អ្នកយកព័ត៌មាន៖ តើលោកប្រធានរដ្ឋ វាយតម្លៃអំពីសារៈសំខាន់ នៃទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវយ៉ាងណាដែរ?

លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម៖ វៀតណាម និងឡាវ គឺជាប្រទេសជិតខាង ជិតស្និទ្ធគ្នាដូចជាកូនភ្លោះ ចែកគ្នាដោយជួរភ្នំតែមួយ ចែករំលែកទន្លេមេគង្គតែមួយ មានទំនាក់ទំនងជាប្រពៃណី និងយូរអង្វែង។ ប្រជាជននៃប្រទេសទាំងពីរចាត់ទុកគ្នាជាបងប្អូនបង្កើត តែងតែចែករំលែក គាំទ្រ និងជួយគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈ។

ពីការរួបរួមគ្នាដោយសារលក្ខណៈធម្មជាតិ ក៏ដូចជាប្រវត្តិសាស្រ្តរបស់ប្រជាជនទាំងពីរដែលមានបំណងប្រាថ្នាដូចគ្នាដើម្បីទទួលបានឯករាជ្យជាតិ និងសេរីភាព និងក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តឥណ្ឌូចិន ដែលជាបុព្វបុរសនៃបក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ នាពេលបច្ចុប្បន្ននេះ ដោយមានឆន្ទៈបដិវត្តន៍ដ៏មុតមាំ ប្រជាជនវៀតណាម និងឡាវបានក្រោកឈរឡើងដើម្បីប្រយុទ្ធដណ្តើមអំណាចនៅឆ្នាំ១៩៤៥ និងបង្កើតឡើងសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមនៅថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៤៥ និងរដ្ឋឡាវ Issara នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ១៩៤៥ ។

ជ័យជំនះដ៏ត្រចះត្រចង់នៃបដិវត្តន៍ឡាវជាពិសេស និងសម្ព័ន្ធភាពប្រយុទ្ធវៀតណាម-ឡាវ ជាទូទៅ ក្នុងប៉ុន្មានឆ្នាំបន្ទាប់បាននាំទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវស្តីពីឡាវ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ១៩៦២ ដោយទទួលស្គាល់ឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសឡាវ។ ពីរខែក្រោយមក គឺនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ១៩៦២  វៀតណាម និងឡាវ បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។ នេះជាព្រឹត្តិការណ៍សម្គាល់ដំណាក់កាលអភិវឌ្ឍន៍ថ្មីនៃទំនាក់ទំនងប្រទេសទាំងពីរក្នុងយុគសម័យទំនើប។ ចាប់តាំងពីពេលនោះមក សម្ព័ន្ធមិត្តប្រយុទ្ធរបស់កងទ័ព និងប្រជាជនវៀតណាម និងឡាវ ត្រូវបានរឹតបន្តឹងកាន់តែខ្លាំងឡើងទាំងផ្នែកយោធា និងការទូត។

ឈានចូលដំណាក់កាលថ្មី ប្រឈមមុខនឹងតម្រូវការ និងបញ្ហាប្រឈមនានានៃការសាងសង់ និងអភិវឌ្ឍក្នុងប្រទេសនីមួយៗ ដោយឈរលើការយល់ដឹងយ៉ាងស៊ីជម្រៅអំពីអត្ថន័យនិងសារៈសំខាន់នៃទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវ។ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩៧៧ ភាគីទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយបញ្ជាក់ពីសាមគ្គីភាព និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះកិច្ចសហប្រតិបត្តិការ ការគាំទ្រ និងជំនួយទៅវិញទៅមក។

ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមកនេះ សន្ធិសញ្ញានេះបានក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃ និងមានសារៈសំខាន់បំផុតដែលជាមូលដ្ឋានច្បាប់ដ៏រឹងមាំសម្រាប់ប្រទេសទាំងពីរក្នុងការពង្រីកឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ សន្ធិសញ្ញានេះក៏ជាមូលដ្ឋានសម្រាប់ប្រទេសទាំងពីរចុះហត្ថលេខាលើឯកសារនៃកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់លើគ្រប់វិស័យនយោបាយ កិច្ចការបរទេស សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ និងបណ្តុះបណ្តាល...

អាចនិយាយបានថា ទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវ ត្រូវបានដាក់មូលដ្ឋានគ្រឹះដោយលោកប្រធានហូជីមិញ និងលោកប្រធាន Kaysone Phomvihane និងលោកប្រធាន Souphanouvong ហើយបានកសាងឡើងដោយញើស និងឈាមរបស់ថ្នាក់ដឹកនាំជាច្រើនជំនាន់ និងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ ហើយបានក្លាយជាគំរូល្អៗនៃភាពស្មោះត្រង់ ភាពបរិសុទ្ធ និរន្តរភាព “មានតែមួយគត់” ក្នុងទំនាក់ទំនងរវាងបណ្តាប្រទេសជាតិ។

leftcenterrightdel
លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម (រូបថត៖ vnanet.vn)

អ្នកយកព័ត៌មាន៖ តើលោកប្រធានរដ្ឋអាចឱ្យដឹងអំពីសមិទ្ធផលលេចធ្លោបំផុតក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងចំណុចសំខាន់ៗនាពេលថ្មីៗនេះបានទេ?

លោក Nguyen Xuan Phuc ប្រធានរដ្ឋ៖ ក្នុងរយៈពេល ៦០ ឆ្នាំកន្លងមកនេះ ថ្វីត្បិតតែស្ថានភាពពិភពលោក និងតំបន់មានការផ្លាស់ប្ដូរស្មុគស្មាញ គុណសម្បត្តិ និងបញ្ហាប្រឈមជាច្រើនក៏ដោយ ប៉ុន្តែយើងអាចបញ្ជាក់បានថា ទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពដ៏អស្ចារ្យពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវបាននិងកំពុងអភិវឌ្ឍឥតឈប់ឈរ  កាន់តែទូលំទូលាយ ជាក់ស្តែង និងមានប្រសិទ្ធភាព។

ទំនាក់ទំនងខាងនយោបាយ-កិច្ចការបរទេស ត្រូវបានភ្ជាប់ស្អិតរមួត និងការជឿទុកចិត្តកាន់តែខ្លាំងជាមួយនឹងការផ្លាស់ប្តូរគណៈប្រតិភូ ការជួបជុំទំនាក់ទំនងកម្រិតខ្ពស់ និងទៀងទាត់នៅគ្រប់បណ្តាញទាំងអស់។ ភាគីទាំងពីរខិតខំរក្សា និងលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការទ្វេភាគីនៅគ្រប់កម្រិត គ្រប់វិស័យ និងមូលដ្ឋាន សម្របសម្រួលនិងអនុវត្តឱ្យបានល្អនូវកិច្ចព្រមព្រៀងនៅគ្រប់កម្រិតជាន់ថ្នាក់។ ការសម្របសម្រួលជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីបានរួមចំណែកការពារផលប្រយោជន៍ លើកកំពស់កិត្យានុភាព និងជំហររបស់ប្រទេសនីមួយៗក្នុងតំបន់ និងក្នុងពិភពលោក។

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខត្រូវបានលើកតម្កើងឥតឈប់ឈរ បន្តជាសសរស្តម្ភសំខាន់មួយក្នុងទំនាក់ទំនងពិសេសវៀតណាម-ឡាវ រួមចំណែកធានាយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសនីមួយៗ ព្រមទាំងបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍ។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសម្រេចបានលទ្ធផលវិជ្ជមានជាច្រើននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន និងអាជីវកម្មនៃភាគីទាំងពីរ។ ទំហំពាណិជ្ជកម្មទ្វេភាគីថ្មីៗនេះកំពុងកើនឡើងក្នុងអត្រាពីរខ្ទង់ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២២ បានកើនឡើងដល់ជាង ១ ពាន់លានដុល្លារអាមេរិក ដែលកើនឡើងជាង ២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រឈមមុខនឹងការរាតត្បាត Covid-19 ភាគីទាំងពីរបានផ្តល់ជំនួយដល់គ្នាទៅវិញទៅមកទាន់ពេលវេលា និងមានប្រសិទ្ធភាពក្នុងផ្នែកហិរញ្ញវត្ថុ បរិក្ខារពេទ្យ និងការគាំទ្រដល់ការទប់ស្កាត់ការរាតត្បាត។ល។

អគាររដ្ឋសភាឡាវថ្មី ដែលជាអំណោយរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ជូនបក្ស រដ្ឋ និងប្រជាជនឡាវ និងសម្ពោធដាក់ឲ្យប្រើប្រាស់នាឆ្នាំ២០២១ បានក្លាយទៅជានិមិត្តរូបមួយនៃទំនាក់ទំនង ជាពិសេសវៀតណាម-ឡាវ ក្នុងវិស័យ រយៈពេលថ្មី។ ការដែលកំពង់ផែអន្តរជាតិឡាវ-វៀតណាម នៅ Vung Ang ខេត្ត Ha Tinh បានចាប់ផ្តើមដំណើរការនាពេលថ្មីៗនេះ បានរួមចំណែកជួយឡាវមានផ្លូវទៅកាន់សមុទ្រ។ ទន្ទឹមនឹងនោះ គម្រោងកិច្ចសហប្រតិបត្តិការនានាដែលបង្កប់នូវចំណងមិត្តភាពវៀតណាម-ឡាវ បាននិងកំពុងលេចចេញជារូបរាងកាន់តែច្រើនឡើងនៅក្នុងប្រទេសឡាវស្រស់បំព្រង...

អ្នកយកព័ត៌មាន៖ តើលោកប្រធានរដ្ឋចង់ឃើញ ការអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវនាពេលខាងមុខយ៉ាងដូចម្តេច?

លោក Nguyen Xuan Phuc ប្រធានរដ្ឋ៖ ខ្លួនខ្ញុំផ្ទាល់ ក្នុងមុខតំណែងជាច្រើនហើយបានឆ្លងច្រើនឆ្នាំបាន រួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ឡាវ។ ដោយក្តីស្រឡាញ់ ទឹកចិត្តយ៉ាងជ្រាលជ្រៅចំពោះប្រទេសជាបងប្អូនឡាវ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ខ្ញុំតែងតែប្រាថ្នា និងជឿជាក់ថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវនឹងបន្តទទួលបានការពូនជ្រំ រីកចម្រើនជាផ្លែផ្កានាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ដោយមានមូលដ្ឋានរឹងមាំនៃទំនាក់ទំនងដែលត្រូវបានសាកល្បង វៀតណាមនិងឡាវមានគុណសម្បត្តិ និងសក្តានុភាពដ៏អស្ចារ្យដើម្បីបង្កើនទំហំនៃកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងក្លា។ នោះទាមទារឱ្យភាគីទាំងពីរមានការប្តេជ្ញាចិត្តខ្ពស់ កិច្ចខិតខំប្រឹងប្រែងខ្លាំងក្លា និងបង្កើនប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការ។

ទីមួយ បន្តប្រពៃណីបដិវត្តន៍វីរភាពរបស់មនុស្សជំនាន់មុន រួមគ្នាថែរក្សានិងបន្តពង្រឹងសសរស្តម្ភនៃទំនាក់ទំនងនយោបាយដើម្បីតម្រង់ទិសទំនាក់ទំនងពិសេសវៀតណាម-ឡាវទាំងមូល ដោយឈរលើមូលដ្ឋានអនុវត្តការបង្កើតលទ្ធិម៉ាក្ស-លេនីន សតិអារម្មណ៍ហូជីមិញ និងលោក Kaysone Phomvihane។

ទីពីរ រួមជាមួយនឹងការខិតខំប្រឹងប្រែងលើកកំពស់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទៅជាសសរស្តម្ភសក្តិសមនៃទំនាក់ទំនងពិសេសវៀតណាម - ឡាវ មានផ្នត់គំនិតសហប្រតិបត្តិការថ្មីជាមួយនឹងវិធានការរឹងមាំជាច្រើន ទន្ទឹមនឹងនោះជំរុញធនធានផ្ទៃក្នុង និងបើកឱកាសថ្មីនូវកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងទូលំទូលាយ។

ទី៣ ឈរលើមូលដ្ឋាននយោបាយដែលអាចជឿទុកចិត្តបានបន្តពង្រឹងសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខដើម្បីរួមគ្នារក្សាបរិយាកាសសន្តិភាព ស្ថិរភាពនយោបាយ ការពារឯករាជ្យ និងអធិបតេយ្យភាពយ៉ាងម៉ឺងម៉ាត់ ទប់ស្កាត់រាល់ឧបាយកលនៃ “ការវិវត្តប្រកបដោយសន្តិភាព” ការប្រឆាំង និងការបំបែកទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ទី៤ ភាគីទាំងពីរបន្តពិចារណាលើវិស័យអប់រំ-បណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្សជាវិស័យកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយនឹងលក្ខណៈ “ទម្លាយភាពទាល់ច្រក” មិនត្រឹមតែបម្រើដល់តម្រូវការអភិវឌ្ឍរបស់ប្រទេសនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែករឹតបន្តឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរផងដែរ។

ជាចុងក្រោយ ភាគីទាំងពីរជំរុញការឃោសនា និងអប់រំអំពីប្រពៃណីនៃទំនាក់ទំនងពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ ដោយមានទម្រង់ចម្រុះ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព ផ្សារភ្ជាប់ជាមួយនឹងលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាក់លាក់ក្នុងជីវភាពរស់នៅដើម្បីឱ្យប្រជាជនគ្រប់រូប ជាពិសេសយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ ពង្រឹងការជឿជាក់ រួមដៃគ្នាថែរក្សា បណ្តុះ អភិវឌ្ឍ និងបន្តទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ។

ក្នុងបរិយាកាសដ៏រំភើបនៃ “ឆ្នាំមិត្តភាព និងសាមគ្គីភាពរវាងវៀតណាម - ឡាវ ឡាវ - វៀតណាមឆ្នាំ ២០២២” និងខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ យើងជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវជាបងប្អូន ទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវនឹងបន្តរួបរួម និងលើកកំពស់ខ្ពស់ថែមទៀត រក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកប្រធានរដ្ឋ!

បកប្រែដោយ Minh Trung