ជំរុញការវិនិយោគសមស្របនឹងសក្តានុពល

ភ្លាមៗបន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិក លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម បានជួបពិភាក្សាជាមួយលោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី។

លោក Joko Widodo បានស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតំលៃខ្ពស់ចំពោះសារសំខាន់នៃដំណើរទស្សនកិច្ចរបស់លោក Nguyen Xuan Phuc នៅឥណ្ឌូនេស៊ី ស្របឱកាសជិតដល់ខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌូនេស៊ី (២០១៣-២០២៣) ដែលជួយបង្កើតកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ ដើម្បីអភិវឌ្ឍកាន់តែស៊ីជម្រៅ និងទូលំទូលាយ។

លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម បានអបអរសាទរឥណ្ឌូនេស៊ីក្នុងការងើបឡើងវិញ និងអភិវឌ្ឍយ៉ាងខ្លាំងក្លាក្រោយពីជំងឺរាតត្បាត Covid-19 បំពេញតួនាទីជាប្រធាន G20 ក្នុងឆ្នាំ ២០២២ ដោយជោគជ័យ និងមានកិត្យានុភាពកាន់តែខ្ពស់នៅលើឆាកអន្តរជាតិ។

leftcenterrightdel
លោក Joko Widodo អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូនលោក Nguyen Xuan Phuc

ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌូនេស៊ី លើគ្រប់វិស័យសំខាន់ៗ ចាប់ពីវិស័យនយោបាយ ការពារជាតិ សន្តិសុខ រហូតដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ដឹកជញ្ជូន ការអប់រំ-បណ្តុះបណ្តាល និងវប្បធម៌។ ជាពិសេស កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មមានការរីកចម្រើនយ៉ាងខ្លាំង ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២២ ឈានដល់ជិត ១៣ ពាន់លានដុល្លារអាមេរិក ដែលលើសពីពេញមួយឆ្នាំនៃឆ្នាំ ២០២១ និងឈានដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មាន។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាយ៉ាងខ្លាំងលើទិសដៅសំខាន់ៗ ដើម្បីបន្តជំរុញទំនាក់ទំនងទ្វេភាគី នាពេលខាងមុខ។ តាមនោះ ភាគីទាំងពីរនឹងបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូ ការជួបជុំក្នុងកម្រិតខ្ពស់ បន្តអនុវត្តយន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ជាពិសេសកម្មវិធីសកម្មភាពសម្រាប់រយៈពេល ២០១៩-២០២៣ ខិតខំនាំឱ្យទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ជាង ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០២៨  និងក្នុងទិសដៅមានតុល្យភាពជាងមុន។ លោក Nguyen Xuan Phuc បានស្នើឱ្យឥណ្ឌូនេស៊ីពិចារណាកាត់បន្ថយរបាំងពាណិជ្ជកម្ម ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងសម្រួលទំនិញពីវៀតណាម រួមទាំងផលិតផលតាមស្តង់ដារ Halal សមរម្យសម្រាប់ទីផ្សារឥស្លាមដែលនាំចូលមកឥណ្ឌូនេស៊ី។ ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញការវិនិយោគឲ្យសមស្របនឹងភាពជាដៃគូយុទ្ធសាស្ត្រប្រកបដោយសក្តានុពលតាមរយៈការបង្កើនវិធានការផ្សព្វផ្សាយ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរដើម្បីធ្វើពិពិធកម្មលើវិស័យសហប្រតិបត្តិការវិនិយោគ និងធុរកិច្ច រួមទាំងវិស័យថ្មីៗដូចជា សេដ្ឋកិច្ចឌីជីថល ការការធ្វើបរិវត្តកម្មឌីជីថលជាដើម។  លោក Joko Widodo បាននិយាយថា អាជីវកម្មឥណ្ឌូនេស៊ីកាន់តែ ចាប់អារម្មណ៍ទៅលើការវិនិយោគនៅវៀតណាម ហើយសង្ឃឹមថាអាជីវកម្មវៀតណាមនឹងពង្រីកការវិនិយោគរបស់ នៅឥណ្ឌូនេស៊ីផងដែរ។

leftcenterrightdel
លោក Nguyen Xuan Phuc ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិក

ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀតដូចជា ការការពារជាតិ និងសន្តិសុខ រួមទាំងការសម្របសម្រួលក្នុងការដោះស្រាយបញ្ហាប្រឈមសន្តិសុខរួមនៅសមុទ្រ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ធានាសន្តិសុខថាមពល សន្តិសុខស្បៀង ... ; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល ទេសចរណ៍ បង្កើនការតភ្ជាប់ បង្កើនភាពចំនួនជើងហោះហើរពាណិជ្ជកម្មផ្ទាល់ ជំរុញការជួបជុំប្រាស្រ័យរវាងប្រជាជន និងប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរ។ បន្តពង្រឹងការពិគ្រោះយោបល់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិ។ ផ្តោតលើការលើកកម្ពស់សាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន។ វៀតណាមបានអះអាងនូវការគាំទ្ររបស់ខ្លួនចំពោះប្រទេសឥណ្ឌូនេស៊ីក្នុងការទទួលតួនាទីជាប្រធានប្តូរវេនអាស៊ានដោយជោគជ័យនៅឆ្នាំ២០២៣ ហើយឥណ្ឌូនេស៊ីបានយល់ព្រមគាំទ្រវៀតណាមក្នុងការបំពេញតួនាទីរបស់ខ្លួនដោយជោគជ័យក្នុងនាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៣-២០២៥។

ថ្នាក់ដឹកនាំទាំងពីរបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃសន្តិភាព ស្ថិរភាព សុវត្ថិភាព សន្តិសុខ និងសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រខាងកើត; រួមគ្នារក្សាសាមគ្គីភាព និងគោលជំហររួមរបស់អាស៊ានក្នុងបញ្ហាសមុទ្រខាងកើត;    ជំរុញការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការចរចាប្រកបដោយប្រសិទ្ធភាព និងស្របនឹងក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។ លោក Nguyen Xuan Phuc បានអបអរសាទរចំពោះការរៀបចំសិក្ខាសាលាដ៏ជោគជ័យរបស់ប្រទេសឥណ្ឌូនេស៊ី ដើម្បីអបអរសាទរខួបលើកទី ៤០ នៃ UNCLOS។

នៅចុងបញ្ចប់នៃកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារនៃកិច្ចសហប្រតិបត្តិការមួយចំនួន រួមមានៈ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រឆាំងអំពើភេរវកម្ម; អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការជួញដូរ និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន សារធាតុចិត្តសាស្ត្រ; អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងធនធានរ៉ែ។

ថ្នាក់ដឹកនាំទាំងពីរក៏បានជួបជាមួយសារព័ត៌មានដើម្បីប្រកាសលទ្ធផលនៃជុំនួបពិភាក្សាការងារ និងរួមទាំងការដែលភាគីទាំងពីរបានបញ្ចប់ការចរចាស្តីពីការកំណត់តំបន់សេដ្ឋកិច្ចផ្តាច់មុខស្របតាមច្បាប់អន្តរជាតិ UNCLOS 1982៕

បកប្រែដោយ Minh Trung