ដោយមានខ្សែព្រំដែនជាង ៦៣០ គីឡូម៉ែត្រនោះ បណ្តាខេត្តជាប់ព្រំដែនភាគនិរតីកំពុងត្រូវបានអនុវត្តនូវគ្រប់វិធានការយ៉ាងខ្លាំងដើម្បីការពារ និងត្រួតត្រាជំងឺរាតត្បាត Covid-19 ជាពិសេសគឺការការពារជនអន្តោប្រវេសន៍ខុសច្បាប់។ ដោយមានតួនាទីស្នូលក្នុងការការពារជំងឺ Covid-19 តាមតំបន់ព្រំដែន បានជាបណ្តាកងកម្លាំងប្រដាប់អាវុធរបស់ខេត្តជាប់ព្រំដែន និងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមបានពង្រឹងនូវគ្រប់វិធានការយ៉ាងសកម្ម និងបង្កើនការសម្របសម្រួលកិច្ចសន្យា និងបង្កើតខ្សែប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត។

leftcenterrightdel
 

នៅប៉ុន្មានថ្ងៃចុងក្រោយនៃខែមេសា និងដើមខែឧសភា គ្រាដែលតំបន់ព្រំដែនខេត្ត Tay Ninh កំពុងមានពន្លឺថ្ងៃក្តៅដូចជាភ្លើងនៅតាមផ្លូវល្បាតព្រំដែននៅស្រុក Trang Bang និងស្រុក Ben Cau យើងខ្ញុំបានឃើញបណ្តាតង់យាមការពារជំងឺ Covid-19 ដែលបានរៀបចំនៅជិតព្រំដែនដោយមានទាំងកងទ័ពការពារព្រំដែន កងជីវពល និងប៉ូលីសបានសម្របសម្រួលគ្នាឈរជើងនៅទីនេះដោយមិនថាជួបការលំបាកគ្រប់យ៉ាងទាំងយប់ ទាំងថ្ងៃឡើយ។

បច្ចុប្បន្ននេះគឺជាពេលវេលាកំពូលនៃសកម្មភាពអន្តោប្រវេសន៍ខុសច្បាប់ជាច្រើនដោយសារការរីករាលដាលនៃជំងឺ Covid-19 នៅកម្ពុជាកំពុងតែរីករាលដាលយ៉ាងខ្លាំង។ ខ្សែព្រំដែនតាមខេត្ត Tay Ninh មានប្រវែង ២៤០ គីឡូម៉ែត្រ ដែលមានភូមិសាស្រ្តរាបស្មើរ ដោយមានផ្លូវលំ និងច្រករបៀងជាច្រើន បានជាមុខសញ្ញាជាច្រើនបានឃ្លាំមើលសកម្មភាពរបស់កម្លាំងការពារព្រំដែនដើម្បីរៀបចំសកម្មភាពអន្តោប្រវេសន៍ខុសច្បាប់។ យោងតាមលោកវរសេនីយ៍ឯក Le Hong Vuong មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Tay Ninh បានឱ្យដឹងថា អង្គភាពកំពុងដំណើរការនូវចំនួន ១២៩ ចំណុចការពារជំងឺនៅនឹងកន្លែង, ៣២ ក្រុមល្បាតចល័ត, ១២ ប៉ុស្តិ៍ការពារព្រំដែន, ២៧ កន្លែងមានកាតព្វកិច្ចឃ្លាំមើល ២៤/២៤ ម៉ោង។ ចាប់ពីដើមឆ្នាំ ២០២១ រហូតមកដល់បច្ចុប្បន្ននេះ កងទ័ពការពារព្រំដែនខេត្ត Tay Ninh បានចាប់ខ្លួនបាន ១៤១ ករណី / ៧៧៨ មុខសញ្ញាអន្តោប្រវេសន៍ខុសច្បាប់។

នៅខេត្ត Binh Phuoc ដែលមានខ្សែព្រំដែនជាប់នឹងប្រទេសកម្ពុជាមានប្រវែងជាង ២៦០ គីឡូម៉ែត្រ ការងារប្រយុទ្ធប្រឆាំងនឹង Covid-19 ក៏ត្រូវបានដាក់ពង្រាយយ៉ាងតឹងរឹងផងដែរ។ ខេត្តបានដាក់ពង្រាយនូវ ៦២ ចំណុចការពារ និង១១ ក្រុមចល័តដើម្បីត្រួតត្រាព្រំដែនការពារ Covid-19 យ៉ាងតឹងរឹង។ ក្រៅពីនោះ ខេត្តក៏បានបង្កើត ៥ កន្លែងចត្តាឡីស័កដោយមានផែនការត្រៀមបង្កើតកន្លែងចត្តាឡីស័កចំនួន ៣៨ ទៀតដែលអាចទទួលបានមនុស្សជាង ៨,៧០០ នាក់ផងដែរ។

ការខិតខំដើម្បីជំនះការលំបាក

អាកាសធាតុនៅខ្សែព្រំដែនភាគនិរតីកំពុងផ្លាស់ប្តូរឈានចូលរដូវវស្សា ដោយមានអាកាសធាតុក្តៅខ្លាំង ភ្លៀង និងផ្គររន្ទះជាច្រើន។ ខ្សែបន្ទាត់ព្រំដែនមានប្រវែងដ៏វែង ភូមិសាស្រ្តមានភាពចម្រុះ និងស្មុគស្មាញ ដូច្នេះការល្បាតព្រំដែន និងការទប់ទល់ជំងឺ Covid-19 មានការលំបាកច្រើន។ ប៉ុស្តិ៍ និងចំណុចយាមជាច្រើនកន្លែងនៅតែមានជាបណ្តោះអាសន្ននៅក្នុងព្រៃជ្រៅ តំបន់ដាច់ស្រយាល និងកន្លែងខ្លះដែលគ្មានសេវាទូរស័ព្ទ គ្មានទឹកស្អាត អគ្គិសនីនៅឡើយ ... នៅតាមខ្សែព្រំដែនខេត្ត Binh Phuoc គណៈកម្មាធិការប្រជាជនខេត្ត បានប្រមូលផ្តុំយ៉ាងច្រើននៃធនធាន និងបានបំពាក់សម្ភារៈបរិក្ខារជាច្រើនដល់ក្រុមការងារទប់ទល់ជំងឺ Covid-19 នេះ។ ទន្ទឹមនឹងនោះ ក្រសួងការពារប្រទេស និងកងទ័ពការពារព្រំដែនក៏បានធ្វើការវិនិយោគលើសម្ភារៈ បរិក្ខារ ធ្វើការសាងសង់ប៉ុស្តិ៍ និងស្ថានីយ៍រឹងមាំដើម្បីកែលំអនូវស្ថានភាពរស់នៅ និងការបំពេញភារកិច្ចរបស់កម្មាភិបាល និងយុទ្ធជនផងដែរ។

នៅខេត្ត Tay Ninh វិញ លោក Duong Van Thang អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានមានប្រសាសន៍ថា គណៈកម្មាធិការប្រជាជនខេត្ត Tay Ninh បានចំណាយថវិកាបន្ថែមទៀតដើម្បីបំពាក់នូវឧបករណ៍វេជ្ជសាស្រ្ត និងឧបករណ៍ជំនួយជាសន្ធឹកសណ្ធាប់ដើម្បីបំពាក់ឱ្យកម្លាំងការពារ Covid-19។ ខេត្ត Tay Ninh ក៏ទើបតែបានអនុម័តលើគម្រោងតំឡើងកាមេរ៉ាឃ្លាំមើលព្រំដែន ដែលមានទឹកប្រាក់សរុបជាង ៤០ ពាន់លានដុងទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ តាមស្ថានភាពជាក់ស្តែង ខ្សែព្រំដែននៅតែប្រឈមនឹងការលំបាកជាច្រើនដូចជា កន្លែងសម្រាប់ការស្នាក់នៅនៃបណ្តាក្រុមការងារការពារ ការខ្វះឧបករណ៍ជំនួយការងារ ការធានានូវគោលនយោបាយសម្រាប់កងកំលាំងមិនស៊ីចង្វាក់គ្នា និងចំនួនវ៉ាក់សាំង Covid-19 សម្រាប់កងកម្លាំងការពារព្រំដែនមិនបានឆ្លើយតបនឹងតម្រូវការជាដើម…

leftcenterrightdel
កងទ័ពការពារព្រំដែនពង្រឹងការគ្រប់គ្រងព្រំដែនការពារជំងឺ Covid-19

ការលើកកម្ពស់តួនាទីដឹកនាំ និងតួនាទីសំខាន់ក្នុងការការពារ និងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត

ដើម្បីបង្កើនប្រសិទ្ធភាព និងពង្រឹងការប្រយុទ្ធប្រឆាំងនឹង Covid-19 នៅមុនថ្ងៃឈប់សម្រាកនាថ្ងៃទី ៣០ មេសា និង ថ្ងៃទី ១ ឧសភា ក្រសួងការពារប្រទេសបានរៀបចំនូវបណ្តាក្រុមការងារដើម្បីត្រួតពិនិត្យការងារគ្រប់គ្រងការពារព្រំដែន ប្រយុទ្ធប្រឆាំងនឹង Covid-19 នៅខេត្តជាប់ព្រំដែននិរតី។ លោកឧត្តមសេនីយ៍ឯក Vo Minh Luong អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស បានដឹកនាំក្រុមការងារត្រួតពិនិត្យជាក់ស្តែង ធ្វើការជាមួយគណៈកម្មាធិការដឹកនាំការគ្រប់គ្រង Covid-19 ខេត្ត Binh Phuoc ។ លោកឧត្តមនាវីឯក Pham Hoai Nam អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស បានដឹកនាំក្រុមការងារធ្វើការត្រួតពិនិត្យនៅ ខេត្ត Tay Ninh រួមទាំងក្រុមការងារមួយចំនួនទៀត...

ធ្វើការជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជននៃខេត្តជាប់ព្រំដែននានានោះ បណ្តាប្រធានក្រុមការងារក្រសួងការពារប្រទេសបានសង្កត់ធ្ងន់លើតួនាទីស្នូលរបស់កងកម្លាំងប្រដាប់អាវុធ ដោយទាមទារឱ្យមានការកែលម្អគ្រប់ជ្រុងជ្រោយនៃការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកងកម្លាំង អាជ្ញាធរដែនដី ដើម្បីអនុវត្តបានល្អនូវភារកិច្ច ២ ក្នុងពេលតែមួយពោលគឺការត្រៀមប្រយុទ្ធជាស្រេចគ្រប់គ្រងការពារព្រំដែនផង និងប្រយុទ្ធប្រឆាំង Covid-19 ផង៕

បកប្រែដោយ Minh Trung