ហេតុដូច្នេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក វៀតណាមបានផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់សមភាពយេនឌ័រ និងសម្រេចបានសមិទ្ធផលមួយចំនួន។  ទោះជាយ៉ាងណាក៏ដោយនៅតែមានការលំបាកជាច្រើនដើម្បីអាចឆ្ពោះទៅរកសមភាព​យេនឌ័រពិតប្រាកដ ក្នុងនោះរួមទាំងបញ្ហាអំពីការវិនិយោគធនធានហិរញ្ញវត្ថុផងដែរ។

leftcenterrightdel
ស្ត្រីចូលរួមក្នុងវគ្គចាប់ផ្តើមអាជីវកម្ម និងអភិវឌ្ឍន៍អាជីវកម្មដែលរៀបចំដោយវិទ្យាស្ថានស្ត្រីវៀតណាម សហការជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី (UN Women)

លោក Nguyen Thu Giang នាយករងនៃវិទ្យាស្ថានអភិវឌ្ឍន៍សុខភាពសាធារណៈពន្លឺ បាននិយាយថា សមភាពយេនឌ័រគឺជាគោលដៅមួយក្នុងចំណោមគោលដៅដែលខិតខំប្រឹងប្រែងរបស់ប្រទេសនានាជុំវិញពិភពលោកឆ្ពោះទៅរកសង្គមរីកចម្រើន និងស្មើភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ សព្វថ្ងៃនេះ ជាមួយនឹងពិភពលោកសមាហរណកម្ម និងសាកលភាវូបនីយកម្ម ឋានៈ  និងសមត្ថភាពរបស់ប្រទេសជាទូទៅ ឬ របស់សាជីវកម្មមួយនិយាយដោយឡែកគឺវាមិនត្រឹមតែផ្អែកលើបណ្តាសូចនាករ តួលេខ និងកត្តាសេដ្ឋកិច្ចសុទ្ធសាធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើរាល់កត្តាដូចជា បរិស្ថាន ការអនុវត្តទំនួលខុសត្រូវសង្គម សមភាពយេនឌ័រទៀតផង។ ប៉ុន្មានឆ្នាំមកនេះ វៀតណាមសម្រេចបានសមិទ្ធផលមួយចំនួនអំពីសមភាពយេនឌ័រដោយជាប់ចំណាត់ថ្នាក់ទី ៨៧ ក្នុងចំណោមប្រទេសចំនួន ១៥៣ ទាក់ទងនឹងការបង្រួមគម្លាតយេនឌ័រ។

លោកស្រី Elisa Fernandez Saenz ប្រធានតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី (UN Women) ប្រចាំនៅវៀតណាម បានមានប្រសាសន៍ថា៖ ក្នុងបរិបទដែលវៀតណាមជាប្រទេសដែលមានប្រាក់ចំណូលមធ្យម ម្ចាស់ជំនួយជាច្រើនបានកាត់បន្ថយការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់សមភាពយេនឌ័រ បានជាការធានា និងការកៀរគរធនធានហិរញ្ញវត្ថុក្នុងស្រុកគឺជារឿងបន្ទាន់បំផុត។ ជាច្រើនឆ្នាំមកនេះ UN Women បានចលនា និងណែនាំនូវរាល់ឧបករណ៍ដើម្បីបញ្ចូលបញ្ហាសមភាពយេនឌ័រចូលក្នុងរាល់ផែនការ និងគោលនយោបាយហិរញ្ញវត្ថុជាតិ ដើម្បីធានាថា ការសន្យាខាងសមភាពយេនឌ័រត្រូវបានអនុវត្ត។

យោងតាមអ្នកជំនាញ បើទោះបីជាច្បាប់ថវិការដ្ឋឆ្នាំ ២០១៥ ត្រូវបានកែសម្រួលក៏ដោយក៏មានការផ្លាស់ប្ដូររីកចម្រើនសំខាន់ៗនៅពេលដាក់ចេញនូវគោលការណ៍លើកកម្ពស់សមភាពយេនឌ័រក្នុងការចំណាយថវិការដ្ឋ។ ទោះជាយ៉ាងណាក៏ដោយ ការលើកកម្ពស់ធនធានហិរញ្ញវត្ថុសម្រាប់បញ្ហាសមភាពយេនឌ័រនៅតែប្រឈមមុខនឹងការលំបាកជាច្រើនដូចជា៖ កង្វះការរៀបចំផែនការ និងថវិកា, កង្វះឧបករណ៍ ការណែនាំ វិធីសាស្រ្តទទួលបានថវិកា,  ការគ្មានទិន្នន័យបែងចែកភេទយេនឌ័រ…

បណ្ឌិត Vu Phuong Ly អ្នកជំនាញរបស់ UN Women ប្រចាំនៅវៀតណាមបានលើកឡើងថា  យើងចាំបាច់ត្រូវបង្កើតបទប្បញ្ញត្តិជាកាតព្វកិច្ចលើការអនុវត្តការវិភាគយេនឌ័រ ការបញ្ចូលបញ្ហាយេនឌ័រក្នុងដំណើរការរៀបចំការអនុវត្ត និងវាយតម្លៃផែនការ និងថវិការបស់គ្រប់ថ្នាក់ស្ថាប័ន។ ទន្ទឹមនឹងនោះ ពង្រឹងសមត្ថភាពខាងថវិកាប្រកបដោយទំនួលខុសត្រូវសម្រាប់បណ្តាភាគីពាក់ព័ន្ធ លើកកម្ពស់តួនាទីរបស់អង្គការសង្គមស៊ីវិល និងពង្រឹងភាពជាដៃគូសាធារណៈ និងឯកជន។ គ្រប់ក្រសួង ស្ថាប័ន និងមូលដ្ឋានចាំបាច់ត្រូវវាយតម្លៃផលប៉ះពាល់យេនឌ័រនៃគោលនយោបាយ និងថវិកាសម្រាប់រៀបចំផែនការ និងការបង្កើតគោលនយោបាយ។

បណ្ឌិត Vu Cuong មកពីមហាវិទ្យាល័យសេដ្ឋកិច្ច បានលើកឡើងថា ចាំបាច់ត្រូវតែដាក់បញ្ចូលនូវរាល់បទដ្ឋានយេនឌ័រក្នុងបទដ្ឋានគោលដៅផែនការផ្លូវការក្នុងរាល់សេចក្តីសម្រេចស្តីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់រដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។ តភ្ជាប់គោលដៅនិងបទដ្ឋានរបស់សមភាពយេនឌ័រ ជាមួយនឹងការបែងចែកថវិកានៅកម្រិតកម្មវិធី ឬ គម្រោងជាក់លាក់។ លើសពីនេះ ចាំបាច់ត្រូវធ្វើឱ្យការកំណត់គោលដៅយេនឌ័រ ឬការវាយតម្លៃផលប៉ះពាល់អំពីយេនឌ័រជាតម្រូវការចាំបាច់។ ហើយជាជំហានៗ បង្កើតប្រព័ន្ធតាមដាន កំណត់អត្តសញ្ញាណសម្រាប់រួមចំណែកដល់គោលដៅសមភាពយេនឌ័រនៅក្នុងរាល់សកម្មភាពចំណាយថវិការដ្ឋ៕

បកប្រែដោយ Minh Trung