ហាញការទទួលខុសត្រូវ សិទ្ធិនិងកាតព្វកិច្ចរបស់អ្នកបោះឆ្នោតក្នុងសន្លឹកឆ្នោតនីមួយៗ។ ទិវាបោះឆ្នោតបានផ្តល់ទំនុកចិត្តដល់កម្មាភិបាល និងយុទ្ធជនមុនពេលបំពេញភារកិច្ចនៅក្នុងសមុទ្រ។

leftcenterrightdel
អ្នកបោះឆ្នោតទទួលសន្លឹកឆ្នោតនៅការិយាល័យបោះឆ្នោតរបស់កងពេលតូចលេខ ១៧១

ក្ដីសប្បាយរីករាយនិងទំនុកចិត្តក្នុងទិវាបោះឆ្នោត

នាព្រឹកព្រលឹមថ្ងៃទី ៤ ឧសភា យើងខ្ញុំមានវត្តមាននៅមណ្ឌលបោះឆ្នោតលេខ ៩ សង្កាត់ទី ១១ ទីក្រុង Vung Tau វៀតណាម។ នៅទីនេះ យើងខ្ញុំមានអារម្មណ៍សប្បាយរីករាយយ៉ាងក្រៃលែងជាមួយនឹងបរិយាកាសនៃទិវាបោះឆ្នោត។ ការិយាល័យបោះឆ្នោតត្រូវបានតុបតែងយ៉ាងស្អាត។​ អញ្ជើញចូលរួមបោះឆ្នោតជាមួយកម្មាភិបាល និងយុទ្ធជននៅទីនេះមាន​វត្ដ​មានពីសំណាក់លោក Pham Viet Thanh សមាជិកមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ដ Ba Ria-Vung Tau និងជាប្រធានគណៈកម្មាធិការដឹកនាំការបោះឆ្នោតខេត្ត Ba Ria-Vung Tau។ 

លោកវរសេនីយ៍ឯកបំរុង Le Ky Lam ប្រធាននាវាលេខ ៩៥៧ កងពលតូចលេខ ១២៥ តំបន់សមុទ្រលេខ ២ កងទ័ពជើងទឹកជាអ្នកបោះឆ្នោតម្នាក់ដែលបានចូលរួមបោះឆ្នោតដំបូងគេ។ គាត់បានចែករំលែកថា “នៅពេលដែលខ្ញុំបានដឹងថា ខ្ញុំគឺជាអ្នកបោះឆ្នោតដំបូងគេម្នាក់ក្នុងទូទាំងប្រទេស ខ្ញុំពិតជាមានមោទនភាពណាស់។ ក្នុងបរិយាកាសដ៏ឧឡារិក យើងខ្ញុំយល់ថា ខ្ញុំនឹងបំពេញល្អនូវសិទ្ធិពលរដ្ឋរបស់ខ្លួន ហើយបោះឆ្នោតជ្រើសតាំងអ្នកមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់។ បន្ទាប់ពីបោះឆ្នោតរួចរាល់ យើងខ្ញុំនឹងចាក់ចេញពីកំពង់ផែទៅបំពេញភារកិច្ចការពារអធិបតេយ្យភាពសមុទ្រនិងកោះដ៏ពិសិដ្ឋនៃមាតុភូមិ”។

នៅត្រឹមម៉ោង ៧:៣០ ការបោះឆ្នោតបានចាប់ផ្តើម។ បន្ទាប់ពីពិធីគោរពទង់ជាតិ លោកវរសេនីយ៍ឯក Le Dinh Viet អនុប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សតំបន់សមុទ្រលេខ ២ កងទ័ពជើងទឹក និងជាប្រធានក្រុមរៀបចំការបោះឆ្នោតបានផ្សព្វផ្សាយបទប្បញត្ដិនៃការបោះឆ្នោត។

ក្នុងជំនួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត យើងខ្ញុំទទួលបានការចែករំលែកពោរពេញទៅដោយក្តីសប្បាយចិត្ដនិងមោទនភាពរបស់ពួកគាត់។ កម្មាភិបាលនិងយុទ្ធជនបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ពួកគាត់បានអនុវត្ដត្រឹមត្រូវតាមការបញ្ជាណែនាំរបស់ថ្នាក់លើក្នុងការបោះឆ្នោត ហើយកំណត់នេះជាព្រឹត្ដិការណ៍នយោបាយដ៏សំខាន់របស់ប្រទេស។ ដោយសារនៅថ្ងៃទី ២៣ ឧសភា អង្គភាពទៅបំពេញភារកិច្ចនៅលំហសមុទ្រ ដូច្នេះអង្គភាពត្រូវតែបោះឆ្នោតមុនពេលកំណត់។ នេះជាឱកាសសម្រាប់អ្នកបោះឆ្នោតម្នាក់ៗចូលរួមបោះឆ្នោតជ្រើសរើសមនុស្សដែលខ្លួនពេញចិត្ដ ជាអ្នកតំណាងរបស់ប្រជាជនក្នុងការកសាងនីតិរដ្ឋសង្គមនិយមរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។

leftcenterrightdel
អ្នកបោះឆ្នោតមានកិត្ដិយសចូលរួមបោះឆ្នោតដំបូងគេ

ជួបសំណេះសំណាលជាមួយយើងខ្ញុំ លោកវរសេនីយ៍ឯក Le Dinh Viet បានសង្កត់ធ្ងន់ថា៖ “ដោយមានតម្រូវការជាក់លាក់នៃភារកិច្ច នាឱកាសបោះឆ្នោត តំបន់សមុទ្រលេខ ២ កងទ័ពជើងទឹកមានកម្លាំងជាច្រើនទៅបំពេញភារកិច្ចនៅលំហសមុទ្រ។ អាស្រ័យហេតុនេះ បញ្ជាការដ្ឋានតំបន់សមុទ្រលេខ ២ បានដឹកនាំនិងសហការជាមួយមូលដ្ឋានរៀបចំការបោះឆ្នោតមុនពេលកំណត់។ អង្គភាពបានផ្តោតលើការឃោសនាដើម្បីលើកកម្ពស់ការយល់ដឹងនិងការទទួលខុសត្រូវរបស់អ្នកបោះឆ្នោត”។

ដើម្បីត្រៀមរៀបចំការបោះឆ្នោតមុនពេលកំណត់នេះ បញ្ជាការដ្ឋានតំបន់សមុទ្រលេខ ២ កងទ័ពជើងទឹកបានសហការយ៉ាងជិតស្និទជាមួយគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត Ba Ria - Vung Tau ដើម្បីធានាការបោះឆ្នោតទទួលបានជោគជ័យ អនុវត្ដត្រឹមត្រូវតាមច្បាប់និងប្រកបដោយសុវត្ថិភាព ជាពិសេសការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ កម្មាភិបាលនិងយុទ្ធជនបានលើកកម្ពស់ការទទួលខុសត្រូវ ប្រជាធិបតេយ្យនិងជ្រើសរើសសមាជិកមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ដែលជាអ្នកតំណាងឲ្យឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជននៅរដ្ឋសភានីតិកាលទី ១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២១ -២០២៦។

leftcenterrightdel
ថ្នាក់ដឹកនាំខេត្ដ Ba Ria- Vung Tau ប្រគល់អំណោយជូនកម្មាភិបាលនិងយុទ្ធជននៃនាវា Truong Sa លេខ ០៤ និងនាវា Truong Sa លេខ ១៩ មុនពេលចាក់ចេញកំពង់ផែ

នាំមកនូវជំនឿទុកចិត្ដ

អញ្ជើញចូលរួមបោះឆ្នោតនៅមណ្ឌលបោះឆ្នោតលេខ ៩ សង្កាត់ទី ១១ ទីក្រុង Vung Tau រួមមានកម្មាភិបាល និងយុទ្ធជនចំណុះនាវានៃតំបន់សមុទ្រលេខ ២។  បន្ទាប់ពីអនុវត្តការបោះឆ្នោតនៅកំពង់ផែនោះ ក្រុមការងារលើនាវា Truong Sa លេខ ០៤ និងនាវា Truong Sa លេខ ១៩ បន្តបំពេញភារកិច្ចបោះឆ្នោតមុនពេលកំណត់សម្រាប់អ្នកបោះឆ្នោតជាកម្មាភិបាលនិងយុទ្ធជនដែលកំពុងបំពេញការងារនៅផ្ទះរន្ទា DK1 ចំនួន ១៥ និងនាវាកំពុងបំពេញការងារនៅលំហសមុទ្ររបស់តំបន់សមុទ្រលេខ ២ និងអង្គភាពលេខ ១២៨ និងអង្គភាពលេខ ១២៩ នៃអគ្គក្រុមហ៊ុនកំពង់ផែ Sai Gon និងបញ្ជាការដ្ឋានកងឆ្មាំសមុទ្រលេខ៤។ តាមការគ្រោងទុក នាវា Truong Sa លេខ ០៤ និងនាវា Truong Sa លេខ ១៩ នឹងបម្រើការបោះឆ្នោតនិងចូលចតកំពង់ផែមុនថ្ងៃទី ២៣ ខែឧសភា។

ដោយឃើញផ្ទាល់ពីការបោះឆ្នោតរបស់កម្មាភិបាលនិងយុទ្ធជននៅតំបន់សមុទ្រលេខ ២ យើងខ្ញុំឃើញនូវស្មារតីនិងការទទួលខុសត្រវខ្ពស់របស់អ្នកបោះឆ្នោតក្នុងសម្លៀកបំពាក់យោធា។ ទាំងនេះគឺជាជំនឿទុកចិត្ដតាមរយៈសន្លឹកឆ្នោតដែលបង្ហាញសិទ្ធិពលរដ្ឋនិងជ្រើសរើសសមាជិកមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ចូលក្នុងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជន៕

បកប្រែដោយ Pham Diep