ក្នុងឱកាសនេះ ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក Athanasios Pafilis អគ្គលេខាធិការក្រុមប្រឹក្សាសន្តិភាពពិភពលោក បានធ្វើការអត្ថាធិប្បាយអំពីតួនាទីជាម្ចាស់ផ្ទះរបស់វៀតណាម ក៏ដូចជាអំពីសមិទ្ធផលលេចធ្លោដែល វៀតណាមសម្រេចបានក្នុងការកសាង ការពារ  អភិវឌ្ឍ និងលើកកំពស់ឋានៈរបស់ប្រទេស។

leftcenterrightdel
លោក Athanasios Pafilis អគ្គលេខាធិការក្រុមប្រឹក្សាសន្តិភាពពិភពលោកផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានវៀតណាម

អ្នកយកព័ត៌មាន៖ តើអ្វីជាអត្ថន័យនៃការដែលវៀតណាមត្រូវបានជ្រើសរើសជាប្រទេសម្ចាស់ផ្ទះនៃមហាសន្និបាតលើកនេះ បាទលោក Athanasios Pafilis?

លោក Athanasios Pafilis៖  ជាដំបូងខ្ញុំសូមថ្លែងអំណរគុណចំពោះគណៈកម្មាធិការសន្តិភាពវៀតណាម សម្ព័ន្ធអង្គការមិត្តភាពវៀតណាម ជាពិសេសប្រទេស និងប្រជាជនវៀតណាមជាទូទៅចំពោះការទទួលបដិសណ្ឋារកិច្ច ក៏ដូចជាការរៀបចំយ៉ាងយកចិត្តទុកដាក់សម្រាប់ព្រឹត្តិការណ៍នេះ។

មហាសន្និបាតលើកទី ២២ នៃ WPC នឹងស្វាគមន៍គណៈប្រតិភូមកពីប្រទេសជាច្រើនជុំវិញពិភពលោកមកកាន់ប្រទេសវៀតណាម។ ក្នុងរយៈពេលកន្លងមក វៀតណាមក៏បានធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសន្តិភាពអន្តរជាតិជាច្រើននៅកម្រិតផ្សេងគ្នា។ យ៉ាងណាមិញ ការរៀបចំព្រឹត្តិការណ៍នេះមានអត្ថន័យពិសេសណាស់។

វៀតណាមជាប្រទេសដែលបានឆ្លងកាត់សង្គ្រាមតស៊ូប្រឆាំងនឹងពួកអាណានិគម និងចក្រពត្តិនិយម ដើម្បីទទួលបានឯករាជ្យ។ ប្រវត្តិសាស្ត្រវៀតណាម គឺជាភស្តុតាងដែលបង្ហាញថា សាមគ្គីភាពអាចបង្កើនកម្លាំងដ៏អស្ចារ្យរបស់ប្រជាជាតិទាំងមូល។ ដើម្បីយកឈ្នះលើសត្រូវឈ្លានពាន យើងមានផ្លូវតែមួយនោះគឺត្រូវតែរួបរួមសាមគ្គីគ្នា។ នៅក្នុងបរិបទបច្ចុប្បន្ន ប្រការនេះមានសារៈសំខាន់ខ្លាំងណាស់ ហើយក្លាយជាមេរៀនដ៏មានតម្លៃសម្រាប់ប្រទេសជាច្រើន។

វៀតណាមជាប្រទេសដែលស្រលាញ់សន្តិភាព។ នៅក្នុងគោលនយោបាយ “៤ មិន” របស់វៀតណាមបានសង្កត់ធ្ងន់លើគោលការណ៍មិនចងសម្ព័ន្ធជាមួយប្រទេសមួយដើម្បីប្រឆាំងនឹងប្រទេសមួយទៀត។ នេះរឹតតែសំខាន់នៅក្នុងបរិបទនៃស្ថានភាពសន្តិសុខក្នុងតំបន់ដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។ ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណចំពោះរាល់អ្វីដែលវៀតណាមបានធ្វើនាពេលកន្លងមក សូមអរគុណចំពោះការរួមចំណែកយ៉ាងសកម្ម និងការទទួលខុសត្រូវរបស់វៀតណាមចំពោះសកម្មភាពរបស់ WPC ជាពិសេស និងចលនាសន្តិភាពពិភពលោកនិយាយរួម។

អ្នកយកព័ត៌មាន៖ តើលោកវាយតម្លៃអំពីការត្រៀមរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះរបស់ម្ចាស់ផ្ទះវៀតណាមយ៉ាងដូចម្តេច? តើលោកមានចំណាប់អារម្មណ៍យ៉ាងណាពេលមកវៀតណាមលើកនេះ?

លោក Athanasios Pafilis៖ ខ្ញុំបានទៅប្រទេសវៀតណាម ៧ ដងហើយ។ រាល់ពេលដែលខ្ញុំមកទីនេះ ខ្ញុំឃើញការរីកចម្រើនរបស់ប្រទេសជាតិនេះ ទាំងសេដ្ឋកិច្ច និងសង្គម។ ជាការពិតណាស់ វៀតណាមតែងតែរក្សាបានបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍយ៉ាងរឹងមាំ។ ជាពិសេស ទីក្រុងហាណូយ ដែលជាបេះដូងរបស់វៀតណាម គឺជានិមិត្តរូបនៃសន្តិភាព ដែលអង្គការយូណេស្កូ លើកតម្កើងថាជា “ទីក្រុងសម្រាប់សន្តិភាព”។ ប្រការនោះកាន់តែសំខាន់ដល់សព្វថ្ងៃដែលជួយប្រទេសឱ្យទទួលបានជោគជ័យជាច្រើនលើគ្រប់វិស័យ។

ក្រៅពីធ្វើជាអគ្គលេខាធិការ WPC ខ្ញុំក៏ជាសមាជិកនៃសមាគមមិត្តភាពក្រិក-វៀតណាមផងដែរ។ ខ្ញុំតែងតែខិតខំជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរក្រិក និងវៀតណាម។

ដើម្បីវាយតម្លៃការរៀបចំសម្រាប់ព្រឹត្តិការណ៍នេះ ខ្ញុំមិនដឹងថាត្រូវប្រើពាក្យអ្វីក្រៅពីនិយាយថា៖ “អ្វីគ្រប់យ៉ាងគឺអស្ចារ្យណាស់!”។

អ្នកយកព័ត៌មាន៖ តើលោកវាយតម្លៃយ៉ាងណាចំពោះការរួមចំណែករបស់គណៈកម្មាធិការសន្តិភាពវៀតណាមនិយាយដោយឡែក និងវៀតណាមជាទូទៅចំពោះ WPC ក៏ដូចជាគោលដៅនៃសន្តិភាពពិភពលោក?

លោក Athanasios Pafilis៖ គណៈកម្មាធិការសន្តិភាពវៀតណាម គឺជាសមាជិកដែលមានការទទួលខុសត្រូវ ដែលតែងតែលើកកម្ពស់សន្តិភាព។ ប្រហែលជាផ្តើមចេញពីការពិតនៃប្រទេសកាលពីអតីតកាល បានជាសេចក្តីប្រាថ្នាចង់បានសន្តិភាព និងការប្រឆាំងសង្រ្គាមតែងតែហូរក្នុងឈាមរបស់ប្រជាជនវៀតណាម។

នៅក្នុងសន្និសីទ WPC ទាំងអស់ វៀតណាមសុទ្ធតែបានចូលរួមប្រកបដោយការទទួលខុសត្រូវខ្ពស់ គាំទ្រក្រុមប្រឹក្សាជំរុញចលនាដើម្បីសន្តិភាព។ យើងសូមកោតសរសើរយ៉ាងខ្លាំង។

អ្នកយកព័ត៌មាន៖ ក្នុងមុខតំណែងរបស់លោក តើលោកមានផែនការអ្វីខ្លះនៅពេលខាងមុខ ដើម្បីរួមដំណើរ និងឈរក្បែរគ្នាជាមួយវៀតណាម ដើម្បីរក្សាគោលដៅនៃសាមគ្គីភាព ដើម្បីសន្តិភាព យុត្តិធម៌ ឯករាជ្យជាតិ និងបូរណភាពទឹកដី?

លោក Athanasios Pafilis៖ ក្នុងរាល់ការតស៊ូរំដោះជាតិ និងការពារមាតុភូមិរបស់វៀតណាម មនុស្សរាប់លាននាក់ជុំវិញពិភពលោកបានក្រោកឈរឡើងដើម្បីគាំទ្រវៀតណាម និងគាំទ្រយុត្តិធម៌ ។ បច្ចុប្បន្ននេះ សង្គ្រាមបានបញ្ចប់ទៅហើយ ប៉ុន្តែប្រជាជនវៀតណាមរាប់លាននាក់នៅតែទទួលរងនូវផលវិបាកយ៉ាងធ្ងន់ធ្ងរនៃសារធាតុពណ៌ទឹកក្រូច/ឌីអុកស៊ីត។

ខ្ញុំដឹងថា វៀតណាមកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីគាំទ្រ និងជួយជនរងគ្រោះដោយជាតិគីមីពុលពណ៌ទឹកក្រូច/ឌីអុកស៊ីត ឱ្យមានជីវិតខាងសម្ភារៈ និងស្មារតីរបស់ពួកគេប្រសើរឡើងបន្តិចម្តងៗ។ នាពេលខាងមុខ យើងក៏មានគម្រោងជួយដល់សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌ទឹកក្រូច/ឌីអុកស៊ីតវៀតណាម ដោយមានបំណងចង់ចែករំលែក និងកាត់បន្ថយការឈឺចាប់ដែលពួកគេត្រូវស៊ូទ្រាំ។

អ្នកយកព័ត៌មាន៖ អរគុណច្រើន!

បកប្រែដោយ Minh Trung