ខាងក្រោមនេះជាខ្លឹមសារសង្ខេបរបស់លោកអនុរដ្ឋមន្ត្រី Ha Kim Ngoc៖

ដំណើរបំពេញបេសកកម្ម “បីក្នុងមួយ” របស់គណៈប្រតិភូជាន់ខ្ពស់វៀតណាម ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកផង មកបំពេញទស្សនកិច្ច និងធ្វើការនៅសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិផងបាននាំមកនូវអត្ថន័យជាច្រើន និងសម្រេចបាននូវលទ្ធផលសំខាន់ៗទាំងពហុភាគី និងទ្វេភាគី។

leftcenterrightdel
នាយករដ្ឋមន្ត្រី Pham Minh Chinh ទៅទស្សនាផ្សារហ៊ុនញូវយ៉ក

ក្នុងចំណោមខ្លឹមសារលេចធ្លោគឺ៖

ទីមួយដោយមានសកម្មភាពជាង ៦០ រួមទាំងទ្វេភាគី និងពហុភាគីនៅកម្រិតផ្សេងៗគ្នា ពោលគឺកម្រិតតំបន់ក្នុងអាស៊ាន និងកម្រិតជាសកលជាមួយអង្គការសហប្រជាជាតិ ដំណើរបំពេញបេសកកម្មគឺជាជំហានមួយក្នុងការអនុវត្តយ៉ាងខ្លាំងក្លានូវគោលនយោបាយការបរទេសដែលកំណត់ដោយមហាសន្និបាតបក្សលើកទី១៣ គឺឯករាជ្យភាព ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍយ៉ាងទូលំទូលាយ ការធ្វើពិពិធកម្ម និងសមាហរណកម្មអន្តរជាតិ រួមចំណែកលើកកំពស់ទំនាក់ទំនងការបរទេសពហុភាគី និងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅជាមួយសហរដ្ឋអាមេរិកដែលជាដៃគូដ៏សំខាន់បំផុតរបស់វៀតណាម បន្ទាប់ពីជិតបីទសវត្សរ៍នៃការបង្កើតទំនាក់ទំនងការទូត។

ទីពីរនៅក្នុងកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក វៀត​ណាមបានចូលរួមយ៉ាងសកម្ម និងមានការទទួលខុសត្រូវរហូតក្នុងដំណើរការត្រៀមរៀបចំឱ្យព្រឹត្តិការណ៍នេះ។ ជាពិសេស ការលើកឡើងរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh បានឆ្លុះបញ្ចាំងពីកង្វល់រួមរបស់ប្រទេសនានា ដោយបានបង្ហាញពីតួនាទីមជ្ឈភាពរបស់អាស៊ាន ស្មារតីស្មោះត្រង់ ទំនុកចិត្ត និងការទទួលខុសត្រូវ ការចែករំលែកទស្សនៈវិស័យសម្រាប់បញ្ហាពិភពលោក និងតំបន់ និងទិសដៅអភិវឌ្ឍន៍ស្របតាមផលប្រយោជន៍របស់អាស៊ាន សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ។

អាស្រ័យហេតុនេះ មានការវាយតម្លៃខ្ពស់ពីប្រទេសផ្សេងៗដែលបង្កើតការឯកភាពគ្នាក្នុងអាស៊ាន សម្របសម្រួលដោយសុខដុមរមនាជាមួយដៃគូសហរដ្ឋអាមេរិក ដើម្បីកិច្ចប្រជុំសម្រេចបានលទ្ធផលសំខាន់ៗ និងបង្កើតបាននូវសញ្ញាណពិសេស។ នោះគឺតាមរយៈសេចក្តីថ្លែងការណ៍ទស្សនៈវិស័យរួមអាស៊ាន-សហរដ្ឋអាមេរិក បាននាំឱ្យទំនាក់ទំនងភាគីទាំងពីរទៅកាន់ដំណាក់​កាលថ្មីគឺការលើកកំពស់ដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កំណត់បានទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការ ដែលក្នុងនោះផ្តល់អាទិភាពដល់ការស្តារឡើងវិញក្រោយជំងឺរាតត្បាត និងធ្វើឱ្យមានស្ថិរភាពនូវខ្សែសង្វាក់ផ្គត់ផ្គង់ ការអភិវឌ្ឍបៃតង និងនិរន្តរភាព ការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខប្រពៃណី ដូចជាការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរលើសមុទ្រ និងមហាសមុទ្រ រួមទាំងសមុទ្រខាងកើត ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ... ផងដែរ។

ទីបី នាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបប្រជុំជាមួយថ្នាក់ដឹកនាំបណ្តាស្ថាប័នឈានមុខរបស់អង្គការសហប្រជាជាតិ រួមទាំងអគ្គលេខាធិការរងអង្គការសហប្រជាជាតិ ប្រធានមហាសន្និបាត និងនាយកប្រតិបត្តិនៃមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) អគ្គនាយកកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ (UNDP)។ ប្រការនេះបានឆ្លុះបញ្ចាំងថា វៀតណាមបានចាត់ទុកអង្គការសហប្រជាជាតិជាដៃគូដ៏គួរឱ្យទុកចិត្តនាំមុខគេសម្រាប់កិច្ចសហប្រតិបត្តិការសន្តិភាព និងការអភិវឌ្ឍលើពិភពលោក និងជាមិត្តដ៏គួរឱ្យទុកចិត្ត ស្មោះត្រង់ និងយូរអង្វែងរបស់វៀតណាមលើគ្រប់វិស័យក្នុងដំណើរការអភិវឌ្ឍន៍របស់ប្រទេស អះអាងថា វៀតណាមតែងតែជាដៃគូដ៏ស្មោះត្រង់ គួរឱ្យជឿទុកចិត្ត និងមានការទទួលខុសត្រូវ ហើយនឹងខិតខំប្រឹងប្រែងដើម្បីរួមចំណែកក្នុងការងាររួមរបស់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ។

ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី Pham Minh Chinh បានផ្លាស់ប្តូរ និងទទួលបានការឯកភាព ការវាយតម្លៃខ្ពស់ និងការប្តេជ្ញាបន្តរួមដំណើរជាមួយអង្គការសហប្រជាជាតិចំពោះរាល់គោលនយោបាយត្រឹមត្រូវរបស់វៀតណាមលើការច្នៃប្រឌិត និងការធ្វើ​សមាហរណកម្មអន្តរជាតិ កសាងសេដ្ឋកិច្ចឯករាជ្យ និងស្មារតីខ្លួនទីពឹងខ្លួន អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្របជាមួយនឹងការធានាសន្តិសុខសង្គម ការពារបរិស្ថាន ការប្រកាន់យកប្រជាជនជាស្នូល និងជាកម្លាំងចលករនៃដំណើរការទាំងអស់។ លើសពីនេះ វៀតណាមបានបន្តទាញយកផលប្រយោជន៍ពីធនធានគាំទ្រចម្រុះ ជាពិសេសចំណេះដឹង បទពិសោធន៍ និងសមត្ថភាពតភ្ជាប់សាកលរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់អាទិភាពបន្ទាន់របស់វៀតណាមក្នុងដំណាក់កាលអភិវឌ្ឍន៍បច្ចុប្បន្ន ដូច​ជាការឆ្លើយតបនិងស្តារក្រោយជំងឺរាតត្បាតប្រកបដោយនិរន្តរភាព និងសេដ្ឋកិច្ចបៃតង។

ទីបួន នាយករដ្ឋមន្ត្រីមានសកម្មភាពទ្វេភាគីយ៉ាងក្រាស់ក្រែល រហូតចាប់ពីពេលដែលលោកនាយករដ្ឋមន្រ្តីទៅដល់ទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ឆ្លងទីក្រុងបូស្តុន ញូវយ៉ក ដល់មុនពេលចាកចេញពីសាន់ហ្វ្រាន់ស៊ីស្កូ។ ទាំងនេះគឺជាការជួបជុំ និងការផ្លាស់ប្តូរការងារដោយទម្រង់ជួបផ្ទាល់នៅកម្រិតខ្ពស់  និងទូលំទូលាយបំផុតរវាងប្រទេសទាំងពីរបន្ទាប់ពីត្រូវបានផ្អាកអស់រយៈពេលជិត ២ ឆ្នាំដោយសារជំងឺរាតត្បាត។ លោកនាយករដ្ឋមន្ត្រីបានជួបជាមួយប្រធានាធិបតីអាមេរិក Joe Biden, អនុប្រធានាធិបតី Kamala Harris, ប្រធានប្រចាំការព្រឹទ្ធសភាអាមេរិក Patrick Leahy, ប្រធានរដ្ឋសភា Nancy Pelosi ។ល។

ថ្នាក់ដឹកនាំក្រសួង និងស្ថាប័ននានាដែលអមដំណើរនាយករដ្ឋមន្រ្តីបានមានជាង ៤០ ជំនួបធ្វើការ និងពិភាក្សាជាមួយដៃគូក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ធនាគារ ការពារជាតិ សន្តិសុខ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ…

ក្នុងគ្រប់ជំនួបការងារនេះ ភាគីសហរដ្ឋអាមេរិកសុទ្ធសឹងតែបានសម្តែងនូវសារៈសំខាន់ចំពោះទំនាក់ទំនងជាមួយវៀតណាម អះអាងនូវការគោរពចំពោះរបបនយោបាយ ការគាំទ្រវៀតណាមរឹងមាំ ឯករាជ្យ និងវិបុលភាព។ ភាគីទាំងពីរមានការផ្លាស់ប្តូរ និងការសន្ទនាដោយស្មោះត្រង់អំពីទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ និងទិសដៅអភិវឌ្ឍន៍វៀតណាម - អាមេរិក នាពេលខាងមុខ ព្រមទាំងបានធ្វើការយ៉ាងជិតស្និទ្ធដើម្បីអនុវត្តលទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចលើកនេះ។

ទីប្រាំ នៅគោលដៅមកដល់ទាំង ៤ ទោះបីមានកម្មវិធីការងារបន្ទាន់ក៏ដោយ តែលោកនាយករដ្ឋមន្ត្រីបានចំណាយពេលវេលាយ៉ាងច្រើនបានជួបសហគមន៍ជនជាតិវៀតណាមនៅទីនេះ និងស្តាប់យ៉ាងយកចិត្តទុកដាក់នូវគំនិត អារម្មណ៍ សេចក្តីប្រាថ្នារបស់បងប្អូន។ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាល នាយករដ្ឋមន្ត្រីបានផ្ញើសារយ៉ាងម៉ឺងម៉ាត់ទៅកាន់ប្រជាជនវៀតណាមនៅសហរដ្ឋអាមេរិកអំពីគោលនយោបាយមហាសាមគ្គីជាតិតាមស្មារតីរបស់ការិយាល័យនយោបាយវៀតណាមអំពីជនជាតិ​វៀត​ណាមនៅបរទេសក្នុងស្ថានភាពថ្មី។

សរុបសេចក្តីមក ដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកនេះរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ដោយសម្រេចបាននូវគោលបំណងដែលបានកំណត់ រួមចំណែកក្នុងការអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយការបរទេសរបស់បក្ស និងរដ្ឋ ជាពិសេសសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ គឺ “បន្តជំរុញនិងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិ​”​៕

បកប្រែដោយ Minh Trung