នៅក្នុងគេហទំព័រ csis.org អ្នកជំនាញ Gregory B. Poling នៃកម្មវិធីអាស៊ីអាគ្នេយ៍ និងជានាយកនៃគំនិតផ្តួចផ្តើមសម្រាប់តម្លាភាពនាវាចរនៅអាស៊ី នៃមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) នៅទីក្រុងវ៉ាស៊ីនតោន នៃសហរដ្ឋ​អាមេរិក បានឲ្យដឹងថា មហាសន្និបាតលើកទី ១៣ នឹងពិនិត្យឡើងវិញនូវគោលនយោបាយ សេដ្ឋកិច្ច និងកិច្ចការបរទេសក្នុងរយៈពេលមួយទសវត្សកន្លងមក និងធ្វើការ​កែសម្រួល​សម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ ដើម្បីសម្រេចឲ្យបាននូវគោលដៅជាប្រទេសមានប្រាក់ចំណូលខ្ពស់នាឆ្នាំ ២០៤៥។

leftcenterrightdel
អ្នកយកព័ត៌មានផ្សាយព័ត៌មាននៅមហាសន្និបាតលើកទី  ១៣ របស់បក្សកុម្មុយនិស្តវៀតណាម

យោងតាមអ្នកជំនាញ Gregory B. Poling ឲ្យដឹងថា សេដ្ឋកិច្ចវៀតណាមបានកើនឡើងជាមធ្យម ៦% ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ និងបន្តកើនឡើង ២,៩១% នៅឆ្នាំ ២០២០ ទោះបីជារងផលប៉ះពាល់ដោយសារជំងឺរាតត្បាត Covid-19 ក៏ដោយ។ រដ្ឋាភិបាលវៀតណាមគ្រប់គ្រងជំងឺរាតត្បាតបានជោគជ័យ និងកាត់បន្ថយផលប៉ះពាល់ទៅលើសេដ្ឋកិច្ចដោយសាររោគរាតត្បាតនេះ។

ខណៈដែលអ្នកជំនាញ Le Hong Hiep នៃវិទ្យាស្ថានស្រាវជ្រាវអំពីអាស៊ីអាគ្នេយ៍ (នៅសិង្ហបុរី) ឲ្យដឹងថា វៀតណាមនឹងបន្តអនុវត្ដគោលនយោបាយសមាហរណកម្មអន្ដរជាតិយ៉ាងស៊ីជម្រៅ និងទូលំទូលាយ។ មិនត្រឹមតែអ្នកជំនាញប៉ុណ្ណោះទេ ថែមទាំងសារព័ត៌មានអន្ដរជាតិជាច្រើនទៀតក៏បានវាយតម្លៃ និងវិភាគលើមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម និងព្យាករណ៍អំពីទិសដៅ និងគោលដៅអភិវឌ្ឍន៍របស់វៀតណាមនាពេលខាងមុខ។  កាសែត The Straits Times (សិង្ហបុរី) បានឲ្យដឹងថា មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមមានភារកិច្ចយ៉ាងសំខាន់ក្នុងការជ្រើសរើសថ្នាក់​ដឹកនាំថ្មីសម្រាប់ប្រទេសជាតិ ក៏ដូចជាកំណត់ទិសដៅអភិវឌ្ឍន៍របស់វៀតណាមក្នុងរយៈពេល ៥ ឆ្នាំខាងមុខ និងនាពេលអនាគតដែរ។

នៅក្នុងបរិបទនៃរោគរាតត្បាត Covid-19 ប្រតិភូ បុគ្គលិក និងអ្នកយកព័ត៌មានចូលរួមមហាសន្និបាតត្រូវបានពិនិត្យសុខភាព និងធ្វើតេស្ដ Covid-19 ចំនួនពីរដង មុនពេលប្រព្រឹត្ដទៅមហាសន្និបាត។ យោងតាមសារព័ត៌មាន The Straits Times បានវាយតម្លៃថា ការធ្វើបែបនេះជាមូលហេតុមួយដែលជួយវៀតណាមមានករណីឆ្លងរោគរាតត្បាត Covid-19 ទាបបើធៀបទៅនឹងប្រទេសជាច្រើនទៀត។ អាស្រ័យហេតុនេះ សេដ្ឋកិច្ចប្រទេសវៀតណាមក៏សម្រេចបាននូវកំណើនខ្ពស់ជាងបណ្តាប្រទេសនៅអាស៊ីក្នុងឆ្នាំកន្លងមក។

ទីភ្នាក់ងារសារព័ត៌មាន BBC ក៏បានវិភាគអំពីមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមផងដែរ។ BBC បានចុះផ្សាយថា មហាសន្និបាតលើកនេះមានសារសំខាន់ក្នុងបរិបទដែលខឿនសេដ្ឋកិច្ចមានការអភិវឌ្ឍ និងប្រទេសជាតិទទួលបានជោគជ័យជាក់ស្ដែងក្នុងការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ វៀតណាមគឺជាប្រទេសដ៏កម្រមួយនៅក្នុងតំបន់សម្រេចបាននូវកំណើនគួរឱ្យកត់សម្គាល់ក្នុងឆ្នាំកន្លងមក។

ក្រុមហ៊ុនពហុជាតិជាច្រើនកំពុងប្រតិបត្តិការនៅប្រទេសវៀតណាម រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Apple និង Samsung។ វៀតណាមក៏មានទំនាក់ទំនងពាណិជ្ជកម្មល្អជាមួយប្រទេសមហាអំណាច ដែលក្នុងនោះមានអាមេរិក និងចិនផងដែរ។ យោងតាមសារព័ត៌មាន BBC បានឲ្យដឹងថា ជំងឺរាតត្បាតជាសកលត្រូវបានគេព្យាករណ៍ថានឹងធ្វើឱ្យប្រទេសភាគច្រើននៅជុំវិញពិភពលោកធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ហើយវៀតណាមនឹងត្រូវខិតខំដើម្បីរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួន៕

បកប្រែដោយ Pham Diep