អ្នកយកព័ត៌មាន៖ តើលោករដ្ឋមន្រ្តីអាចចែករំលែកអំពីសារៈសំខាន់នៃដំណើរទស្សនកិច្ចផ្លូវការនេះរបស់លោក Nguyen Phu Trong អគ្គលេខាបក្សទេ?

លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេស៖ ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន របស់លោក Nguyen Phu Trong អគ្គលេខាបក្ស គឺជាព្រឹត្តិការណ៍ដ៏សំខាន់ជាពិសេសសម្រាប់វៀតណាម និងចិន ដែលទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីប្រទេសទាំងពីរ និងមតិអន្តរជាតិ។ ដំណើរទស្សនកិច្ចនេះទទួលបានជោគជ័យយ៉ាងធំធេងលើគ្រប់ទិដ្ឋភាព នេះជាសកម្មភាពទំនាក់ទំនងបរទេសផ្ទាល់ជាផ្លូវការលើកដំបូងរវាងថ្នាក់ដឹកនាំកំពូលនៃបក្ស និងប្រទេសទាំងពីរបន្ទាប់ពីការផ្ទុះឡើងនៃជំងឺរាតត្បាត Covid-19 និងជាដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស បន្ទាប់ពីមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម។ លោក Nguyen Phu Trong គឺជាមេដឹកនាំបរទេសខ្ពស់បំផុតដំបូងគេដែលគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងលោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន ទទួលស្វាគមន៍ភ្លាមៗបន្ទាប់ពីមហាសន្និបាតលើកទី ២០ នៃបក្សកុម្មុយនិស្តចិន។ ប្រការនេះបានបង្ហាញពីការគោរពគ្នាទៅវិញទៅមករវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ជាពិសេសការគោរពរបស់បក្ស រដ្ឋាភិបាល និងប្រជាជនចិន និងខ្លួនលោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនផ្ទាល់ ចំពោះលោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម។

ក្នុងបរិបទនៃការអភិវឌ្ឍដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបានក្នុងពិភពលោក និងតំបន់នោះ ដំណើរការផ្លាស់ថ្មី ការធ្វើកំណែទម្រង់ ការបើកទូលាយ និងការកសាងសង្គមនិយមនៅក្នុងប្រទេសនីមួយៗបានឈានចូលដំណាក់កាលថ្មីមួយ ដូច្នេះហើយបានជាដំណើរទស្សនកិច្ចនៅប្រទេសចិនលើកនេះរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស ពិតជាមានសារៈសំខាន់ណាស់ ជួយពង្រឹង និងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិន ក្នុងដំណាក់កាលថ្មី ពង្រឹងទំនុកចិត្តនយោបាយ រួមចំណែកបង្កើតមូលដ្ឋានគ្រឹះនយោបាយរឹងមាំ និងជំរុញកិច្ចសហប្រតិបត្តិការសំខាន់ៗលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រជាជនទាំងពីរវៀតណាម និងចិន។ ដំណើរទស្សនកិច្ចនេះបានរួមចំណែកបង្ហាញថា បក្ស និងរដ្ឋវៀតណាម តែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ក្នុងការកសាង និងអភិវឌ្ឍទំនាក់ទំនងល្អជាមួយបក្ស រដ្ឋ និងប្រជាជនចិន ដើម្បីផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៃពិភពលោក និងតំបន់។ ដំណើរទស្សនកិច្ចនេះក៏មានគោលបំណងអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ការធ្វើពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្មសកម្ម និងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម។ គឺជាមិត្ត ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកដែលមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ។

leftcenterrightdel
លោក Nguyen Phu Trong អគ្គលេខាបក្សទទួលគ្រឿងឥស្សរិយយសមេត្រីភាពនៃសាធារណរដ្ឋប្រជាមានិតចិនដែលត្រូវបានជូនដោយលោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន

អ្នកយកព័ត៌មាន៖ តើអ្វីៗជាលទ្ធផលជាក់លាក់ដែលភាគីទាំងពីរសម្រេចបានក្នុងដំណើរទស្សនកិច្ចរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស?

លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេស៖ នេះគឺជាព្រឹត្តិការណ៍នយោបាយបរទេសដ៏សំខាន់ជាពិសេសសម្រាប់បក្សទាំងពី និងប្រទេសទាំងពីរ។  តាមរយៈដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានបង្កើននូវចំណងមិត្តភាព ការជឿទុកចិត្តខាងនយោបាយ និងការយោគយល់គ្នាទៅវិញទៅមក រួមចំណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងសាមគ្គីភាពរវាងវៀតណាម និងចិនឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងចិន។

ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមមួយដែលមាន ១៣ ចំណុច ក្នុងនោះមានទាំងខ្លឹមសារមានលក្ខណៈយុទ្ធសាស្ត្រតម្រង់ទិសសម្រាប់ការអភិវឌ្ឍទំនាក់ទំនងនៃប្រទេសទាំងពីរលើគ្រប់វិស័យនាពេលខាងមុខ។ ភាគីទាំងពីរ បានឯកភាពបន្តពង្រឹង និងពង្រីកភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិន ក្រោមបាវចនា ១៦ ពាក្យ “អ្នកជិតខាងជាមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង និងឆ្ពោះទៅរកអនាគត” និងស្មារតីល្អទាំង ៤ “អ្នកជិតខាងល្អ មិត្តល្អ សមមិត្តល្អ ដៃគូល្អ”។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានឈានដល់ការឯកភាពលើខ្លឹមសារកិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើន ដូចជាការជំរុញការតភ្ជាប់រវាងក្របខ័ណ្ឌ “ច្រករបៀងពីរ ខ្សែក្រវាត់មួយ” និងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ពន្លឿនវឌ្ឍនភាពនៃការបើកទីផ្សារផលិតផលកសិកម្ម-រុក្ខាប្រមាញ់-នេសាទមួយចំនួនរបស់វៀតណាម បើកការិយាល័យពាណិជ្ជកម្មវៀតណាម នៅប្រទេសចិន។ ភាគីទាំងពីរមានឆន្ទៈបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរ ពង្រឹងការវិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោក និងផ្លូវដែក។ លើសពីនេះ ភាគីទាំងពីរក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការខិតខំប្រឹងប្រែងកាត់បន្ថយអតុល្យភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ស្វែងរកដំណោះស្រាយដើម្បីដោះស្រាយរាល់ការកកស្ទះនៅតាមច្រកទ្វារព្រំដែន ព្រមទាំងធានាបាននូវសុវត្ថិភាពសម្រាប់ការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19  ខណៈពេលដែលរក្សាបាននូវការបោសសម្អាតគយប្រកបដោយភាពអនុគ្រោះ។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពថា ការគ្រប់គ្រងឱ្យបានត្រឹមត្រូវនូវការខ្វែងគំនិតគ្នា និងការរក្សាសន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើតមានសារៈសំខាន់ខ្លាំង ហើយបានឯកភាពបន្តជំរុញការអនុវត្តយ៉ាងទូលំទូលាយ និងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ដោយឈរលើមូលដ្ឋាននៃការពិគ្រោះយោបល់ និងការឯកភាព ហើយឆាប់ៗសម្រេចបាននូវក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។

ក្នុងឱកាសនេះ ក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៃភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការលើច្រើនវិស័យចំនួន ១៣។ នេះជាមូលដ្ឋានសម្រាប់ក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៃប្រទេសទាំងពីរសហការប្រកបដោយប្រសិទ្ធភាពក្នុងឆ្នាំបន្តបន្ទាប់ រួមចំណែកអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិន ប្រកបដោយស្ថិរភាព រឹងមាំ ចីរភាព ដើម្បីផលប្រយោជន៍រួម។

អ្នកយកព័ត៌មាន៖ លទ្ធផលសំខាន់មួយនៃដំណើរទស្សនកិច្ចនេះគឺភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម និងចុះហត្ថលេខាលើឯកសារសំខាន់ៗ។ ដូច្នេះដើម្បីអនុវត្តឱ្យបានល្អនូវលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការនេះ តើភាគីទាំងពីរនឹងចាត់វិធានការជាក់លាក់អ្វីខ្លះនាពេលខាងមុខ?

លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេស៖ “សេចក្តីថ្លែងការណ៍រួមស្តីពីការបន្តជំរុញ និងធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ចិន” និងឯកសារកិច្ចសហប្រតិបត្តិការចំនួន ១៣ បានឆ្លុះបញ្ចាំងយ៉ាងស្មោះត្រង់ និងរស់រវើកអំពីជំហរក៏ដូចជាកម្រិតនៃភាពស្អិតរមួតក្នុងទំនាក់ទំនងវៀតណាម-ចិន។ ប្រការនេះអះអាងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ភាគីទាំងពីរក្នុងការបន្តជំរុញ និងធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅនាពេលខាងមុខ។

ខ្ញុំជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងការអនុវត្តយ៉ាងពេញលេញ ទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពនៃការយល់ឃើញរួមកម្រិតខ្ពស់ និងលទ្ធផលសំខាន់ៗដែលសម្រេចបាន ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិនរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស នោះ ទំនាក់ទំនងទ្វេភាគីមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម និងចិន នឹងបន្តមានជំហានអភិវឌ្ឍន៍កាន់តែខ្លាំងក្លានាពេលខាងមុខដូចបំណងប្រាថ្នារបស់អគ្គលេខាបក្សទាំងពីរគឺចង់ធ្វើឱ្យទំនាក់ទំនងទ្វេភាគីឈានចូលដំណាក់កាលអភិវឌ្ឍថ្មីមួយជាមួយការជឿទុកចិត្តខាងនយោបាយកាន់តែខ្ពស់ កិច្ចសហប្រតិបត្តិការកាន់តែសំខាន់ មូលដ្ឋានគ្រឹះសង្គមកាន់តែរឹងមាំ និងការគ្រប់គ្រងការខ្វែងគំនិតគ្នាកាន់តែប្រសើរឡើង។

អ្នកយកព័ត៌មាន៖ អរគុណច្រើនលោករដ្ឋមន្ត្រី!

បកប្រែដោយ Minh Trung