ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-សហភាពអឺរ៉ុបត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៧ និងដំឡើងទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០២០។ បន្ទាប់ពីរយៈពេល ៤៥ ឆ្នាំ ទំនាក់ទំនងទ្វេភាគីរបានរីកចម្រើនជាវិជ្ជមានលើវិស័យដូចជា៖ នយោបាយ-សន្តិសុខ សេដ្ឋកិច្ច-ពាណិជ្ជកម្ម វប្បធម៌-សង្គម និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។ នៅក្នុង "យុទ្ធសាស្ត្រសហប្រតិបត្តិការរបស់សហភាពអឺរ៉ុបជាមួយឥណ្ឌូ-ប៉ាស៊ីហ្វិក" ចេញថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ សហភាពអឺរ៉ុបបានបញ្ជាក់ពីការគាំទ្ររបស់ខ្លួនចំពោះតួនាទីមជ្ឈភាពរបស់អាស៊ាន និងមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន។

សហភាពអឺរ៉ុបគឺជាដៃគូមួយក្នុងចំណោមដៃគូដំបូងគេដែលគាំទ្រឧបត្ថម្ភអាស៊ានក្នុងការឆ្លើយតបទៅនឹងជំងឺ Covid-19 និងការស្តារឡើងវិញក្រោយការរាតត្បាតជាមួយនឹងកញ្ចប់ជំនួយ "Team Europe" ដែលមានតម្លៃ ៨០០ លានអឺរ៉ូ។ ភាគីទាំងពីរបានបង្ហាញការគាំទ្រចំពោះពហុភាគីនិយម សេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការផ្សារភ្ជាប់សេដ្ឋកិច្ច និងការដោះស្រាយជម្លោះដោយសន្តិវិធី។ល។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម (រូបថត៖ dangcongsan.vn)

វៀតណាមគឺជាប្រទេសអាស៊ានដំបូងគេដែលមានកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ និងសន្តិសុខជាមួយ EU ហើយមានយន្តការសហប្រតិបត្តិការឯកទេសជាច្រើន រក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបគ្រប់លំដាប់ថ្នាក់ ជាពិសេសគឺកម្រិតជាន់ខ្ពស់។ សហភាពអឺរ៉ុបគឺជាទីផ្សារនាំចេញធំទី ៣ ជាទីផ្សារនាំចូលធំទី ៥ និងជាវិនិយោគិនបរទេសធំទី ៦ របស់វៀតណាម។ បន្ទាប់ពីរយៈពេលជាងពីរឆ្នាំនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាព អឺរ៉ុប-វៀតណាម (EVFTA) ទំហំនៃការនាំចូល និងនាំចេញទំនិញរវាងវៀតណាម និង EU ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២២ សម្រេចបានជាង ៥២ ពាន់លានដុល្លារអាមេរិក ដែលជួយឲ្យវៀតណាមក្លាយជាដៃគូពាណិជ្ជកម្មធំទី ១៤ របស់ EU។

ឆ្នាំ២០២២នេះ អាស៊ាន-សហភាពអឺរ៉ុបរំលឹកខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងកិច្ចសន្ទនា។ នេះជាលើកទីមួយហើយដែលអាស៊ាន និងសហភាពអឺរ៉ុបបានរៀបចំកិច្ចប្រជុំជាន់ខ្ពស់ដើម្បីរំលឹកខួបអនុស្សាវរីយ៍នៅសហភាពអឺរ៉ុប ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសសមាជិក។ ការចូលរួមរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងអាស៊ាន-EU មានអត្ថន័យដ៏សំខាន់ បង្ហាញពីស្មារតីធ្វើជាម្ចាស់ ការចូលរួមយ៉ាងសកម្ម និងការរួមចំណែកមានការទទួលខុសត្រូវរបស់វៀតណាមក្នុងអាស៊ាន ក៏ដូចជាសហគមន៍អន្តរជាតិ ជាពិសេសនៅក្នុងបរិបទដែលតំបន់ និងពិភពលោកកំពុងប្រឈមមុខនឹងការវិវឌ្ឍយ៉ាងស្មុគស្មាញ និងបញ្ហាប្រឈមដែលមិនអាចទាយទុកជាមុនបាន។

នៅឆ្នាំ២០២៣ វៀតណាមរួមជាមួយលុចសំបួ ហូឡង់ និងបែលហ្ស៊ិក អបអរសាទរខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣)។ ក្នុងរយៈពេលកន្លះសតវត្សរ៍កន្លងទៅនេះ ទំនាក់ទំនងរវាងវៀតណាម និងប្រទេសទាំងបីបានរីកចម្រើន និងកាន់តែស៊ីជម្រៅតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបជាន់ខ្ពស់ ការសហការ និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ។ លុចសំបួរ ហូឡង់ និងបែលហ្ស៊ិក ជាដៃគូសេដ្ឋកិច្ច-វិនិយោគឈានមុខគេរបស់វៀតណាមនៅអឺរ៉ុប និងមានប្រៀបខ្លាំង និងសក្តានុពលពិសេសក្នុងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។

ទំនាក់ទំនងវៀតណាម-លុចសំបួរបានអភិវឌ្ឍយ៉ាងល្អលើវិស័យជាច្រើន ជាពិសេសក្នុងវិស័យវិនិយោគ និងជំនួយអភិវឌ្ឍន៍។ គិតត្រឹមខែមករា ឆ្នាំ ២០២២ លុចសំបួ មានគម្រោងវិនិយោគចំនួន ៥១ ដែលមានដើមទុនសរុប ២.១ ពាន់លានដុល្លារអាមេរិក ហើយផ្តោតលើវិស័យមួយចំនួនដូចជា ឧស្សាហកម្មសំណង់ ឧស្សាហកម្មកែច្នៃម្ហូបអាហារ ផ្សព្វផ្សាយព័ត៌មាន និងបច្ចេកវិទ្យាខ្ពស់។ លុចសំបួបានចាត់ទុកវៀតណាមជាប្រទេសអាទិភាពមួយក្នុងចំណោមប្រទេសផ្តល់ជំនួយអភិវឌ្ឍន៍ ដោយប្រាក់ជំនួយសរុបឈានដល់ ១២៩ លានអឺរ៉ូ។ ភាគីទាំងពីរកំពុងផ្លាស់ប្តូរ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម អេកូឡូស៊ី និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

ទំនាក់ទំនងវៀតណាម-ហូឡង់ត្រូវបានចាត់ទុកថាជាគំរូនៃទំនាក់ទំនងដ៏ស្វាហាប់ និងប្រកបដោយប្រសិទ្ធភាព អភិវឌ្ឍយ៉ាងល្អលើគ្រប់វិស័យ។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើការបន្សាំបម្រែបម្រួលអាកាសធាតុ និងការគ្រប់គ្រងទឹក (ខែតុលា ឆ្នាំ២០១០) ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើកសិកម្មនិរន្តរភាព និងសន្តិសុខស្បៀង (ខែមិថុនា ឆ្នាំ២០១៤) និងទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ (ខែមេសា ឆ្នាំ២០១៩)។ ហូឡង់គឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់វៀតណាមនៅអឺរ៉ុប និងជាវិនិយោគិនធំជាងគេរបស់ EU នៅវៀតណាម។ ភាគីទាំងពីរបានសហការយ៉ាងសកម្មនៅអង្គការ និងវេទិកាពហុភាគីអន្តរជាតិ និងក្នុងតំបន់ ជាពិសេសក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ ASEM និងអាស៊ាន-សហភាពអឺរ៉ុប។

ទំនាក់ទំនងវៀតណាម-បែលហ្សិកកំពុងអភិវឌ្ឍយ៉ាងវិជ្ជមាន ជាពិសេសលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងកសិកម្ម។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើវិស័យកសិកម្ម (ឆ្នាំ ២០១៨)។ បែលហ្ស៊ិកគឺជាទីផ្សារនាំចេញធំទីប្រាំមួយរបស់វៀតណាមនៅក្នុងសហភាពអឺរ៉ុប ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីបន្តរក្សាសន្ទុះកំណើនរបស់ខ្លួនដោយសម្រេចជាង ៤ ពាន់លានដុល្លារក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ២០២២។

ដំណើរទស្សនកិច្ចជាផ្លូវការនៅលុចសំបួ ហូឡង់ និងបែលហ្សិក របស់លោក Pham Minh Chinh  ពិតជារួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងរវាងវៀតណាម និងប្រទេសទាំងបី ហើយបញ្ជាក់ពីតួនាទីរបស់វៀតណាមក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ទន្ទឹមនឹងនោះជួយវៀតណាមពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានប្រៀបខ្លាំងនៃប្រទេសនីមួយៗ សមស្របនឹងតម្រូវការអភិវឌ្ឍន៍របស់វៀតណាម។

យើងជឿជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីទៅកាន់ប្រទេសលុចសំបួ ហូឡង់ និងបែលហ្ស៊ិក និងការចូលរួមកិច្ចប្រជុំជាន់ខ្ពស់អបអរសាទរខួបលើកទី ៤៥ នៃទំនាក់ទំនងអាស៊ាន-EU នឹងទទួលបានជោគជ័យ បង្ហាញពីការស្ដាឡើងវិញក្រោយជំងឺរាតត្បាត ការត្រៀមខ្លួនសហការជាមួយប្រទេសផ្សេងៗរបស់វៀតណាម ដើម្បីទប់ទល់នឹងបញ្ហាប្រឈម កសាងបរិយាកាសសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

បកប្រែដោយ Thuy Anh