រហូតមកដល់ពេលនេះ វៀតណាមបានបញ្ជូនកម្មាភិបាល នាយទាហាន និងបុគ្គលិកចំនួន ១០០ នាក់ចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅអាហ្វ្រិក។ តាមគម្រោង កងពេទ្យកំរិត២ លេខ២ នឹងទៅបំពេញភារកិច្ច ដើម្បីជំនួសឲ្យកងពេទ្យកំរិត២ លេខ១ ដែលកំពុងបំពេញភារកិច្ចនៅ Bentiu ស៊ូដង់ខាងត្បូង។ ប្រការនេះបានបញ្ជាក់លើការយកចិត្តទុកដាក់និងការចូលរួមយ៉ាងសកម្មរបស់វៀតណាមក្នុងសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។

យោងតាមលោកឧត្តមសេនីយ៍ត្រី Hoang Kim Phung ប្រធាននាយកដ្ឋានរក្សាសន្ដិភាពវៀតណាម បានឲ្យដឹងថា ការរួមវិភាគទានរបស់វៀតណាមក្នុងសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិបានជះឥទ្ធិពលជាវិជ្ជមានទៅលើលទ្ធផលដែលប្រទេសវៀតណាមត្រូវបានជ្រើសរើសជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១។

leftcenterrightdel
វៀតណាមចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ (រូបថត៖ vnanet.vn)

វៀតណាមមានគោលការណ៍បើកទូលាយការចូលរួមសកម្មភាពនៃអង្គការសហប្រជាជាតិ។ ឥឡូវនេះ យោងតាមស្ថានភាពនៅបេសកកម្ម និងសមត្ថភាពរបស់វៀតណាមនោះ អង្គការសហប្រជាជាតិបានមានតម្រូវការខ្ពស់ជាងទៀតចំពោះវៀតណាម។ នេះគឺដោយសារវៀតណាមទទួលបានទំនុកទុកចិត្តពីអង្គការសហប្រជាជាតិ។ ទន្ទឹមនឹងវិស័យពេទ្យយោធា អង្គការសហប្រជាជាតិរំពឹងថា វៀតណាមនឹងបញ្ជូនកងវិស្វកម្មចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ និង ស្រាវជ្រាវការបញ្ជូនអ្នកជំនាញការ និងប៉ូលីសបំពេញបេសកកម្មរក្សាសន្តិភាពក្នុងនាមជាអ្នកសេនាធិការ។

ជាពិសេស ក្នុងដំណើរការបំពេញការងារនៅបេសកកម្មនៅប្រទេសនានា នាយទាហានកងទ័ពប្រជាជនវៀតណាមបានបង្ហាញសមត្ថភាពជំនាញរបស់ខ្លួន ក្នុងនោះ នាយទាហានមួយចំនួនឈរឈ្មោះជាមេបញ្ជាការរបស់អង្គការសហប្រជាជាតិនៅបេសកកម្មនិងនៅទីស្នាក់ការនៃអង្គការសហប្រជាជាតិ។ លោកឧត្តមសេនីយ៍ត្រី Hoang Kim Phung បានឲ្យដឹងថា “នាយកដ្ឋានរក្សាសន្ដិភាពវៀតណាមបានបញ្ជូននាយទាហានមួយចំនួនដែលបានបំពេញល្អភារកិច្ចរក្សាសន្តិភាពនៃអង្គការស​ហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូងនិងសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ដើម្បីឧទ្ទេសនាមជាបេក្ខភាពសម្រាប់តំណែងមេបញ្ជាការនៅទីស្នាក់ការនៃអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។ លោកវរសេនីយ៍ទោ Luong Truong Vinh ត្រូវបានជ្រើសតាំងជានាយទាហានផែនការនៃនាយកដ្ឋានកសាង / រៀបចំកងកំលាំង ការិយាល័យកិច្ចការយោធា នាយកដ្ឋានប្រតិបត្តិការសន្តិភាពរបស់អង្គការសហប្រជាជាតិនៅទីស្នាក់ការរបស់អង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។ នេះគឺជាស្ថាប័នធ្វើផែនការយុទ្ធសាស្រ្ត និងជ្រើសរើសប្រទេសដែលបញ្ជូននាយទាហានចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ”។

នាពេលថ្មីៗនេះ វៀតណាមបានទទួលតួនាទីជាម្ចាស់ផ្ទះនៃសន្និសីទ APCN លើកទី ៨ នាឆ្នាំ២០២០។ ព្រឹត្តិការណ៍នេះមិនគ្រាន់តែបង្ហាញការត្រៀមខ្លួនជាស្រេចរបស់វៀតណាមក្នុងការងារអន្តរជាតិនិងតំបន់ប៉ុណ្ណោះ ទេថែមទាំងជាឱកាសសម្រាប់កងទ័ពប្រជាជនវៀតណាមផ្សព្វផ្សាយរូបភាពនៃប្រទេសជាតិវៀតណាមមួយមានទំនួលខុសត្រូវរបស់អាស៊ាន និងអង្គការសហប្រជាជាតិ។

លោកឧត្តមសេនីយ៍ត្រី Hoang Kim Phung បានឲ្យដឹងថា វៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិដោយមានលទ្ធផលយ៉ាងសកម្ម រួមវិភាគទានក្នុងដំណើរការសមាហរណកម្មអន្តរជាតិ។ ខណៈដែលចូលរួមបរិស្ថានពហុជាតិ វៀតណាមមិនគ្រាន់តែរួមចំណែកដល់អន្តរជាតិ លើកកម្ពស់តួនាទីរបស់វៀតណាម បង្ហាញការទទួលខុសត្រូវរបស់វៀតណាមប៉ុណ្ណោះ ទេថែមទាំងជម្រុញទំនាក់ទំនងទ្វេភាគីជាមួយប្រទេសផ្សេងៗ។ នៅបច្ចុប្បន្ននេះ វៀតណាមបានចុះហ្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីលើវិស័យរក្សាសន្តិភាពជាមួយប្រទេសចំនួន៩ និងកិច្ចព្រមព្រៀងមួយជាមួយអង្គការសហប្រជាជាតិ។

ក្នុងជំនួបជាមួយសារព័ត៌មាន លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានសង្កត់ធ្ងន់ថា ការដែលវៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិបានបង្ហាញការទទួលខុសត្រូវរបស់វៀតណាមចំពោះសន្តិភាព និងសន្តិសុខនៅលើពិភពលោក។ វៀតណាមគឺជាប្រទេសមានកិត្យានុភាព។ វៀតណាមចូលរួមអង្គការសហប្រជាជាតិមិនគ្រាន់តែមានបំណងចង់អង្គការសហប្រជាជាតិជួយគាំទ្រវៀតណាមប៉ុណ្ណោះទេ ថែមទាំងរួមវិភាគទានដល់សកម្មភាពរបស់អង្គការសហប្រជាជាតិ ទោះបីវៀតណាមនៅជួបការលំបាកជាច្រើនក្តី។

ដោយមានលទ្ធផលល្អក្នុងការចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ យើងអាចជឿជាក់ថា ការចូលរួមវិស័យនេះរបស់វៀតណាមនៅប៉ុន្មានឆ្នាំខាងមុខនេះនឹងកើនឡើងកំរិតថ្មី មានប្រសិទ្ធថែមទៀត រួមចំណែកក្នុងការអនុវត្តដោយជោគជ័យនូវគោលនយោបាយការបរទេស គោលការណ៍សមាហរណកម្មអន្តរជាតិ ជាពិសេសគឺលើវិស័យការពារជាតិ និងយុទ្ធសាស្រ្តកសាង និងការពារមាតុភូមិដែលលើកឡើងដោយមហាសន្និបាតលើកទី១២ របស់បក្សកុម្មុយនិស្តវៀតណាម៕

បកប្រែដោយ Thuy Anh