បញ្ជ្រាបយ៉ាងស៊ីជម្រៅនូវមនោគមវិជ្ជាណែនាំនៅក្នុងសៀវភៅរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស ស្តីពីការទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន
កប.អនឡាញ - នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ នៅទីក្រុងហាណូយ អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម បានសហការជាមួយក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម និងស្ថាប័នបោះពុម្ពផ្សាយជាតិនយោបាយការពិត បានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រស្តីពី៖ ការបញ្ជ្រាបនូវមនោគមវិជ្ជាណែនាំក្នុងសៀវភៅមានចំណងជើង “ការតស៊ូប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមានដោយភាពម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន រួមចំណែកកសាងបក្ស រដ្ឋ ឱ្យកាន់តែស្អាតបរិសុទ្ធ និងរឹងមាំ” របស់លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ចូលក្នុងការអនុវត្តយ៉ាងជោគជ័យនូវបុព្វហេតុយោធា ការពារជាតិ និងការពារមាតុភូមិនាពេលបច្ចុប្បន្ន។ សិក្ខាសាលានេះធ្វើឡើងដោយផ្ទាល់នៅសាលប្រជុំក្រសួងការពារប្រទេស និងតភ្ជាប់តាមប្រព័ន្ធអ៉ីនធឺណេតដល់ ៤១ កន្លែងក្នុងជួរកងទ័ពទាំងមូល ដោយមានការចូលរួមពីប្រតិភូចំនួន ១,៦០០ នាក់។
លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញចូលរួម និងដឹកនាំសិក្ខាសាលានេះ។
    |
 |
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងប្រតិភូទៅទស្សនាស្តង់តាំងបង្ហាញសៀវភៅនៅសិក្ខាសាលា |
សៀវភៅ “ការតស៊ូប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមានដោយភាពម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន រួមចំណែកកសាងបក្ស រដ្ឋ ឱ្យកាន់តែស្អាតបរិសុទ្ធ និងរឹងមាំ” របស់លោក Nguyen Phu Trong ត្រូវបានបោះពុម្ព និងចេញផ្សាយក្នុងឱកាសរំលឹកខួបលើកទី ៩៣ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម និងខួប ១០ ឆ្នាំនៃការបង្កើតគណៈកម្មាធិការដឹកនាំមជ្ឈិមប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន ដែលដឹកនាំដោយអគ្គលេខាបក្ស បានបន្តបញ្ជាក់ពីក្តីកង្វល់ដ៏ជ្រាលជ្រៅរបស់លោកអគ្គលេខាបក្សចំពោះការតស៊ូប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន រួមចំណែកក្នុងការកសាង និងកែលំអបក្សរបស់យើងឱ្យកាន់តែមានភាពបរិសុទ្ធ និងរឹងមាំនាពេលបច្ចុប្បន្ននេះ។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងដើម្បីស្វែងយល់ឱ្យបានហ្មត់ចត់នូវខ្លឹមសារនៃសៀវភៅរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស និងបង្រួបបង្រួមការយល់ឃើញ និងបញ្ជាក់ពីតម្លៃទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៃសៀវភៅ។ ទន្ទឹមនឹងនោះ ជួយគណៈកម្មាធិការបក្ស និងអង្គការចាត់តាំងបក្សគ្រប់លំដាប់ថ្នាក់អនុវត្តការងារប្រឆាំងអំពើពុករលួយកាន់តែមានប្រសិទ្ធភាពនាពេលខាងមុខ រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុយោធា ការពារជាតិ និងការពារមាតុភូមិសង្គមនិយមវៀតណាមបច្ចុប្បន្ន។
ជាមួយការវិភាគលើពហុទិដ្ឋភាព លើមុំជ្រុងជាច្រើន រាល់បទអន្តរាគមន៍ក៏ដូចជាមតិពីប្រតិភូចូលរួមអង្គសិក្ខាសាលា បានវាយតម្លៃជាឯកច្ឆ័ន្ទ៖ សៀវភៅនេះមានតម្លៃយ៉ាងជ្រាលជ្រៅទាំងទ្រឹស្តី និងការអនុវត្តសម្រាប់ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាននៅក្នុងប្រទេសវៀតណាមយើង។ ដោយឈរលើមូលដ្ឋាននៃការបូកសរុប ការអនុវត្តជាក់ស្តែងតាមរូបភាពយ៉ាងសម្បូរបែប និងការដកចេញនូវបញ្ហាទ្រឹស្តីអំពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាននៅវៀតណាម សៀវភៅនេះបានឆ្លុះបញ្ចាំងថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងភាពអវិជ្ជមានគឺជា “និន្នាការចាំបាច់ មិនអាចខ្វះបាន និងមិនអាចច្រាស់វិញបាន” ជាមួយការប្តេជ្ញាចិត្ត "គ្មានតំបន់ហាមឃាត់ គ្មានតំបន់ទទេ គ្មានករណីលើកលែង គ្មានឯកសិទ្ធិ មិនថាបុគ្គលនោះជានរណា និងមិនស្ថិតនៅក្រោមសម្ពាធរបស់បុគ្គលណាមួយឡើយ”។
    |
 |
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងប្រតិភូអញ្ជើញចូលរួមសិក្ខាសាលា |
ដោយស្មារតីនោះ ដើម្បីសម្រេចបានប្រសិទ្ធភាពខ្ពស់បំផុត ជាដំបូងបង្អស់បក្សត្រូវតែបង្កើនការផ្លាស់ថ្មី កែខ្លួនឯង លើកកំពស់សមត្ថភាពដឹកនាំ និងកម្លាំងប្រយុទ្ធ ជាពិសេស “ការទប់ស្កាត់ និងប្រឆាំងការរិចរិលធ្លាក់ចុះនៃគំនិតនយោបាយ សីលធម៌ និងរបៀបរស់នៅក្នុងចំណោមកម្មាភិបាល និងសមាជិកបក្ស”។ នេះគឺជា “ឫសគល់” នៃបញ្ហា ដែលជាកិច្ចការនយោបាយដ៏បន្ទាន់ និងសំខាន់របស់បក្ស រដ្ឋ និងប្រជាជនយើង ហើយត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់ និងតឹងរ៉ឹង ដោយឈរលើការរួមផ្សំគ្នានៃប្រព័ន្ធនយោបាយទាំងមូល រួមជាមួយការចូលរួមយ៉ាងសកម្មរបស់ប្រជាជនទាំងមូល ។ ដូច្នេះហើយ សៀវភៅរបស់លោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមមានអត្ថន័យដ៏ធំធេង ជាទស្សនៈណែនាំដ៏សំខាន់ រួមចំណែកអនុវត្តជោគជ័យក្នុងបុព្វហេតុយោធា ការពារជាតិ និងការពារមាតុភូមិនាពេលបច្ចុប្បន្ន រួមចំណែកកសាងកងទ័ពប្រជាជនប្រកបដោយបដិវត្តន៍ មានរបៀបរៀបរយ ចំណាន បោះជំហានជាបណ្តើរៗឆ្ពោះទៅរកភាពទំនើបកម្ម, ប្រភេទទ័ព កងឯកភាពទ័ព និងកងកម្លាំងមួយចំនួន ឆ្ពោះទៅរកភាពទំនើបកម្មតែម្តង។
ដើម្បីផ្សព្វផ្សាយពីអត្ថន័យ និងតម្លៃនៃសៀវភៅរបស់លោកអគ្គលេខាបក្ស លោកឧត្តមសេនីយ៍ទោ Trinh Van Quyet អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម ជាសហអធិបតីអង្គសិក្ខាសាលានេះបានមានអនុសាសន៍ថា៖ គណៈកម្មាធិការបក្ស និងអង្គការចាត់តាំងទាំងអស់ក្នុងជួរកងទ័ពត្រូវរៀបចំឱ្យបានឆាប់ៗ ដើម្បីឲ្យយុទ្ធជន កម្មាភិបាល និងសមាជិកបក្ស ត្រូវបានអាន និងសិក្សាស្រាវជ្រាវ ចាប់យកខ្លឹមសារនៃសៀវភៅឱ្យបានហ្មត់ចត់ ដាក់បញ្ចូលនូវខ្លឹមសារសៀវភៅទៅក្នុងកិច្ចប្រជុំជីវភាពសាខាបក្ស រៀបចំឱ្យបានល្អនូវរាល់សកម្មភាពនៃសិក្ខាសាលា កិច្ចប្រជុំការផ្លាស់ប្តូរមតិ និងផ្សារភ្ជាប់ជាមួយការងារកសាងបក្ស កសាងអង្គភាព និងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ភាពអវិជ្ជមានរបស់ស្ថាប័ន និងអង្គភាពរបស់ខ្លួនឯង។ រាល់ទីភ្នាក់ងារ អង្គភាព សាលាយោធាត្រូវតែស្រាវជ្រាវ និងអនុវត្តយ៉ាងសកម្មនូវទស្សនៈ និងគំនិតណែនាំរបស់លោកអគ្គលេខាបក្សក្នុងសៀវភៅនេះ ដើម្បីបង្កើនគុណភាពនៃការបង្រៀន ការអប់រំអំពីនយោបាយ និងការបង្រៀនវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ៕
បកប្រែដោយ Minh Trung