នៅឯកិច្ចប្រជុំ ស្ថាប័នមានសមត្ថកិច្ចនៃក្រសួងការពារប្រទេសបានរាយការអំពីស្ថានភាពភ្លៀង ទឹកជំនន់ ការទប់ទល់នឹងទឹកជំនន់ ព្យុះ ការជំនះផលវិបាកដោយទឹកជំនន់ និងការសង្គ្រោះគ្រោះមហន្ដរាយនៅតំបន់យោធភូមិភាគទី ៤ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅខេត្ដ Thua Thien-Hue និង Quang Tri ភាគកណ្ដាលវៀតណាម។ ក្នុងរយៈពេលកន្លងមក អង្គភាពកងទ័ព និងកងកម្លាំងប្រដាប់អាវុធជាច្រើននៃយោធភូមិភាគទី ៤ បានម្ចាស់ការនិងជំនះរាល់ការលំបាកក្នុងស្មារតី និងការទទួលខុសត្រូវនយោបាយខ្ពស់ ហើយនិងសម្របសម្រួលជាមួយអាជ្ញាធដែនដី និងកងកំលាំងមូលដ្ឋានរៀបចំការទប់ទល់នឹងទឹកជំនន់ ជួយ​សង្គ្រោះគ្រោះមហន្ដរាយធម្មជាតិ។ កម្មាភិបាល យុទ្ធជន និងកងជីវភាពបានទៅកាន់តំបន់គ្រោះថ្នាក់ មិនខ្លាចការលំបាក សូម្បីតែលះបង់ជីវិតដើម្បីជួយប្រជាជនជំនះផលវិបាកដោយសារទឹកជំនន់ និងជម្លៀសប្រជាជនមកទីទួលសុវត្ថិភាព។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ថ្លែងក្នុងកិច្ចប្រជុំ 

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានស្នើឲ្យថ្នាក់ដឹកនាំនិងមេបញ្ជាការអង្គភាពនានានៃក្រសួងការពារប្រទេស ត្រូវតែលើកកម្ពស់ស្មារតីទទួលខុសត្រូវខ្ពស់ ម្ចាស់ការ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបណ្ដាកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដី។

អំពីឧប្បត្តិហេតុបាក់ដីយ៉ាងធ្ងន់ធ្ងរនៅអង្គភាពសេដ្ឋកិច្ច - ការពារជាតិលេខ ៣៣៧ នៃយោធភូមិភាគទី ៤ ដែលបណ្តាលឱ្យកម្មាភិបាល និងយុទ្ធជនជាង ២០ នាក់ដែលកំពុងមកបំពេញភារកិច្ចនៅស្រុក Huong Hoa ខេត្ត Quang Tri បាត់ខ្លួននៅព្រឹកថ្ងៃទី១៨ ខែតុលានោះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានប្រគល់ភារកិច្ចឲ្យយោធភូមិភាគទី ៤ សហការជាមួយអង្គភាពទាំងឡាយស្វែងរក និងជួយសង្គ្រោះជាបន្ទាន់ ព្រមទាំងធានាសុវត្ថិភាពជាដាច់ខាត។

ប្រឈមមុខនឹងស្ថានភាពយ៉ាងស្មុគស្មាញនៃអាកាសធាតុ ភ្លៀង និងទឹកជំនន់ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានប្រគល់ភារកិច្ចឲ្យអគ្គសេនាធិការដ្ឋានដឹកនាំបញ្ជាឲ្យអង្គភាពទាំងមូលត្រួតពិនិត្យទីតាំងឈរជើង ជម្លៀសចេញពីទីតាំងគ្មានសុវត្ថិភាព តាមដានស្ថានភាព និងរៀបចំកងកម្លាំង និងមធ្យោបាយ ព្រមទាំងចាត់វិធានការណ៍នានាដើម្បីទប់ទល់នឹងទឹកជំនន់ និងជួយ​សង្គ្រោះគ្រោះមហន្ដរាយផងដែរ៕

បកប្រែដោយ Thanh Cong