ធ្វើការត្រួតពិនិត្យយ៉ាងតឹងរឹង

នាប៉ុន្មានថ្ងៃនេះ នៅតាមបណ្តាខេត្តនៃភាគនិរតីវៀតណាមដែលមានព្រំប្រទល់ជាប់នឹងប្រទេសកម្ពុជាដូចជា៖  ខេត្ត An Giang, Kien Giang, Dong Thap កងកម្លាំងការពារព្រំដែននៃខេត្តទាំងនេះ កំពុងធ្វើការត្រួតពិនិត្យយ៉ាងតឹងរឹងនៅតាមច្រកទ្វារព្រំដែន ច្រករបៀង និងកំពង់ផែនានា។ នៅតំបន់ច្រកទ្វារព្រំដែន Tinh Bien  ចំនួនប្រជាជនពីកម្ពុជាមកកាន់វៀតណាមជារៀងរាល់ថ្ងៃមានការថយចុះមែន ក៏ប៉ុន្តែកងកម្លាំងការពារព្រំដែនបានសហការជាមួយកម្លាំងនគរបាលនៃមូលដ្ឋាន និងកម្លាំងគយធ្វើការយាមល្បាតទាំងយប់ទាំងថ្ងៃដើម្បីត្រួតពិនិត្យយ៉ាងតឹងរឹងចំពោះមនុស្ស និងទំនិញដែលឆ្លងកាត់ព្រំដែន។ ដោយចែករំលែកជាមួយយើងខ្ញុំអំពីការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាត្បាតរបស់កងទ័ពការពារព្រំដែនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ លោកវរសេននីយ៍ទោ Tran Hoa Hiep នាយប៉ុស្តិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែន Tinh Bien បានចែករំលែកថា៖ “ក្រៅពីកម្លាំងដែលបំពេញភារកិច្ចនៅច្រកទ្វារព្រំដែន យើងខ្ញុំបានបង្កើតក្រុមការងារចំនួន ១០  ក្រុមបោះតង់នៅតាមច្រករបៀងនានាដើម្បីធ្វើការត្រួតពិនិត្យ។ ក្រៅពីនោះយើងខ្ញុំក៏បានបង្កើតក្រុមយាមល្បាត ២៤ ក្រុម ដែលធ្វើការយាមល្បាតពេញ ២៤ ម៉ោង ដើម្បីត្រួតពិនិត្យអ្នកធ្វើដំណើរ​​ឆ្លង​ដែន​ខុសច្បាប់” ។

នៅប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ Thuong Phuoc ស្រុក Hong Ngu ខេត្ត Dong Thap   មនុស្ស និងទំនិញដែលឆ្លងកាត់ព្រំដែនមិនសូវច្រើនទេ ក៏ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ កម្លាំងការពារព្រំដែននៅតែសម្របសម្រួលជាមួយមូលដ្ឋានដើម្បីរៀបចំការផ្សព្វផ្សាយអំពីជំងឺរាតត្បាតនេះផង និងណែនាំប្រជាជនដែលធ្វើដំណើរឆ្លងកាត់ព្រំដែនឲ្យរាយការណ៍ព័ត៌មានអំពីស្ថានភាពសុខភាពផង។ លោកវរសេនីយ៍ត្រី Tran Duy E ប្រធាននយោបាយប៉ុស្តិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិ Thuong Phuoc  បានឲ្យដឹងថា៖ “ដោយអនុវត្តតាមបទបញ្ជារបស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត  Dong Thap ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អង្គភាពបានបង្កើនកម្លាំងធ្វើការយាមល្បាតនៅតាមច្រករបៀងនានាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19”។

leftcenterrightdel
កងទ័ពការពារព្រំដែន និងនគរបាលខេត្ត An Giang ចែកខិត្តប័ណ្ណឃោសនាអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដល់ប្រជាពលរដ្ឋ មកពីប្រទេសកម្ពុជាដែលឆ្លងកាត់តាម​ច្រកទ្វារព្រំដែន Long Binh

នាបច្ចុប្បន្ននេះ នៅតាមខ្សែព្រំដែននៃខេត្ត An Giang, Kien Giang, Dong Thap កម្លាំងការពារព្រំដែននៃមូលដ្ឋាននានាកំពុងរៀបចំការយាមល្បាតទាំងយប់ទាំងថ្ងៃ រៀបចំការបែងចែកច្រកចេញចូល និងអនុវត្តការរាយការណ៍ព័ត៌មានអំពីស្ថានភាពសុខភាពសម្រាប់ប្រជាជនដែលធ្វើដំណើរ​ឆ្លងកាត់ព្រំដែន ព្រមទាំងសហការជាមួយអាជ្ញាធរមូលដ្ឋានធ្វើការបែងចែក និងបញ្ជូនពលរដ្ឋឲ្យទៅដាក់នៅដាច់ដោយឡែកពីគេ។ ជួបសំណេះសំណាលជាមួយយើងខ្ញុំ លោកវរសេនីយ៍ឯក Tran Quoc Khanh មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang បានមានប្រសាសន៍ថា ''យើងខ្ញុំបានរៀបចំកម្លាំងយាមល្បាតយ៉ាងតឹងរឹង ហើយបិទច្រករបៀងនានាដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់។ ក៏ប៉ុន្តែនាបច្ចុប្បន្ន យើងខ្ញុំត្រូវជួបការលំបាកមួយចំនួនដូចជា កង្វះថ្នាំសំលាប់មេរោគ ម៉ាស់វេជសាស្រ្ត ស្រោមដៃ និងវ៉ែនតាការពារសម្រាប់កម្លាំងយាមល្បាត  ដូច្នេះយើងពិតជាត្រូវការការជួយគាំទ្រពីវិស័យសុខាភិបាលនៃមូលដ្ឋាន"។

រៀបចំការដាក់ឲ្យនៅដាច់ដោយឡែកប្រកបដោយសុវត្ថិភាព

ទន្ទឹមនឹងការត្រួតពិនិត្យយ៉ាងតឹងរឹងនៅតាមខ្សែព្រំដែនហើយនោះ មូលដ្ឋាននានាក៏បានរៀបចំការទទួលពលរដ្ឋវៀតណាមមកពីប្រទេសកម្ពុជាឲ្យត្រួតពិនិត្យសុខភាព និងដាក់ឲ្យនៅដាក់ដោយឡែកពីគេដោយសុវត្ថិភាពផងដែរ។ នៅខេត្ត Kien Giang មានប្រជាពលរដ្ឋជាង ៣,០០០ នាក់កំពុងរស់នៅ និងធ្វើការនៅប្រទេសកម្ពុជា ការបង្ការទប់់ស្កាត់ជំងឺពីចម្ងាយគឺពិតជាមានសារៈសំខាន់ណាស់ក្នុងគ្រានេះ។ ខេត្ត Kien Giang បានរៀបចំកន្លែងដាក់ឲ្យនៅដាច់ដោយឡែកពីគេចំនួន៣៥ កន្លែង ដោយមានគ្រែចំនួន២៤២៥ គ្រឿង។ ដោយចែករំលែកជាមួយយើងខ្ញុំអំពីការការត្រៀមរៀបចំសម្រាប់ការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត លោក Pham Vu Hoang ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kien Giang បានមានប្រសាសន៍ថា “ក្រៅពីកម្លាំងការពារព្រំដែនសហការជាមួយកម្លាំងនគរបាល និងកម្លាំងគយកធ្វើការយាមល្បាតនៅតាមខ្សែព្រំដែននោះ ខេត្តក៏ចាត់យុវជនស្ម័គ្រចិត្តឱ្យចូលរួមផ្សព្វផ្សាយអំពីការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងរៀបចំការយាមល្បាតដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ផងដែរ។ មនុស្ស​គ្រប់រូប​នាដែលមកពីប្រទេសកម្ពុជាត្រូវបានការពិនិត្យសុខភាព និងយកទៅដាក់ឲ្យនៅដាច់ដោយឡែកពីគេ។

លោក Nguyen Thanh Binh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang ក៏បានស្នើឱ្យស្ថាប័នមានសមត្ថកិច្ចអនុវត្តវិធានការទប់ទល់ជាបន្ទាន់ ហើយរៀបចំកន្លែងដាក់ឲ្យនៅដាច់ដោយឡែកដើម្បីទទួលពលរដ្ឋវៀតណាមដែលវិលត្រឡប់ពីប្រទេសកម្ពុជា។ ខេត្ត An Giang បានបង្កើតក្រុមយាមល្បាតចំនួន ៧៤ ក្រុមនៅតាមខ្សែព្រំដែនរបស់ខេត្ត។ រហូតមកដល់ពេលនេះ ដោយមានការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់នោះ មិនទាន់មានករណីណាមួយឆ្លងដែនខុសច្បាប់នោះទេ ប្រជាពលរដ្ឋគ្រប់រូបដែលវិលត្រឡប់មកប្រទេសវិញតាមច្រកទ្វារព្រំដែននឹងត្រូវបានទទួល និងយកទៅដាក់ឲ្យនៅដាច់ដោយឡែកពីគេដោយសុវត្ថិភាព។

នៅខេត្ត Dong Thap ជាខេត្តកំពុងប្រមូលផ្តុំកម្លាំងទាំងអស់សម្រាប់ការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ក្រៅពីការកែលម្អកន្លែងដាក់ឲ្យនៅដាច់ដោយឡែកនៅឯសាលាយោធារបស់ខេត្ត ឲ្យទៅជាមន្ទីរពេទ្យបណ្តោះអាសន្នហើយ​នោះ ខេត្តក៏បានប្រមូលកម្លាំងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺពីចម្ងាយដោយបានរៀបចំការត្រួតពិនិត្យយ៉ាងតឹងរឹងនៅតាមខ្សែព្រំដែនផងដែរ។ លោក Nguyen Van Duong ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap ក៏បានស្នើឱ្យអង្គភាពពាក់ព័ន្ធនានាឲ្យចូលរួមសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធនានានៃភាគីមិត្តកម្ពុជាដើម្បីឯកភាពគ្នាលើការគ្រប់គ្រងព្រំដែននាគ្រានេះផងដែរ៕

បកប្រែដោយ Duy Hoan