នៅក្នុងបណ្តាកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់ ឆ្ពោះទៅរកគុណភាពក្នុងរាល់យន្តការនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា យន្តការអាស៊ានកំពុងដំណើរការប្រកបដោយប្រសិទ្ធភាពរួមចំណែកយ៉ាងសកម្មចំពោះទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា ក្រៅពីអាទិភាពលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម បណ្តាប្រទេសនានាគួរតែលើកកម្ពស់ទំនួលខុសត្រូវរបស់ខ្លួនចូលរួមក្នុងការកសាង ការធ្វើសមាហរណកម្ម និងការតភ្ជាប់ក្នុងតំបន់ ជាពិសេសគឺការបង្រួមគម្លាតអភិវឌ្ឍន៍រវាងប្រទេសទាំងអស់ និងកិច្ចសហប្រតិបត្តិការអនុតំបន់។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM-55) (រូបថត៖ vnanet.vn)

ទាក់ទិននឹងសមុទ្រខាងកើត វៀតណាមនិងបណ្តាប្រទេសអាស៊ានបានអះអាងជាថ្មីម្តងទៀតនូវគោលជំហររបស់ខ្លួនដូចក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកគឺខិតខំកសាងសមុទ្រខាងកើតទៅជាសមុទ្រសន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើពិភពលោក។ ឆ្ពោះទៅគោលដៅនេះ អាស៊ានអំពាវនាវឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់ ជៀសវាងធ្វើឱ្យស្ថានការណ៍ស្មុគស្មាញ និងដោះស្រាយជម្លោះដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។

* នារសៀលថ្ងៃទី៤ ខែសីហា លោករដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son បានបន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM-55) និងកិច្ចប្រជុំពាក់ព័ន្ធនានា រួមជាមួយនឹងបណ្តាប្រទេសអាស៊ានដើម្បីជួបជាមួយ សហរដ្ឋអាមេរិក ឥណ្ឌា អូស្ត្រាលី កាណាដា នូវែលសេឡង់ សហភាពអឺរ៉ុប (EU) និងសហព័ន្ធរុស្ស៊ី។ ក្រៅពីនោះ លោករដ្ឋមន្ត្រី Bui Thanh Son បានមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសចិន ជប៉ុន ឥណ្ឌា អូស្ត្រាលី សហភាពអឺរ៉ុប បង់ក្លាដែស ប៉ាគីស្ថាន។

រដ្ឋមន្ត្រីការបរទេសអាស៊ាន និងដៃគូអាស៊ានបានចំណាយពេលវេលាជាច្រើនដើម្បីពិនិត្យទៅលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងឯកភាពលើទិសដៅនាពេលខាងមុខ ហើយនិងផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពក្នុងតំបន់ និងអន្តរជាតិ។ អាស៊ានបានស្នើឱ្យគ្រប់ប្រទេសដៃគូបង្កើនគុណសម្បត្តិដែលនាំមកដោយភាពជាដៃគូយុទ្ធសាស្ត្រ និងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហការជាមួយអាស៊ានដើម្បីកសាងសហគមន៍ និងខិតខំរួមគ្នាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។

ចែករំលែកអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិ ប្រទេសនានាបានសម្តែងការព្រួយបារម្ភអំពីស្ថានការណ៍ដ៏ស្មុគស្មាញបច្ចុប្បន្ននេះ។ លោករដ្ឋមន្ត្រី Bui Thanh Son និងអាស៊ានបានអះអាងជាថ្មីម្តងទៀតនូវគោលជំហរជាប់លាប់ចំពោះបញ្ហាសមុទ្រខាងកើត មីយ៉ាន់ម៉ា អ៊ុយក្រែន ឧបទ្វីបកូរ៉េ ភាពតានតឹងរវាងប្រទេសធំៗ...អាស៊ានបានអះអាងឡើងវិញនូវគោលជំហររបស់ខ្លួន ហើយទន្ទឹមនឹងនោះបានអំពាវនាវឱ្យភាគីនានាគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ UNCLOS 1982 និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ ប្រទេស និងភាគីពាក់ព័ន្ធទាំងអស់គប្បីតែរក្សាការសន្ទនា កសាងទំនុកចិត្ត យកសន្តិភាពជាគោលដៅ កិច្ចសហប្រតិបត្តិការជាឧបករណ៍ គោរពនីតិរដ្ឋ អនុវត្តការអត់ធ្មត់ និងជៀសវាងការទុកឱ្យការខ្វែងគំនិតគ្នា ប្រែក្លាយទៅជាការប៉ះទង្គិចគ្នា។ល។

ក្នុងឱកាសនេះ រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ាន បានចេញសេចក្តីថ្លែងការណ៍ស្តីពីការវិវឌ្ឍនៅច្រកសមុទ្រតៃវ៉ាន់ ដោយសម្តែងការព្រួយបារម្ភអំពីហានិភ័យនៃអស្ថិរភាព ផលវិបាកធ្ងន់ធ្ងរ និងមិនអាចទាយទុកជាមុនបានសម្រាប់តំបន់។ សេចក្តីប្រកាសនេះបានអំពាវនាវឱ្យមានការអត់ធ្មត់ជាអតិបរមា ដោយអនុលោមតាមគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និង TAC។ ប្រទេសអាស៊ានបានអះអាងជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះគោលនយោបាយ "ចិនតែមួយ" លើកតម្កើងសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ការរួមរស់ដោយសន្តិភាព និងការប្រកួតប្រជែងប្រកបដោយស្មើភាព ដើម្បីជាប្រយោជន៍ដល់សន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព៕

បកប្រែដោយ Minh Trung