កាលពីជាង ៤៥ ឆ្នាំមុន នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ១៩៧៧ វៀតណាមបានចូលជាសមាជិកពេញសិទ្ធក្នុងអង្គការសហប្រជាជាតិ ជាអង្គការដែលដើរតួនាទីជាមជ្ឈភាពក្នុងការបង្កើតច្បាប់អន្តរជាតិ ការថែរក្សាសន្តិភាព ការការពារជម្លោះ និងការឆ្លើយតបនឹងបញ្ហាប្រឈមសកល។ បន្ទាប់ពីចូលជាសមាជិកអង្គការសហប្រជាជាតិ វៀតណាមបានឆ្លៀតយកការស្រុះចិត្ត និងគាំទ្រពីបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ដើម្បីឲ្យមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៣២ (ឆ្នាំ១៩៧៧) អនុម័តសេចក្តីសម្រេចចិត្តចុះលេខ ៣២/២ អំពាវនាវឱ្យបណ្តាប្រទេស និងអង្គការអន្តរជាតិ ផ្ដល់ជំនួយជួយឧបត្ថម្ភវៀតណាមកសាងឡើងវិញក្រោយសង្គ្រាម។ វៀតណាមក៏បានឆ្លៀតយកជំនួយផ្នែកហិរញ្ញវត្ថុ ខួរក្បាល និងបច្ចេកទេសពីអង្គការសហប្រជាជាតិ ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។

ជាសញ្ញាកត់សំគាល់សំខាន់ដែលជាសក្ខីកម្មពីការរួមដំណើររវាងវៀតណាម និងអង្គការសហប្រជាជាតិក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ គឺវៀតណាមបានសម្រេចប្រកបដោយជោគជ័យនូវភារកិច្ចជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០០៨-២០០៩។ នេះជាលើកដំបូងដែលវៀតណាមបានចូលរួមក្នុងស្ថាប័នដ៏សំខាន់បំផុតរបស់អង្គការសហប្រជាជាតិសម្រាប់សន្តិភាព និងសន្តិសុខអន្តរជាតិក្នុងបរិបទដែលក្រុមប្រឹក្សាសន្តិសុខត្រូវដោះស្រាយបញ្ហាជាច្រើនដោយសារតែការលេចចេញនូវបញ្ហាសន្តិសុខដ៏ស្មុគស្មាញជាច្រើន រួមទាំងបញ្ហាប្រឈមសន្តិសុខពិភពលោកថ្មីៗ និងផលប៉ះពាល់អវិជ្ជមាននៃវិបត្តិសេដ្ឋកិច្ច-ហិរញ្ញវត្ថុសកលធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោកទំនើប។

leftcenterrightdel
ទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) (រូបថត៖ អង្គការសហប្រជាជាតិ)

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រភពសម្រាប់ការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអង្គការសហប្រជាជាតិបានបន្តបំផុសឡើង។ វៀតណាមបានចូលរួមយ៉ាងសកម្ម មានទំនួលខុសត្រូវ និងរួមចំណែកយ៉ាងជាក់ស្តែង និងទូលំទូលាយលើគ្រប់វិស័យនៃសកម្មភាពសសរស្តម្ភរបស់អង្គការសហប្រជាជាតិ។ ភាគីទាំងពីរបានបញ្ចប់ផែនការយុទ្ធសាស្ត្ររួមដំណាក់កាល ២០១៧-២០២១ រវាងវៀតណាម និងអង្គការសហប្រជាជាតិ ក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមអង្គការសហប្រជាជាតិតែមួយ ដែលបានចុះហត្ថលេខាកាលពីខែកក្កដា ឆ្នាំ២០១៧ ដោយផ្តោតសំខាន់លើគោលដៅជួយឧបត្ថម្ភរដ្ឋាភិបាលវៀតណាមក្នុងការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដំណាក់កាល ២០១៦-២០២០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ វៀតណាមក៏បានអនុម័តលើកម្មវិធីជាតិដោយសហការជាមួយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) មូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ (UNFPA) និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ដំណាក់កាល ២០២២-២០២៦ និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពវៀតណាម-អង្គការសហប្រជាជាតិ ដំណាក់កាល ២០២២-២០២៦។

វៀតណាមបានបន្តចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់អង្គការសហប្រជាជាតិក្នុងការដោះស្រាយបញ្ហាសន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងលើកកម្ពស់សិទ្ធិមនុស្ស។ វៀតណាមបានរួមចំណែកយ៉ាងសកម្ម និងជាក់ស្តែងក្នុងសកម្មភាពរបស់អង្គការសហប្រជាជាតិ រួមទាំងការលើកកំពស់តួនាទីរបស់អង្គការសហប្រជាជាតិ និងពហុភាគីនិយម ជំរុញការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ ទំនាក់ទំនងសមភាព កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងបណ្តាប្រទេស និងសិទ្ធិសម្រេចដោយខ្លួនឯងរបស់បណ្តាប្រជាជាតិ; ប្រឆាំងអំពើគាបសង្កត់ ការឈ្លានពាន ការហ៊ុមព័ទ្ធជាឯកតោភាគីក្នុងទំនាក់ទំនងអន្តរជាតិ; ចូលរួមចំណែកក្នុងដំណើរការពិភាក្សា និងអនុម័តលើសេចក្តីសម្រេចចិត្ត និងសេចក្តីប្រកាសសំខាន់ៗជាច្រើនរបស់អង្គការសហប្រជាជាតិស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការរំសាយអាវុធ ការប្រឆាំងការរីកសាយនៃអាវុធប្រល័យលោក ការប្រឆាំងភេរវកម្ម ការធានាសិទ្ធិមនុស្ស។ ក្នុងវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ វៀតណាមបានបញ្ជូននាយទាហានរាប់រយនាក់ទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងនាយកដ្ឋានរក្សាសន្តិភាពនៅទីស្នាក់ការអង្គការសហប្រជាជាតិ; ដាក់ពង្រាយកងពេទ្យកំរិត២ ចំនួន ៤ ដងទៅកាន់ស្ថានបេសកកម្មស៊ូដង់ខាងត្បូង និងក្រុមវិស្វករចំនួន ១ ក្រុម ទៅកាន់ស្ថានបេសកកម្មសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅក្នុងតំបន់ Abyei (UNISFA)។

ជាពិសេស វៀតណាមបានបញ្ចប់ប្រកបដោយជោគជ័យនូវមុខតំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១ បង្ហាញពីទំនួលខុសត្រូវខ្ពស់ និងការរួមចំណែកផ្ទាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ និងតំបន់; បន្តកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយយន្តការអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស។

ជាមួយនឹងការរួមវិភាគទានជាវិជ្ជមានទាំងនោះ វៀតណាមត្រូវបានបោះឆ្នោតជ្រើសតាំងឱ្យកាន់តំណែង និងចូលស្ថាប័នសំខាន់ៗជាច្រើនរបស់អង្គការសហប្រជាជាតិ និងត្រូវបានវាយតម្លៃខ្ពស់។ នាពេលថ្មីៗនេះ វៀតណាមត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ អាណត្តិ ២០២៣-២០២៥។

ទំនាក់ទំនងវៀតណាម-អង្គការសហប្រជាជាតិក៏ត្រូវបានបញ្ជាក់ជាថ្មីម្តងទៀតក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19 នៅពេលដែលវៀតណាមទទួលបានវ៉ាក់សាំងជាង ៦១.៧ លានដូសតាមរយៈកម្មវិធី COVAX និងការផ្តល់សម្ភារៈបរិក្ខារពេទ្យ ដែលមានតម្លៃ ៤៥ លានដុល្លារពីអង្គការនានារបស់អង្គការសហប្រជាជាតិ។

ក្រឡេកមើលទៅរយៈពេល ៤៥ ឆ្នាំកន្លងមក ទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម-អង្គការសហប្រជាជាតិបានរួមចំណែកយ៉ាងសំខាន់ក្នុងការការពារ និងលើកកម្ពស់ផលប្រយោជន៍ជាតិរបស់វៀតណាម ជាពិសេសការរក្សា និងពង្រឹងបរិយាកាសសន្តិភាព សន្តិសុខ និងអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ; ជំរុញការធ្វើសមាហរណកម្មអន្តរជាតិឲ្យកាន់តែស៊ីជម្រៅ រួមចំណែកលើកកំពស់ឋានៈ និងរូបភាពរបស់វៀតណាមលើឆាកអន្តរជាតិ។

ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បង្ហាញពីសារដ៏រឹងមាំនៃសារៈសំខាន់របស់អង្គការសហប្រជាជាតិចំពោះទំនាក់ទំនងភាពជាដៃគូរវាងវៀតណាម និងអង្គការសហប្រជាជាតិ។ ដំណើរទស្សនកិច្ចនេះក៏បើកឱកាសសម្រាប់ភាគីទាំងពីរជំនះពុះពារលើចំណុចខ្វះខាតដែលនៅសេសសល់ ពង្រីកនិងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ដោយហេតុនោះជួយយ៉ាងសកម្មដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ ការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម និងរួមចំណែកលើកកំពស់តួនាទីរបស់អង្គការសហប្រជាជាតិ៕

បកប្រែដោយ Huyen Trang